យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍ ដោយគេឃើញគណបក្សចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ បានចេញឃោសនាហែក្បួនទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ខណៈគណបក្សនយោបាយផ្សេងទៀតមិនអាចចូលរួមឈរឈ្មោះបោះឆ្នោត ឬសម្រេចមិនចូលរួមប្រកួតប្រជែងការបោះឆ្នោត។
អ្នកគាំទ្ររបស់គណបក្សកាន់អំណាចបានមកប្រមូលផ្តុំគ្នា នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។ ចំណែកអ្នកគាំទ្ររបស់គណបក្សខ្មែររួបរួមជាតិ បានចេញធ្វើយុទ្ធនាការឃោសនា ពីទីលានប្រជាធិបតេយ្យថ្មី ស្ថិតក្នុងខណ្ឌឫស្សីកែវ។ អ្នកគាំទ្ររាប់ពាន់នាក់របស់គណបក្សទាំងពីរ បានដង្ហែក្បួន ទាំងតាមរថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញ ម៉ូតូ និងម៉ូតូកង់បី កាត់តាមមហាវិថី និងផ្លូវសំខាន់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញ។
នៅក្នុងពិធីបើកយុទ្ធនាការនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រនាទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការរីកចម្រើនរបស់ប្រទេសក្នុងពេលបច្ចុប្បន្ន អាចជាចំណុចនៃការសម្រេចចិត្តរបស់អ្នកបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សប្រជាជនកម្ពុជាឱ្យបន្តគ្រប់គ្រងប្រទេសសម្រាប់អាណត្តិទី៧។
លោក ហ៊ុន សែន ក៏ប្តេជ្ញារក្សាការពារវឌ្ឍនភាពរបស់ជាតិ និងទប់ស្កាត់មិនឱ្យមានកម្លាំងរំខានដល់ការកសាងប្រទេសជាតិ ហើយមិនអនុញ្ញាតឱ្យសង្គ្រាមកើតឡើងជាថ្មីទៀតនៅប្រទេសកម្ពុជា។
លោកលើកឡើងនៅចំពោះមុខក្រុមអ្នកគំាទ្រជាច្រើនពាន់នាក់ និងក្រុមមន្ត្រីគណបក្សយ៉ាងដូច្នេះថា៖ «ប្តេជ្ញាថែរក្សារាល់សមិទ្ធិផលរបស់ជាតិឱ្យគង់វង្ស ជារៀងដរាប ដោយមិនអនុញ្ញាតឱ្យអនុភាពប្រតិកិរិយាណាមកបំផ្លាញបានឡើយ។ យើងបន្ត ប្តេជ្ញាបន្តកសាងប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនឡើង ក្លាយជាប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត»។
ក្រុមមេដឹកនាំគណបក្សខ្មែររួបរួមជាតិឯណោះវិញក៏បានបង្ហាញក្តីសង្ឃឹមចំពោះជ័យជម្នះ ក្នុងការបោះឆ្នោតជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។
ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ ប្រាប់វីអូអេថា ការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ បានធ្វើឱ្យកម្លាំងគាំទ្រមានសន្ទុះកើនឡើងខ្លាំង។ ការណ៍នេះ លោកថា ប្រជាពលរដ្ឋនឹងបោះឆ្នោតជូនគណបក្សខ្មែររួបរួមជាតិ ដែលមានគោលនយោបាយការពារឯករាជ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ដោយប្រកាន់យក «គោលការណ៍ប្រជាធិបតេយ្យសេរី កណ្តាលនិយម»។
លោកថ្លែងថា៖ «ខ្ញុំមិនអាចថា តួលេខបានទេ គ្រាន់តែសង្ឃឹមថា នឹងបានកៅអីមួយចំនួន មួយចំនួន»។
អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណបក្សខ្មែររួបរួមជាតិលោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកលោក ញឹក ប៊ុនឆៃ ថាជាវីរជនម្នាក់ក្នុងចំណោមឥស្សរជនជាច្រើននាក់ដែលជាអ្នកប្រជាធិបតេយ្យ ដែលជួយឱ្យកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ហេតុដូច្នេះលោកបានអំពាវនាវឱ្យអ្នកធ្លាប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិបោះឆ្នោតជូនគណបក្សខ្មែររួបរួមជាតិ។
លោកប្រាប់វីអូអេថា៖ «ព្រោះអីឯកឧត្តម ញឹក ប៊ុនឆៃ ជាវីរជនអ្នកតស៊ូ តាំងពីវ័យក្មេង រហូតដល់ពេលបច្ចុប្បន្ន តស៊ូពីទិសខាងលិច ដើម្បីឱ្យបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ៩១។ ហើយយើងអ្នកនយោបាយ អ្នកប្រជាធិបតេយ្យគឺគោរពខ្លាំងណាស់ អ្នកដែលមានវីរភាពតស៊ូ ដើម្បីបុព្វហេតុជាតិដល់អ៊ីចឹង ខ្ញុំជាអតីតសង្គ្រោះជាតិ អំពាវនាវឱ្យសកម្មជន អ្នកនយោបាយដែលជាអតីតសង្គ្រោះជាតិទាំងអស់មករួបរួមគ្នាជាមួយនឹងខ្មែររួបរួមជាតិ»។
ដោយឡែក អ្នកគាំទ្រគណបក្សនយោបាយទាំងពីរផ្តល់ទស្សនៈផ្សេងៗគ្នានៅថ្ងៃដំបូងនៃការធ្វើយុទ្ធនាឃោសនាបោះឆ្នោតនេះ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា លើកឡើងថា ពួកគេមកចូលរួមហែបក្សនៅថ្ងៃសៅរ៍នេះ គឺដើម្បីបន្តផ្តល់ការគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹកនាំប្រទេសតទៅទៀត។ ពួកគេបន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺប្រទេសមានការអភិវឌ្ឍជឿនលឿន និងមានស្ថិរភាពនយោបាយ។ ពួកគេលើកឡើងថា គ្មានអ្វីដែលត្រូវខ្វល់ ចំពោះអវត្តមានគណបក្សដទៃទៀតនៅក្នុងការបោះឆ្នោតនោះទេ។
រីឯអ្នកគាំទ្រមួយចំនួនរបស់គណបក្សខ្មែររួបរួមជាតិក៏មិនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងនឹងការបាត់ឱកាសរបស់គណបក្សភ្លើងទៀនក្នុងការចូលរួមការបោះឆ្នោតជាតិនៅ ឆ្នាំ ២០២៣ នេះដែរ។ ពួកគេថា គណបក្សខ្មែររួបរួមជាតិក៏ជាគណបក្សប្រជាធិបតេយ្យដែលដើរតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលតម្រូវឱ្យកម្ពុជាជាប្រទេសមានការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស។ ពួកគេថា គណបក្សមានគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ ការពារសេរីភាពសម្តែងមតិ និងជួយជនក្រីក្រ។
ទោះជាយ៉ាងណាក៏ដោយ ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជានឹងដណ្តើមបានអាសនៈសភាច្រើនដូចការបោះឆ្នោតជាតិឆ្នាំ ២០១៨ ក្រោមហេតុផលគ្មានវត្តមានគណបក្សជំទាស់គឺគណបក្សភ្លើងទៀន ដែលទទួលបានសំឡេងជិត ២លាននាក់ កាលពីពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២។ នេះបើតាមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា។
អ្នកវិភាគនយោបាយលោក សេង សារី ជឿថា គណបក្សកាន់អំណាចនឹងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី តែលទ្ធផលនៃការបោះឆ្នោតនឹងត្រូវប្រឈមនឹងការរិះគន់។
លោកថ្លែងថា៖ «បើយើងមើលពីមុំលទ្ធិប្រជាធិបតេយ្យ ឬតាមគោលការណ៍ប្រជាធិបតេយ្យ យើងឃើញថា ការបោះឆ្នោតអាណត្តិទី ៧ ឆ្នាំ ២០២៣ នេះ វាជាការបោះឆ្នោតដែលពិបាកទទួលយកបានមែនទែនទាំងអន្តរជាតិ ហើយទាំងប្រជាជន នៅក្នុងស្រុក ជាពិសេសអ្នកគាំទ្រគណបក្សភ្លើងទៀន ប្រមាណជា ២លាននាក់ ហើយអ្វីដែលសំខាន់ហ្នឹង គឺពួកគាត់បាត់បង់សិទ្ធិនៅក្នុងការជ្រើសរើសគណបក្សដែលគាត់ស្រឡាញ់ ឬក៏គាត់គាំទ្រនោះ»។
