ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​ពិភាក្សា​អំពី​ការ​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយក្រែន


អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) ​លោក Jens Stoltenberg ចូលរួមកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការពារជាតិអង្គការអូតង់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣។
អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) ​លោក Jens Stoltenberg ចូលរួមកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការពារជាតិអង្គការអូតង់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣។

អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) ​លោក Jens Stoltenberg ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បង្ហាញ​ឱ្យ​ឃើញ​អំពី​តម្រូវការ​នៅ​ក្នុង​ការ​ឈរ​ជាមួយ​នឹង​អ៊ុយក្រែន​និង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​អ៊ុយក្រែន។

លោក Stoltenberg បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ នៅ​ពេល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីស្នាក់ការ​កណ្ដាល​អង្គការ​អូតង់​ថា បន្ទាប់ពី​បាន​ធ្វើ​ការ​វាយបក​ទៅ​វិញ អ៊ុយក្រែន​បាន​សម្រេច​បាន​មួយ​ចំនួន​និង​បាន​រំដោះ​ដែនដី​មួយ​ចំនួន​ដែល​កងទ័ព​រុស្ស៊ី​កាន់កាប់​មក​វិញ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា។

លោក Stoltenberg បាន​និយាយ​ថា៖ «នេះ​គឺ​ដោយសារ​ភាព​ក្លៀវក្លា ភាព​ក្លាហាន និង​ជំនាញ​របស់​ទាហាន​អ៊ុយក្រែន ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​គាំទ្រ​ដែល​សម្ព័ន្ធមិត្ត​អូតង់​បាន​ផ្ដល់​ជូន​អ៊ុយក្រែន​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ គឺ​ពិតជា​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​នៅ​សមរភូមិ»។

លោក​បាន​បន្ថែម​ថា អ៊ុយក្រែន​ទទួល​បាន​ជោគជ័យ​ប៉ុន​ណា​នៅ​ក្នុង​ដំណាក់កាល​នេះ អ៊ុយក្រែន​នឹង​ដាក់​សម្ពាធ​ប៉ុន​នោះ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឱ្យ​ចូល​មក​កាន់​តុ​ចរចា និង​ផ្ដល់​ឱ្យ​អ៊ុយក្រែន​នូវ​ឥទ្ធិពល​មាន​ប្រៀប​នៅ​ក្នុង​ការ​ចរចា​សន្តិភាព។

លោក Stoltenberg បាន​និយាយ​ថា ប្រសិនបើ​សម្ព័ន្ធមិត្ត​ចង់​ឱ្យ​មាន​សន្តិភាព​ឋិតថេរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ពួកគេ​ត្រូវតែ​បន្ត​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​កងទ័ព​អ៊ុយក្រែន។

នៅ​មុន​ការ​ប្រជុំ​របស់​បណ្ដា​មេដឹកនាំ​ផ្នែក​ការពារ​ជាតិ​នៃ​អង្គការ​អូតង់ ក្រុម​ទាក់ទង​អ៊ុយក្រែន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​ការ​ប្រជុំ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ ដើម្បី​ពិភាក្សា​អំពី​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​នៅ​ពេល​បើក​ការ​ប្រជុំ​នេះ​ថា ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន «គឺ​ទាមទារ​ឱ្យ​មាន​ការ​តស៊ូ​ស្វិតស្វាញ មិន​មែន​បង្ខំ​ឱ្យ​លឿន​នោះ​ទេ»។

លោក​បាន​លើកឡើង​អំពី​តម្រូវការ​នៅ​ក្នុង​ការ​ផ្ដល់​ឱ្យ​កងទ័ព​អ៊ុយក្រែន​នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​សំខាន់​សម្រាប់​ការពារ​ជន​ស៊ីវិល​អ៊ុយក្រែន​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​មួយ​គ្រាប់​របស់​រុស្ស៊ី​និង​ដ្រូន​បំផ្ទុះ ២០ គ្រឿង​ទៀត​ដែល​រុស្ស៊ី​បាន​បាញ់។

នៅ​ក្នុង​តំបន់ Crimea ដែល​រុស្ស៊ី​កាន់កាប់ មន្ត្រី​រុស្ស៊ី​បាន​និយាយ​ថា រុស្ស៊ី​បាន​បាញ់​ទម្លាក់​ដ្រូន ៩ គ្រឿង​របស់​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters

XS
SM
MD
LG