រដ្ឋាភិបាលប្រកាសពង្រឹងការតាមដាន និងក្តាប់ព័ត៌មានរបស់អង្គការសង្គមស៊ីវិល និងក្រុមដែលមាននិន្នាការប្រឆាំង ព្រមទាំងបញ្ជាឲ្យចាត់វិធានការភ្លាមៗតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងចេតនាបំពុលបរិយាកាសសង្គម បង្កើតឲ្យមានភាពច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។
របាយការណ៍បូកសរុបសភាពការណ៍ការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា រយៈពេល៦ខែកន្លងទៅ កម្ពុជាបានទប់ស្កាត់ និងបន្សាបឥទ្ធិពលនៃសកម្មភាពប៉ុនប៉ងបង្កចលាចល និងអសន្តិសុខផ្ទៃក្នុងជាតិ សកម្មភាពញុះញង់តាមរយៈការសាបព្រោះមនោគមវិជ្ជាជ្រុលនិយមតាមបែបបដិវត្តន៍ពណ៌ និងបានទប់ស្កាត់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលបានចោទប្រកាន់រដ្ឋាភិបាលថា«ជាពួកអមិត្ត»។
របាយការណ៍នោះបានបន្តថា ឆមាសទី២ ឆ្នាំ២០១៧ ជាពេលវេលាសំខាន់ក្នុងការត្រៀមខ្លួនសម្រាប់យុទ្ធនាការបោះឆ្នោតជាតិឆ្នាំ២០១៨ ដូច្នេះដើម្បីធ្វើឲ្យព្រឹត្តិការណ៍ប្រជាធិបតេយ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងទទួលបានជោគជ័យដូចការគ្រោងទុក វិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់គឺជាការងារចាំបាច់។
របាយការណ៍ដដែលនោះបានបន្ថែមក្នុងន័យដើមថា៖
«ពង្រឹងវិធានការជំនាញគ្រប់គ្រង និងក្តាប់ព័ត៌មានគ្រប់សមាសភាពនៃអង្គការសង្គមស៊ីវិល ពិសេសក្រុមដែលមាននិន្នាការប្រឆាំង (ទាំងក្នុង និងក្រៅប្រទេស) សំដៅរកឲ្យឃើញ និងចាត់វិធានការបន្សាបឥទ្ធិពល ឬលុបនូវឧបាយកលញុះញង់បំបែកបំបាក់សាមគ្គីភាពប្រជាជាតិ ការប៉ុនប៉ងបង្កអស្ថិរភាពសង្គម និងបង្កើតឲ្យមានភាពច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។ លើកកម្ពស់គុណភាពការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបបំពុលបរិយាកាសសន្តិសុខ ក្នុងចេតនាបង្កចលាចលសង្គម។ ជាមួយនោះត្រូវជំរុញការគ្រប់គ្រងមុខសញ្ញាគោលដៅដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដើម្បីមានវិធានការបង្កា ទប់ស្កាត់ និងបង្រ្កាបក្នុងករណីចាំបាច់»។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជាអ្នកនាំពាក្យ និងជាអគ្គស្នងការរងនគរបាលជាតិ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបសភាពការណ៍«លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៧» កាលពីថ្ងៃចន្ទនេះថា អគ្គស្នងការនគរបាលជាតិនឹងបង្កើនសមត្ថភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់វិធានការតាមដានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ លោកបន្ថែមថា សមត្ថកិច្ចនឹងបង្រ្កាបភ្លាមៗ ចំពោះជនទាំងឡាយណាដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដោយបំពានច្បាប់ ដើម្បីបង្កាកុំឲ្យមានភាពចលាចលនៅក្នុងសង្គម។
«ភារកិច្ចនគរបាលគឺត្រូវតែធ្វើម៉េចរក្សាសន្តិសុខ សង្គម មានន័យថា កុំឲ្យគេប្រើអាហ្នឹងទៅប្រព្រឹត្តបទល្មើស កុំឲ្យគេប្រើអាហ្នឹងទៅបំពុលបរិយាកាសដែលបង្កឡើងនូវអសន្តិសុខ ឬក៏ធ្វើបាបប្រជាពលរដ្ឋ។ អីចឹងសំខាន់បំផុត នគរបាលជាអ្នកអនុវត្តច្បាប់ អីចឹងនគរបាលមើលអ្វីៗទាំងអស់ និងផ្ទៀងផ្ទាត់ជាមួយច្បាប់។ បើការបង្ហោះ ការប្រើប្រាស់ហ្នឹងវាសមស្រប វាមានផលប្រយោជន៍ដល់សង្គម អាហ្នឹងវាមិនបញ្ហាទេ។ ប៉ុន្តែបើការបង្ហោះហ្នឹង វាប៉ះពាល់ និយាយរួមគឺបំពានច្បាប់ ឲ្យតែបំពានច្បាប់នគរបាលចាត់ចែងអនុវត្តហើយ»។
លោក សំ ចាន់គា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានសារទរចំពោះចំណាត់ការលើអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមានចេតនាបង្កអសន្តិសុខសង្គម។ ប៉ុន្តែលោកថា ការអនុវត្តលើសពីវិធានការដែលបានចែងនោះនឹងបណ្តាលឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោក សំ ចាន់គា បានបន្ថែមប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា ការប្រកាសពីវិធានការស៊ើបអង្កេត និងឃ្លាំមើលគ្រប់សកម្មភាពរបស់សង្គមស៊ីវិល គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរលើការអនុវត្តការងាររបស់អង្គការមិនមែនរដ្ឋាភិបាល។
«អគ្គស្នងការនគរបាលជាតិដាក់បញ្ជាឲ្យធ្វើការស៊ើបអង្កេតទៅលើអង្គការក្រៅរដ្ឋាភិបាលណាដែលហ៊ានរិះគន់រដ្ឋាភិបាល ហើយយកលេសដែលគេរិះគន់ គេបញ្ចេញមតិហ្នឹង ទៅជាការញុះញង់ បង្កអសន្តិសុខ។ នេះជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរទៅលើអង្គការសង្គមស៊ីវិលណាដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល»។
ជាទូទៅ គេឃើញប្រជាពលរដ្ឋមួយចំនួន រួមទាំងក្រុមអ្នកនយោបាយស្ទើរគ្រប់គណបក្ស តែងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីឃោសនានយោបាយ ស្វែងរកប្រជាប្រិយភាព និងសម្តែងមតិ ឬរិះគន់បញ្ហាផ្សេងៗ។ ក្នុងនោះក្រុមមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ក៏បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងសកម្មភាពមួយចំនួនតាមរយៈការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនេះផងដែរ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីក្រុមមន្រ្តីជាន់ខ្ពស់ និងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានទេ រហូតមកដល់ល្ងាចថ្ងៃអង្គារនេះ។
ថ្មីៗនេះ សមត្ថកិច្ចទើបតែឃាត់ខ្លួនយុវជនចំនួន២នាក់ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ប៉ះពាល់ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងនោះស្រ្តីម្នាក់ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីស្រ្តីនោះបង្ហោះសារដែលថា លោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកជាអ្នកនៅពីក្រោយការស្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ។ រីឯយុវជនម្នាក់ទៀតត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនពីបទគំរាមកំហែងថា សម្លាប់ បន្ទាប់ពីយុវជនរូបនោះបង្ហោះសារគំរាមសម្លាប់លោក ហ៊ុន សែន លើបណ្តាញសង្គមហ្វេសប៊ុក។
ក្រៅពីពួកគេទាំងពីរនាក់នេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនទៀតត្រូវបានឃាត់ខ្លួនមកសួរនាំពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះដែរ៕