ក៏ប៉ុន្តែលោក សំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត Nicfec លើកឡើងថា ថ្វីត្បិតមិនមានវត្តមានគណបក្សជំទាស់ចូលរួមក្តី ក៏ការបោះឆ្នោតនៅតែមានភាពចម្រុះ ព្រោះមានគណបក្សផ្សេងៗទៀតចូលរួម។
លោកថ្លែងថា៖ «ខ្ញុំសង្ឈឹមថា គណបក្ស ១៧ ហ្នឹង អាចនឹងមានអាសនៈខ្លះ មានកៅអីខ្លះនៅរដ្ឋសភា កៅអីខ្លះ សង្ឈឹមដូច GDP អីបានខ្លះ ដើម្បីឱ្យវាមានគណបក្សចម្រុះនៅរដ្ឋសភាឱ្យមាន Check and Balance [ការត្រួតពិនិត្យគ្នា និងតុល្យភាព] ផង»។
លោកជំរុញឱ្យប្រជាពលរដ្ឋវិនិច្ឆ័យឱ្យបានត្រឹមត្រូវមុនគូសសន្លឹកឆ្នោត ដើម្បីឱ្យការអនុវត្តច្បាប់នៅរដ្ឋសភាមានពហុបក្ស និងប្រជាធិបតេយ្យ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនំាពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែគ្មានការឆ្លើយតបនៅថ្ងៃសៅរ៍នេះ។ យ៉ាងណាក៏ដោយ លោកឱ្យដឹងកន្លងមកថា អវត្តមានគណបក្សជំទាស់អាចប៉ះពាល់ដល់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះអ្នកគាំទ្រគណបក្សនេះជិត ២លាននាក់ បាត់បង់ជម្រើសជ្រើសរើសយកតំណាងដែលខ្លួនពេញចិត្ត។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលបានពហិការការបោះ ឆ្នោតជ្រើសរើសសមាជិកសភាសម្រាប់អាណត្តិទី ៧ នេះ ប្រាប់វីអូអេថា បរិយាកាសនៃការបោះឆ្នោតហាក់មិនអំណោយផលសម្រាប់គណបក្សថ្មីៗក្នុងការប្រកួតប្រជែង ខណៈដំណើរការបោះឆ្នោតទៀតសោត មិនទទួលបានការចាប់អារម្មណ៍ពីសហគមអន្តរជាតិ។
លោកថ្លែងថា៖ «ទុកឱកាសដើម្បីឱ្យគណបក្សដែលមាននិន្នាការប្រហាក់ប្រហែលគ្នា គោលការណ៍ប្រហាក់ប្រហែលគ្នា គណបក្សដែលយើងគិតថា អាចជាគណបក្សមានលក្ខណៈប្រជាធិបតេយ្យខ្លះ ទទួលបានសំឡេង យើងមិនចង់ឱ្យមានការបែកសំឡេង ទីបី យើងមើលឃើញថា គណបក្សដែលថ្មីមើលទៅមិនងាយមានលទ្ធភាពប្រកួតប្រជែង។ មកដល់ពេលនេះ យើងត្រៀមលក្ខណៈមានការពិបាកខ្លាំង ហើយយើងមើលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋហាក់មិនសូវចាប់អារម្មណ៍ការបោះឆ្នោតទៀត នេះជាការមើលឃើញផ្ទាល់របស់យើងក្នុងនាមជាគណបក្សមួយ ដូច្នេះយើងសម្រេចថាមិនចូលរួមការបោះឆ្នោតនោះទេបាទ»។
នាយករងទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការបោះឆ្នោតជាតិកាលពី ៥ ឆ្នាំមុន មានភាពចម្រូងចម្រាស និងរងការរិះគន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ នៅពេលគ្មានបក្សជំទាស់ចូលរួម។ លោកសង្កេតឃើញថា ការបោះឆ្នោតជាតិលើកនេះមានភាពខុសគ្នាឆ្ងាយនៅឆ្នាំ ២០១៣ ដែលកាលនោះមានគណបក្សធំៗចំនួនពីរប្រកួតប្រជែងគ្នា គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលចេញឃោសនាក្នុងទ្រង់ទ្រាយធំ ហើយប្រហាក់ប្រហែលគ្នា។
នៅពេលយុទ្ធនាការឃោសនាបោះឆ្នោតជាតិចាប់ផ្តើម ក្រុមអ្នករិះគន់បន្តនិយាយថា ការបោះឆ្នោតនោះគឺជាការបោះឆ្នោតដែលនឹងមិនអាចយកជាការបានទេ ដោយសារគណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀនមិនបានចូលរួម។ គណបក្សនេះត្រូវបានបដិសេធចុះបញ្ជីឈរបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមហេតុផលខ្វះឯកសារដើមនៃការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ៕