អគ្គលេខាធិការអង្គការអូតង់ (NATO) លោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា លោកមាន «ទំនុកចិត្តទាំងស្រុង» ថា ប្រទេសតួកគីនឹងអនុម័តលើសមាជិកភាពរបស់ប្រទេសស៊ុយអែតនៅក្នុងអង្គការអូតង់ និងថា បណ្ដាមេដឹកនាំអង្គការអូតង់ដែលបានជួបប្រជុំគ្នារយៈពេល ២ ថ្ងៃនៅក្នុងរដ្ឋធានីវីលនីញូសនៃប្រទេសលីទុយអានីនឹង «បញ្ជូនសារវិជ្ជមានដ៏ខ្លាំងក្លាមួយ» អំពីសេចក្ដីប្រាថ្នាផ្ទាល់ខ្លួនរបស់ប្រទេសអ៊ុយក្រែននៅក្នុងការចូលជាសមាជិកអង្គការអូតង់។
លោក Stoltenberg បាននិយាយថា កិច្ចប្រជុំរបស់អង្គការអូតង់នៅក្នុងរដ្ឋធានីវីលនីញូសនេះ «គឺមានលក្ខណៈជាប្រវត្តិសាស្ត្ររួចស្រេចទៅហើយមុននឹងចាប់ផ្ដើម» បន្ទាប់ពីការពិភាក្សាជាមួយនឹងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានផ្ដល់ដំណោះស្រាយសម្រាប់ភាពជាប់គាំងរាប់ខែកន្លងមក ដែលនៅក្នុងពេលជាប់គាំងនោះលោក Erdogan បានចោទប្រកាន់ស៊ុយអែតថាមិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់ដើម្បីបង្ក្រាបសាខាគណបក្សនយោបាយមួយរបស់ខ្លួនដែលរដ្ឋាភិបាលតួកគីយល់ឃើញថាមានលក្ខណៈជ្រុលនិយម។
លោក Erdogan បានសន្យាគាំទ្រការយល់ព្រមចំពោះសំណើរបស់ស៊ុយអែតនៅក្នុងការចូលជាសមាជិកអង្គការអូតង់នេះនៅក្នុងរដ្ឋសភាតួកគី។ រីឯប្រទេសហុងគ្រីវិញ ដែលជាសមាជិកអង្គការអូតង់មួយទៀតដែលនៅមិនទាន់យល់ព្រមចំពោះសមាជិកភាពរបស់ស៊ុយអែតនេះ ត្រូវគេរំពឹងថានឹងផ្ដល់ការយល់ព្រម។ ការចូលជាសមាជិកអង្គការអូតង់គឺតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទ។
នៅក្នុងអ្វីដែលហាក់ដូចជាការគេចវេសមិនឆ្លើយតបចុងក្រោយនៅក្នុងថ្ងៃមុនកិច្ចប្រជុំរបស់អង្គការអូតង់នេះចូលមកដល់ លោក Erdogan បានភ្ជាប់បញ្ហាស៊ុយអែតនេះទៅនឹងការទាមទារដែលជាប់គាំងរបស់រដ្ឋាភិបាលតួកគីនៅក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលគ្រោងនឹងជួបជាមួយនឹងលោក Erdogan នៅល្ងាចថ្ងៃអង្គារនេះនៅចុងបញ្ចប់នៃកិច្ចប្រជុំថ្ងៃទីមួយរបស់អង្គការអូតង់ បានស្វាគមន៍ដំណឹងដែលថាតួកគីគាំទ្រសមាជិកភាពរបស់ស៊ុយអែតនេះ។
លោក Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយពីរដ្ឋធានីវីលនីញូសដែលជាកន្លែងដែលលោកចូលរួមកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំអង្គការអូតង់ថា៖ «ខ្ញុំត្រៀមរួចរាល់នៅក្នុងការធ្វើការជាមួយនឹងប្រធានាធិបតី [តួកគី] លោក [Recep Tayyip] Erdogan និង [ប្រទេសតួកគី] នៅក្នុងការពង្រឹងការការពារនិងការកម្លារារាំងនៅក្នុងតំបន់អឺរ៉ុបអាត្លង់ទិក។ ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍នាយករដ្ឋមន្ត្រី [ស៊ុយអែត] លោក [Ulf] Kristersson និងប្រទេសស៊ុយអែតក្នុងការចូលជាសមាជិកទី ៣២ របស់អង្គការអូតង់»។
ប្រទេសស៊ុយអែតនិងហ្វាំងឡង់បានដាក់ពាក្យរួមគ្នាចូលជាសមាជិករបស់អង្គការអូតង់កាលពីខែឧសភាឆ្នាំមុន ដោយប្រទេសទាំងពីរបានលើកឡើងអំពីការគាំទ្រលើសលប់របស់ប្រជាពលរដ្ឋសម្រាប់ការចូលជាសមាជិកនេះ នៅចំពេលដែលប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ សមាជិកភាពរបស់ហ្វាំងឡង់នៅក្នុងអង្គការអូតង់ត្រូវបានសម្រេចយល់ព្រមកាលពីខែមេសា៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និង Reuters។