ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Nate Thayer ដែល​បាន​សម្ភាស​មេខ្មែរ​ក្រហម​ ប៉ុល ពត ​បាន​ស្លាប់​នៅ​អាយុ ៦២ ឆ្នាំ


រូបឯកសារ៖ លោក Nate Thayer អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឱ្យ​កាសែត​ The Cambodia Daily នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ លោក Nate Thayer អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឱ្យ​កាសែត​ The Cambodia Daily នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/វីអូអេ)

លោក Nate Thayer អ្នក​កាសែត​អាមេរិកាំង​មិន​ចំណុះ​ឱ្យ​ស្ថាប័ន​ណា​មួយ​ដែល​បាន​យក​ព័ត៌មាន​មុន​គេ​បង្អស់​តាម​រយៈ​កិច្ច​សម្ភាស​ឆ្នាំ ១៩៩៧ របស់​លោក​ជាមួយ​នឹង​ ប៉ុល ពត ​ដែល​ជា​មេដឹកនាំ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ក្នុង​ប្រទេស​កម្ពុជា បាន​ស្លាប់​នៅ​អាយុ ៦២ ឆ្នាំ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​យោង​ដល់​ការ​បញ្ជាក់​របស់​ក្រុម​គ្រួសារ​របស់​លោក​កាលពី​ថ្ងៃ​ពុធ។

លោក Nate Thayer ត្រូវ​បាន​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ Rob Thayer ប្រទះ​ឃើញ​ថា​បាន​ស្លាប់​នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុង Falmouth រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក។

លោក Rob Thayer បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា៖ «លោក [Thayer] មាន​ជំងឺ​ជា​ច្រើន និង​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ»។

លោក Nate Thayer បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​រាយការណ៍​ព័ត៌មាន​អំពី​នយោបាយ​និង​សង្គម​របស់​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​របប​ខ្មែរ​ក្រហម​ផង​ដែរ។

លោក​បាន​ចាប់ផ្ដើម​ធ្វើការ​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៨៩ ឱ្យ​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press ហើយ​បន្ទាប់​មក​ឱ្យ​សារព័ត៌មាន Phnom Penh Post ​និង ​ទស្សនាវដ្តី ​Far Eastern Economic Review ដោយ​នៅ​ពេល​នោះ​លោក​បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ព្រៃ​ដ៏​គ្រោះថ្នាក់​នៅ​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​កម្ពុជា។

ក្នុង​រូបរាង​ដែល​មាន​ក្បាល​ត្រងោល​និង​បៀម​ថ្នាំជក់​និង​កាន់​កាំភ្លើង​យ៉ាង​ស្ទាត់​ជំនាញ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​កាសែត​មិន​ធម្មតា ដោយ​ចាប់ផ្ដើម​ដំណើរ​ផ្សងព្រេង​បែប​ចម្លែកៗ​ដូចជា​ការ​ធ្វើ​ដំណើរ​ជាមួយ​នឹង​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​ប្រដាប់​ដោយ​អាវុធ​នៃ​ទស្សនាវដ្ដី Soldier of Fortune ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងរក​គោព្រៃ​ជាដើម។

នៅ​ឯ​តំបន់​ព្រៃ​ជាប់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ លោក​មិន​ខ្លាច​នឹង​ការ​ប្រយុទ្ធ​នៅ​តំបន់​នោះ​ទេ និង​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រាប់​មីន​នៅ​ក្នុង​ឆ្នាំ ១៩៨៩ នៅ​ពេល​លោក​ជិះ​រថយន្ត​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​ក្នុង​ប្រទេស​កម្ពុជា។

ការ​ប្រឹងប្រែង​របស់​លោក​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ ១៩៩៧ នៅ​ពេល​លោក​បាន​ផ្ញើ​សារ​ដ៏​អាថ៌កំបាំង​មួយ​ទៅ​កាន់​និពន្ធ​ការផ្សាយ​លោក Nayan Chanda នៃ​ទស្សនាវដ្តី​ Far Eastern Economic Review ថា លោក​នឹង​សម្ភាសន៍ «ពូ» ដែល​ន័យ​នេះ​លោក​ចង់​សំដៅ​ដល់​ ប៉ុល ពត ដែល​ជា​អ្នក​ដែល​គ្មាន​អ្នក​កាសែត​ណា​ម្នាក់​បាន​ជួប​អស់​រយៈពេល ២ ទសវត្សរ៍​មក​ហើយ​គិត​ត្រឹម​ពេល​នោះ។

លោក Thayer បាន​ចូល​ពី​ប្រទេស​ថៃ​ទៅ​ក្នុង​បន្ទាយ​ក្នុង​ព្រៃ​របស់​ ប៉ុល ពត នៅ​តំបន់​អន្លង់វែង ដោយ​ទៅមុនក្រុម​អ្នក​កាសែត​របស់​សារព័ត៌មាន New York Times ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ជិត​ព្រំដែន​ដោយ​គិត​ថា​ពួកគេ​នឹង​អាច​ជួប​លោក ប៉ុល ពត ​បាន។

ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​បាន​រាយការណ៍​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ទស្សនាវដ្តី​ Far Eastern Economic Review អំពី​កិច្ច​សម្ភាសន៍​របស់​លោក​ជាមួយ​នឹង​ ប៉ុល ពត។ នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ ប៉ុល ពត បាន​និយាយ​ថា៖ «តើ​ខ្ញុំ​ជា​មនុស្ស​អមនុស្សធម៌​មែន​ទេ? ខ្ញុំ​នៅ​មាន​មនសិការ​ច្បាស់លាស់»។

មួយ​ឆ្នាំ​ក្រោយ​មក លោក Thayer បាន​ចេញ​ផ្សាយ​ព័ត៌មាន​មុន​គេ​បង្អស់​ផ្សេងៗ​ទៀត​ដូចជា​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ ប៉ុល ពត ​និង​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​តាម៉ុកដែល​ជា​មេទ័ព​ខ្មែរ​ក្រហម​ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG