ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ លើក​ឡើង​អំពី​គំនិត​ពន្យារ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ខែវិច្ឆិកា


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ សំឡឹង​មើលទូរស័ព្ទ​របស់​លោក​ នៅពេលលោក​ ស្ថិត​នៅ​ក្នុង​បន្ទប់បរិភោគ​អាហារ​នៅ​ក្នុង​សេតវិមាន កាលពី​ទី១៨ ខែមិថុនាឆ្នាំ២០២០។ (AP)

លោក​ប្រធានាធិបតី​ មិន​មាន​អំណាច​​ប្តូរ​កាល​បរិច្ឆេទ​ការ​​បោះឆ្នោត​​​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុង​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទេ។ ថ្ងៃ​បោះឆ្នោត​នេះ​ ​នឹង​​ត្រូវ​កំណត់​ដោយ​​សភា​ជាតិ ក្រោម​អំណាច​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​ជា​លើក​ដំបូង​អំពី​គំនិត​នៃ​ការ​ពន្យារ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុងខែ​វិច្ឆិកា​ ដោយ​លោក​បាន​ចោទ​ដោយ​មិន​មាន​ភស្តុតាងថា ​ការ​បោះឆ្នោត​ដោយ​ផ្ញើ​សំបុត្រ​តាម​ប្រៃសណីយ៍ នឹង​នាំ​ឲ្យ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​កាន់​តែ​ខ្លាំង។​

លោក​ត្រាំបាន​សរសេរ​សារ​តាម Twitter កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ការ​បោះ​ឆ្នោត​ផ្ញើរ​តាម​ប្រៃ​សនីយ៍ទូទាំង​ប្រទេស នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០​នេះ ​ក្លាយជា​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​ និង​ក្លែង​បន្លំបំផុត​ក្នុង​ប្រវត្តិសាស្ត្រ»។

លោក​ប្រធានាធិបតី​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​បន្ថែម​ថា៖ «វា​នឹង​ក្លាយ​ជា​ភាព​អាម៉ាស់​ដ៏​ធំធេង​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។ ពន្យារ​ការ​បោះឆ្នោត​នេះ​រហូត​ដល់​ពលរដ្ឋ​អាច​បោះឆ្នោត​បាន​ត្រឹមត្រូវ ដោយ​សន្តិសុខ​និង​សុវត្ថិភាព???»

លោក​ប្រធានាធិបតី​ មិន​មាន​អំណាចប្តូរ​កាល​បរិច្ឆេទ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុង​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទេ។ ថ្ងៃ​បោះឆ្នោត​នេះ​ ​នឹងត្រូវ​កំណត់​ដោយសភា​ជាតិ ក្រោម​អំណាច​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក។

ទោះ​បីលោក​ត្រាំ​បាន​អះអាង​ពី​ការ​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្តី ក៏មក​ទល់​នឹង​ពេល​នេះ​ មិន​មាន​ភស្តុតាង​អំពី​ការ​បន្លំ​ជាទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ការ​បោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ទេ។ អ្នក​ជំនាញ​ខាង​សន្តិសុខ​ការ​បោះឆ្នោត​បន្ត​អះអាង​ថា ការ​បន្លំ​សន្លឹក​ឆ្នោតក្នុង​ទម្រង់​ណា​ក៏​ដោយ កម្រ​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក។

សារ​តាម​ Twitter របស់​លោក Trump បាន​នាំ​ឲ្យ​មាន​ការ​ថ្កោល​ពី​មន្ត្រី​នៃ​គណបក្សទាំង​ពីររបស់​អាមេរិក។

លោក Ari Fleischer អតីត​អ្នក​នាំពាក្យ​សេតវិមាន​ក្នុង​រដ្ឋបាល​លោក​អតីតប្រធានាធិបតី George W. Bush ពី​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថា​ គ្មាន​អ្នក​ណា​ម្នាក់​គួរ​លើក​ឡើង​ពី​គំនិត​នេះ​ទេ ជា​ពិសេស​ប្រធានាធិបតី។ លោក​ថា​ ប្រសិន​បើ​លោក​ជា​ប្រធានាធិបតី​ត្រាំវិញ «ខ្ញុំ​នឹង​លុប​ tweet នេះ​ឲ្យ​ឆាប់»។

លោក Tom Udall សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New Mexico ថ្លែង​ថា ការណ៍​ដែល​លោក​ប្រធានាធិបតី​បាន​លើក​ឡើង​អំពី​គំនិត​នេះ​ ជា​ការវាយប្រហារ​ធ្ងន់ធ្ងរ​ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។ លោក​អំពាវនាវ​ឲ្យ​សមាជិក​សភា​ និង​មន្ត្រី​រដ្ឋបាល​លោក​ត្រាំ​ទាំង​អស់​ និយាយ​ប្រឆាំង​នឹង​គំនិត​នេះ។

ប្រវត្តិវិទូ​ដែល​សិក្សា​អំពីប្រធានាធិបតី លោក Michael Beschloss បាន​សរសេរ​ថា​ការ​ពន្យារ​ពេល​ការ​បោះឆ្នោត ​នឹង​ខុស​ច្បាប់​អាមេរិក ដោយ​លោក​ថា៖ «​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក សូម្បី​ក្នុង​អំឡុងពេលសង្គ្រាម​ស៊ីវិល ​និង​សង្គ្រាម​លោក​លើក​ទី​២ ក៏​គេ​មិនដែលបាន​ជោគជ័យ ក្នុងការ​ពន្យារ​ការ​បោះឆ្នោតជ្រើស​រើស​ប្រធានាធិបតីនោះ​ទេ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG