ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden ប្រាប់​ប្រធានាធិបតី​អ៊ុយក្រែន​អំពី​ការបន្ត​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky និយាយ​ជាមួយ​អ្នកសារព័ត៌មាន មុនពេល​កិច្ចប្រជុំ​មួយ​នៅ​ការិយាល័យ​របស់​ប្រធានាធិបតី​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​បញ្ជាក់​ប្រាប់​ប្រធានាធិបតីអ៊ុយក្រែន​លោក ​Volodymyr Zeleskiy ​នៅ​ឯ​ជំនួបនៅ​សេតវិមាន​កាលពី​ថ្ងៃ​ពុធ​ថា​ សហ​រដ្ឋ​អាមេរិក​ នៅតែ​«តាំងចិត្ត​ដ៏​មុតមាំ​ដល់​អធិបតេយ្យភាព​ប្រទេស​អ៊ុយក្រែនប្រឈម​នឹងការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី»​នៅភាគ​ខាង​កើត។ ​

សេតវិមាន​បាន​ប្រកាស​ការគាំទ្រ​ដ៏​មុតមាំ​ដល់​អធិបតេយ្យភាព​របស់​អ៊ុយក្រែនលើឧបទ្វីប​ Crimea ​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ បាន​ភ្ជាប់​យក​ដោយ​ឯកតោ​ភាគី​នៅឆ្នាំ​២០១៤​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បន្ត​ជម្លោះ​រវាងរដ្ឋ​ជិត​ខាង​នេះ។​

​បន្ទាប់ពី​ជំនួប​បាន​បញ្ចប់​ ​សេតវិមាន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ថា​ «សហ​រដ្ឋ​អាមេរិក​មិន​ដែល ​ហើយ​នឹង​មិន​ទទួល​ស្គាល់​ការ​កាន់កាប់​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ ​Crimea ​ទេ​ ហើយ​បញ្ជាក់​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងដល់​ការ​ប្រឹងប្រែង​ជា​អន្តរជាតិ ​រួមមាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា ​Normandy Format ​ដែល​មាន​គោល​បំណង​ចរចា​ដោយផ្អែក​លើ​ច្បាប់​អន្តរជាតិ​ រួមមាន​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​រក​ដំណោះស្រាយការទូត​សម្រាប់​ជម្លោះ​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន»។​

សហរដ្ឋ​អាមេរិក​ ក៏​បាន​ប្រកាស​ការផ្តល់​កញ្ចប់​ជំនួយ​ខាង​សន្តិសុខ​ថ្មី​ដែល​មាន​ទឹក​ប្រាក់​៦០​លាន​ដុល្លារ ​រួមមាន​ការ​បន្ថែម​ប្រព័ន្ធ​ប្រឆាំង​រថពាសដែក ​Javelin ​និង​គ្រឿង​សព្វាវុធ​ផ្សេងៗ​ទៀត។​

មេដឹកនាំ​ទាំង២​ ក៏​បាន​ពិភាក្សា​ពី​គោល​នយោបាយ​ថាមពល ​និង​អាកាសធាតុ ​ការ​ខំប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​សេចក្តី​ប្រាថ្នា​របស់​អ៊ុយក្រែន​ធ្វើ​ជា​សមាជិក​អង្គការ​អូតង់ ​និង​បំពង់​បង្ហូរឧស្ម័ន​ធម្មជាតិ ​Nord Stream 2 ​រវាង​រុស្ស៊ី​ និង​អឺរ៉ុប ​ដែល​អ៊ុយក្រែន​ជំទាស់៕

XS
SM
MD
LG