ពួកមេដឹកនាំនៃអង្គការណាតូប្រុងប្រៀបប្រមូលផ្តុំគ្នានៅក្នុងក្រុងឡុងដ៍ សម្រាប់ការប្រជុំនៅថ្ងៃអង្គារដើម្បីប្រារព្ធខួបឆ្នាំទី៧០នៃការបង្កើតសម្ព័ន្ធភាពនេះ ក៏ប៉ុន្តែភាពតានតឹងខ្លាំងឡើងៗរវាងប្រទេសជាសមាជិកអាចលុបលើការប្រារព្ធនេះ។
សង្គ្រាមនៅក្នុងប្រទេសស៊ីរីនិងការគំរាមកំហែងរបស់រុស្ស៊ីដែលមានតទៅទៀតជាបញ្ហាសំខាន់ៗនៅក្នុងការប្រជុំសន្និសីទកំពូលនេះ។
សហរដ្ឋអាមេរិកនិងតួកគី ដែលជាសមាជិកនៃអង្គការណាតូស្ទើរតែប្រឈមគ្នានៅក្នុងផ្នែកខាងជើងនៃប្រទេសស៊ីរីកាលពីខែមុនដែលអាចនាំឱ្យមានការរង្គោះរង្គើក្នុងសម្ព័ន្ធភាពនេះ។
លោក Jonathan Eyal ជាបុគ្គលិកនៃវិទ្យាស្ថាន Royal United Services នៅក្នុងក្រុងឡុងដ៍។ នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយ VOA ក្នុងសប្តាហ៍នេះ លោកបាននិយាយថា៖
«គោលជំហរបស់ប្រទេសតួកគី នៅក្នុងសម្ព័ន្ធភាពមហាសមុទ្រអាត្លង់ទិកខាងជើង ជាគោលជំហពិបាកមួយ។ សេចក្តីសម្រេចរបស់តួកគី ក្នុងការទាក់ទិនជាមួយកិច្ចប្រតិបត្តិការយោធាក្នុងភូមិភាគមជ្ឈឹមបូព៌ាដែលប្រឆាំងនឹងសម្ព័ន្ធមិត្តភាគច្រើនរបស់ខ្លួនដោយមានរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផងនោះនិងសេចក្តីសម្រេចរបស់តួកគី ក្នុងការទិញគ្រឿងឧបករណ៍យោធារុស្ស៊ី...បានធ្វើឱ្យប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុបខឹងសម្បារ»។
ពួកសមាជិកនៃអង្គការណាតូនិយាយថាជាការល្អប្រសើរដែលមានប្រទេសតួកគី នៅខាងក្នុងសម្ព័ន្ធភាពនេះជាជាងនៅខាងក្រៅ។
លោក Eyal បានថ្លែងថា«អង្គការណាតូគឺអំពីសន្តិសុខអឺរ៉ុប សម្ព័ន្ធភាពនេះគឺមិនមែនអំពីការសម្របសម្រួលគោលនយោបាយនៅក្នុងភូមិភាគមជ្ឈឹមបូព៌ាទេ»។