គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដានេះ ចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន ដោយមានការហែក្បួនទ្រង់ទ្រាយធំរាប់ម៉ឺននាក់ ខណៈទីលាននៃការប្រកួតរកសំឡេងគាំទ្រអវត្តមានគូប្រជែងចម្បង បន្ទាប់ពីគណបក្សភ្លើងទៀនមិនអាចឈរឈ្មោះបោះឆ្នោតបាន។
នេះជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលមានរយៈពេល ២១ ថ្ងៃ។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្ដដាខាងមុខ។
លោក អ៊ុយ សារ៉ាត់ អាយុ៥០ឆ្នាំ ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមការបើកឆាកយុទ្ធនាការបោះឆ្នោតថ្ងៃដំបូង ប្រាប់វីអូអេថា លោកមកចូលរួមហែបក្សនៅថ្ងៃនេះ គឺដើម្បីគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន គឺមានការអភិវឌ្ឍល្អប្រសើរ។
លោកថ្លែងថា៖ «ថវិកាសម្រាប់គណបក្សគឺគេលើកទឹកចិត្តយើងដែរ ប៉ុន្តែថាអានេះគឺយើងស្ម័គ្រចិត្តមក មិនមានបញ្ហាអីទេ អាហ្នឹងរឿងថវិកាអីហ្នឹង។ អាហ្នឹងគ្រាន់សម្រាប់ចាក់សាំងអីតិចតួចអ៊ីចឹង ប៉ុន្តែអានេះទឹកចិត្តរបស់យើង យើងមកគាំទ្រគាត់»។
នៅពេលសួរថា តើលោកយល់យ៉ាងណាដែរចំពោះអវត្តមានគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា អ្នកគាំទ្ររូបនេះថា លោកមិនមានអ្វីនិយាយឡើយ ដោយសារតែលោកជាអ្នកគាំទ្រគណបក្សកាន់អំណាច។
លោក សេង វុធភីរៈ សមាជិកម្នាក់របស់គណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា លោកមកដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺដើម្បីគាំទ្រឱ្យ លោក ហ៊ុន សែន ដឹកនាំប្រទេសបន្តទៀត ដោយហេតុថា កម្ពុជាកំពុងតែបោះជំហានដ៏ល្អឆ្ពោះទៅរកការរីកចម្រើន ក្នុងកណ្តាប់ដៃដឹកនាំរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបញ្ជាក់ថា៖ «យល់ឃើញថាការដឹកនាំប្រទេសរាល់ថ្ងៃមានការរីកចម្រើនច្រើន ការអភិវឌ្ឍក៏មានជាក់ស្តែង អត់មានក្លែងបន្លំ ឬមួយបានតែនិយាយដូចបក្សដទៃទៀត។ អ៊ីចឹង ខ្ញុំក៏សម្រេចគាំទ្រគណបក្សប្រជាជនមក ២អាណត្តិដែរហើយ»។
នៅពេលសួរពាក់ព័ន្ធជាមួយគណបក្សប្រឆាំង អ្នកគាំទ្ររូបនេះ លើកឡើងថាពួកគេតែងលើកឡើងអ្វីពាក់ព័ន្ធជាមួយបទញុះញង់ និងមិនឱ្យតម្លៃការអភិវឌ្ឍរបស់រដ្ឋាភិបាល ជាពិសេសចង់ផ្តួលរំលំរដ្ឋាភិបាល។
អ្នកស្រី ថាច់ យីម អាយុ ៧០ឆ្នាំ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា អ្នកស្រីមកទីនេះ គឺដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយការពេញចិត្តចំពោះគណបក្សមួយនេះ។
អ្នកស្រីនិយាយថា៖ «តាំងពី ៧៩ (ឆ្នាំ១៩៧៩) មក យើងដើរតាមបក្ស(គណបក្សប្រជាជនកម្ពុជា)គិតទៅថាល្អ ចាស រីកចម្រើន។ យើងមិនដែលគិតពីគណបក្សប្រឆាំងទេ យើងមានតែដើរតាមបក្សរបស់យើង»។
ក្នុងថ្ងៃយុទ្ធនាការនេះ លោក ហ៊ុន សែន ថ្លែងថាការបោះឆ្នោតលើកនេះ ជា«ព្រឹតិ្តការណ៍នយោបាយប្រវត្តិសាស្រ្ត»។ លោកបន្ថែមថា ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានដឹងច្បាស់អំពីភាពជាក់ស្តែងនៃការអភិវឌ្ឍប្រទេស និងការរក្សាបានសន្តិភាពក្នុងប្រទេស។
លោក ហ៊ុន សែន បានថ្លែងបន្ថែមថា រដ្ឋាភិបាលរបស់លោកនឹងកម្ចាត់សកម្មភាពនយោបាយជ្រុលនិយមក្នុងប្រទេស។ លោកបញ្ជាក់ថា ប្រសិនបើលោកជាប់ឆ្នោតជានាយករដ្ឋមន្រ្តី លោកនឹងបន្តឈរយ៉ាងរឹងមាំក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា ការបោះឆ្នោតដែលនឹងជ្រើសរើសតំណាងរាស្រ្តចំនួន ១២៥រូប នឹងអវត្តមានគណបក្សជំទាស់ដ៏ធំមួយ គឺគណបក្សភ្លើងទៀន ដែលធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ១លាន៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយសារស្ថាប័ន គ.ជ.ប បដិសេធការ ចុះបញ្ជីរបស់គណបក្សនេះ ដោយថា គណបក្សនេះមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវ ដែល«បាត់ឯកសារដើមក្នុងការចុះបញ្ជី»៕