ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាជាតិ​តែងតាំង​សមាជិក​គណៈកម្មការ​ជំនាញ​ដោយ​គ្មាន​បក្ស​ប្រឆាំង


អគាររដ្ឋសភាកម្ពុជា
អគាររដ្ឋសភាកម្ពុជា
​ភ្នំពេញ៖ ក្រោយ​ពី​បាន​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​កាល​ពី​ចុងខែ​មុន​នៅ​ថ្ងៃ​អង្គារ​នេះ​រដ្ឋ​សភាជាតិ​បាន​បោះមួយ​ជំហាន​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រិះ​គន់​ថា​ រដ្ឋសភា​បាន​ធ្វើខុស​ម្តង​ហើយ​ម្តង​ទៀត​ដោយ​រំលោភ​រដ្ឋធម្មនុញ្ញ។

គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​ចាប់​តាំង​ពីប្រធាន​ ​អនុប្រធាន​គណៈកម្មការ​រហូត​ដល់​សមាជិក​សុទ្ធសឹង​ជាមន្ត្រី​ជ្រើស​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​មិន​មាន​សមាជិក​ណាម្នាក់​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ទេ។ នេះ​ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​សច្ចា​ប្រណិធាន​ស្បថ​ចូល​កាន់​មុខ​តំណែង​ជាសមាជិក​សភា​ពេញ​សិទ្ធិ​ក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​ចុង​ខែកញ្ញា។​

របៀប​វារៈ​នៃ​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​អង្គារ​នេះ​រួមមាន​ការ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ជាលេខា​ធិការ​ និង​ជា​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​នីតិ​កាលទី​៥​និង​ការ​ពិនិត្យ​លើ​សមាសភាព​លេខាធិការ​ ចំនួន​៣​រូប​ សម្រាប់​សម័យ​ប្រជុំ​សភា​លើក​ទី​១។​ សមាសភាព​ទាំង​បី​រូប​ រួម​មាន​លោក​ ឡោក​ ហ៊ួរ​ លោក​ស្រី​ កែ ច័ន្ទមុនី​ និង​ លោក​ សៀង ណាំ។

ការ​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃរដ្ឋសភា​ក៏​បាន​ពិនិត្យ​លើ​សេចក្តី​សម្រេច​ព្រាង​នូវ​របៀប​វារៈ​និង​កាល​បរិច្ឆេទ​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​មួយ​នីតិកាល​ទី​៥។

មិន​មាន​មន្ត្រី​ណាម្នាក់​បាន​និយាយ​ជាមួយ​នឹង​អ្នក​សារ​ព័តមាន​ទេ​ដោយ​សារ​តែ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​មិន​អនុញ្ញាត​ឱ្យ​អ្នក​កាសែត​ចូល​យក​ព័តមាន​ឡើយ។​
កាល​ពី​ថ្ងៃ​ទី​២៤​ខែកញ្ញា​រដ្ឋសភា​បាន​បោះឆ្នោត​ជា​កញ្ចប់​ជាមួយ​នឹង​ការ​ជ្រើសរើសនាយក​រដ្ឋមន្ត្រី​និង​រដ្ឋាភិបាល​ក្នុង​ពេល​តែ​មួយ។​

តំណែង​ប្រធាន​រដ្ឋសភា​ អនុប្រធាន​ទី១​និង​ទី​២​នៃ​រដ្ឋសភា​ព្រមទាំង​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋសភា​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​ដដែល។​សម្រាប់​គណបក្ស​សង្គ្រោះជាតិ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​គណកម្មការ​ជំនាញ​ទាំង​នោះទេ​ដោយ​សារ​តែ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​បាន​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ។

លោក​យ៉ែម​ ប៉ុញ្ញឫទ្ធិ​ ​តំណាង​រាស្ដ្រ​មណ្ឌល​ព្រៃវែង​និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេះតែ​រុញ​ទៅ​ទាំង​បំពាន​ពីព្រោះ​ទាំង​ប្រជាពលរដ្ឋ​ ទាំង​សហគមន៍​អន្តរជាតិ​ និង​ព្រះ​មហាក្សត្រ​ បាន​ព្យាយាម​ឱ្យ​មាន​ដំណោះ​ស្រាយ​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​សភា​តែ​គណបក្ស​នេះ​នៅ​តែ​ជំរុញ​បញ្ហា​នេះ​ដដែល។​

លោក​បាន​ឱ្យ​ដឹង​ថា​ចាប់​តាំង​ពី​ថ្ងៃទី​២៣​ខែកញ្ញា​មក​មិន​ទាន់​បាន​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ផង។​រដ្ឋសភា​បាន​បោះឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មការ​ជំនាញ​ថែម​ទៀត ​ដែល​នេះ​គឺជា​ទង្វើ​ខុស​ច្បាប់។​ លោក ​ប៉ុញ្ញ​ឫទ្ធិ​បាន​បន្ថែម​ថា៖

​«ចំពោះ​គោល​ជំហរ​គណបក្ស​សង្គ្រោះជាតិ​យើង​មិន​ចូល​រួម​ទៅ​ធ្វើ​កិច្ច​ការ​ហ្នឹង​ជាមួយ​ទេ»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បានក្តោប​ក្តាប់​អំណាច​ទាំងអស់​ទាំងរដ្ឋាភិបាល​និង​ស្ថាប័ន​នៃ​រដ្ឋសភា​ក្នុង​អណត្តិ​ទី​៥​នេះ​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​ឱ្យ​មាន​តុល្យភាព​នៃ​អំណាច​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិ​ប្រតិបត្តិ​ដោយ​គណបក្ស​នេះ​ចង់​បាន​តួនាទី​ជា​ប្រធាន​រដ្ឋសភា​និង​គណៈកម្មការ​ជំនាញ​យ៉ាង​តិច​ចំនួន​ពាក់​កណ្តាល​នៃ​ចំនួន​គណៈកម្មការ​ជំនាញ​ទាំង​៩។​

ការទាម​ទារនេះ​បាន​បណ្តាល​ឱ្យជាប់​គាំង​ខាង​នយោបាយ។គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​និង​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក​ ប្រទេស​ជា​សមាជិក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ និង​ អង្គការ​សហប្រជាជាតិ​កុំទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោកហ៊ុន សែន៕
XS
SM
MD
LG