ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានគម្រោងនឹងជួបជាមួយអគ្គលេខាអង្គការអូតង់ លោក Jens Stoltenberg នៅក្នុងសេតវិមាននៅថ្ងៃចន្ទនេះ ស្របពេលការព្យាយាមដើម្បីរកអ្នកស្នងតំណែងជំនួសលោកកំពុងមានការកើនឡើងខ្លាំង។
ស្របពេលដែលសេតវិមាននិយាយថា របៀបវារៈនៃកិច្ចប្រជុំនេះ នឹងពិភាក្សារឿងកិច្ចប្រជុំកំពូល របស់អង្គការនេះនៅខែក្រោយ ក្នុងរដ្ឋធានីវិលនីញូស (Vilnius) ប្រទេសលីទុយអានីនោះ បញ្ហាថាតើអ្នកណានឹងកា្លយជាមេដឹកនាំថ្មីរបស់អង្គការអូតង់ ក្នុងអំឡុងពេលដ៏លំបាកនៅពេលនេះ ក្នុងរយៈពេល៧៤ឆ្នាំនៃប្រវតិ្តរបស់ខ្លួននោះ នឹងមិនមែនជារឿងសង្ស័យហើយនឹងក្លាយជាចំណុចស្នូលនៃកិច្ចប្រជុំនេះផងដែរ នៅពេលដែលសម្ព័ន្ធមិត្តរបស់អង្គការអូតង់ កំពុងប្រឈមមុខនឹងសង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយ។
លោកStoltenberg ដែលជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសន័រវេសនោះ គឺជាមេដឹកនាំរបស់អង្គការអូតង់ដែលយូរជាងគេបង្អស់ និងធ្លាប់បានពន្យារអាណត្តិនៃការដឹកនាំរបស់លោកអស់៣ដងរួចមក ហើយ តាំងពីលោកក្លាយជាមេដឹកនាំរបស់អង្គការនេះតាំងពីឆ្នាំ២០១៤មក។ កាលពីខែកុម្ភៈកន្លងទៅនេះ អ្នកនាំពាក្យរបស់លោកStoltenberg ធ្លាប់បាននិយាយថា លោកStoltenberg នឹងចាកចេញពីតំណែងរបស់លោកនៅពេលអាណត្តិដឹកនាំលើកនេះផុតកំណត់នៅខែតុលាខាងមុខ។
លោកStoltenberg ទទួលបានការកោតសរសើរជាច្រើន ក្នុងការចាត់ចែងដឹកនាំទំនាក់ទំនងដ៏រកាំរកូសរវាងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងសម្ព័ន្ធមិត្តអឺរ៉ុបជុំវិញការចំណាយផ្នែកការពារជាតិ ការដកកងទ័ពអង្គការអូតង់ចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្នុងខែសីហា ឆ្នាំ២០២១ និងការគ្រប់គ្រងការឆ្លើយតបរបស់ក្រុមសម្ព័ន្ធមិត្ត លើសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។ មតិរបស់លោកអំពីអ្នកស្នងតំណែងលោកមានទម្ងន់ ហើយលោក Biden ត្រូវបានគេរំពឹងថានឹងពិគ្រោះជាមួយលោក។
អ្នកដែលត្រូវចូលជំនួសលោក Stoltenberg នឹងប្រឈមនូវភារកិច្ចដ៏ធ្ងន់ធ្ងរមួយ ក្នុងការពារសន្តិសុខដល់ប្រជាជនប្រមាណ១ពាន់លាននាក់ក្នុងប្រទេសចំនួន៣១ និងកំពុងតែកើនឡើង។ អ្នកស្នងតំណែងថ្មីរបស់អង្គការអូតង់ ត្រូវតែចាត់ចែងធ្វើសកម្មភាពប្រកបដោយតុល្យភាពដ៏តឹងតែងមួយ ក្នុងការគាំទ្រកងកម្លាំងអ៊ុយក្រែន ខណៈពេលត្រូវទប់ស្កាត់ធ្វើយ៉ាងណាមិនឱ្យជម្លោះនេះ រីករាលដាលដល់ទឹកដីរបស់សមាជិកណាមួយនៃអង្គការអូតង់នោះឡើយ ព្រោះការរាលដាលនៃសង្គ្រាមអ៊ុយក្រែនចូលទៅក្នុងទឹកដីរបស់ប្រទេសណាមួយ ដែលជាសមាជិករបស់អង្គការអូតង់នោះ នឹងនាំទៅដល់ការប្រើប្រាស់មាត្រា៥របស់អង្គការអូតង់ ដែលបង្កើតឱ្យមានការការពារជារួមមួយ ហើយដែលអាចក្លាយទៅជាឆ្នួនផ្ទុះនៃសង្គ្រាមលោកលើកទី៣ផងដែរ៕