កំណត់និពន្ធ៖ អ្នកស្រី Anida Yoeu Ali គឺជាសិល្បៈការិនីដ៏មានទេពកោសល្យម្នាក់ ដែលមានទស្សនៈយល់ឃើញពីពិភពលោកដ៏ពិសេសមួយទាក់ទងនឹងអំណាចនៃភាពជំនះនឹងការលំបាក សមត្ថភាពសម្របសម្រួលខ្លួនតាម និងការបត់បែនតាមកាលៈទេសៈ។ នេះបើយោងតាមលោកស្រី Kate Cary Evans ជាស្ថាបនិក និងជានិពន្ធនាយកនៃទិន្នានុប្បវត្តិរបស់មូលនិធិ Art Radar ក្នុងបទសម្ភាសន៍តាមអ៊ីមែលជាមួយនឹង VOA ខ្មែរ។ លោកស្រី Kate Evans បានជ្រើសតាំងស្នាដៃសិល្បៈរបស់អ្នកស្រី Ali សម្រាប់ពានរង្វាន់លើកទី១១ នៃមូលនិធិសិល្បៈអធិបតេយ្យអាស៊ី ឬ the Sovereign Asian Art Prize ដែលអ្នកស្រី Ali បានក្លាយជាអ្នកឈ្នះពានរង្វាន់នេះ។
VOA៖ ហេតុអ្វីបានជាលោកស្រីជ្រើសតាំងឲ្យសិល្បការិនី Anida Yoeu Ali ឈរឈ្មោះជាបេក្ខជនសម្រាប់ពានរង្វាន់លើកទី១១របស់មូលនិធិសិល្បៈអធិបតេយ្យភាពអាស៊ី ឬ the Sovereign Asian Art Prize?
លោកស្រី Kate Cary Evans៖ ខ្ញុំបានបង្កើតទស្សនាវដ្តីឈ្មោះ Art Radar កាលពីឆ្នាំ២០០៨ ហើយខ្ញុំ និងក្រុមការងាររបស់ខ្ញុំបានតាមដានស្នាដៃសិល្បៈរបស់ Anida ជាច្រើនឆ្នាំមកហើយ។ យើងបានសរសេរពីស្នាដៃសិល្បៈ ស្ថានភាពរស់នៅរបស់នាង ហើយក៏បានសម្ភាសន៍នាងអំពីគម្រោងសិល្បៈរបស់នាងឈ្មោះ the Buddhist Bug ដែលបានឈ្នះពានរង្វាន់ Sovereign Prize នោះដែរ។
មូលហេតុមួយដែលយើងបានជ្រើសយកស្នាដៃសិល្បៈរបស់ Anida ឲ្យប្រជែងយកពានរង្វាន់ Sovereign Prize ដោយសារតែគោលបំណងរបស់រង្វាន់សិល្បៈអធិបតេយ្យភាពអាស៊ីនេះគឺលើកកម្ពស់ស្នាដៃសិល្បៈរបស់សិល្បករអាស៊ីវ័យកណ្តាល ដែលមានស្នាដៃសិល្បៈឆ្នើម ហើយយើងយល់ថា ស្នាដៃសិល្បៈរបស់ Anida មានលក្ខណៈពិសេស។
Anida កើតនៅប្រទេសកម្ពុជា ប៉ុន្តែ នាងបានរត់ភៀសខ្លួនមកសហរដ្ឋអាមេរិកដោយសារតែរបបខ្មែរក្រហម តែនាងបានវិលត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញកាលពីឆ្នាំ២០១១។ Anida យល់ថា ទីក្រុងភ្នំពេញគឺជាកន្លែងដ៏ពិសេសមួយសម្រាប់សិល្បៈករដូចជារូបនាង ហើយបានជំរុញលើកទឹកចិត្តដល់ស្នាដៃសិល្បៈរបស់នាង។ យើងយល់ថា ស្នាដៃសិល្បៈរបស់នាងពោរពេញដោយសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ ដូចជារឿងរ៉ាវដែលមនុស្សធ្វើការឆ្លើយតបទៅនឹងការផ្លាស់ប្តូរទីលំនៅ និងភាពចលាចលជាដើម។
មូលហេតុមួយទៀតដែលយើងជ្រើសយក Anida គឺថា ពានរង្វាន់នេះតែងតែផ្តល់ឲ្យសិល្បៈករមកពីទីក្រុងហុងកុង ហើយផ្តល់ឲ្យសិល្បៈករដែលមកពីអាស៊ីអាគ្នេយ៍គឺប្រទសថៃតែម្តងគត់។ មូលនិធិរបស់យើងដឹងថា មានស្នាដៃសិល្បៈដ៏ឆ្នើមជាច្រើនដែលសិល្បៈករនៅតំបន់អាស៊ីបានធ្វើ ក៏ប៉ុន្តែ មិនត្រូវទទួលបានការចាប់អារម្មណ៍។ ហើយគោលដៅរបស់មូលនិធិ Art Radar របស់យើងគឺដើម្បីលើកកម្ពស់ស្នាដៃរបស់សិល្បៈករដែលគួរទទួលបានរង្វាន់ ដែលមិនសូវទទួលបានចំណាប់អារម្មណ៍។ យើងយល់ថា Anida គឺជាសិល្បៈការិនីដ៏មានទេពកោសល្យ និងគួរទទួលបានរង្វាន់។ ហើយយើងពិតជាសប្បាយចិត្តដែលនាងបានឈ្នះពានរង្វាន់ឆ្នាំនេះ។
VOA៖ តើអ្នកស្រី Anida បង្កើតស្នាដៃសិល្បៈអ្វីខ្លះ?
លោកស្រី Kate Cary Evans៖ Anida គឺជាសិល្បៈការិនីដ៏មានទេពកោសល្យម្នាក់។ នាងបានប្រើប្រាស់ឧបករណ៍ជាច្រើនក្នុងស្នាដៃសិល្បៈរបស់នាង ហើយសម្រាប់គម្រោង the Buddhist Bug យើងឃើញមានការសម្តែងសិល្បៈ ការតាំងពិព័រណ៍ ផលិតផលវាយនភណ្ឌ ខ្សែភាពយន្តខ្លី និងរូបភាពជាដើម។
គំនិតនៃគម្រោង the Buddhist Bug ដែលបានឈ្នះពានរង្វាន់នេះគឺកើតចេញពីរបស់ក្មេងលេងមួយដ៏ពេញនិយមនៅប្រទេសលោកខាងលិច។ នេះគឺជាកងរង្វង់ដែលអាចពង្រីកបាន ដើម្បីឲ្យក្មេងៗចូលក្នុងកងនោះ ហើយសម្រូតចុះមកក្រោម។ ស្នាដៃសិល្បៈនេះគឺប្រៀបដូចជារូបសត្វល្អិតដ៏ធំមួយ ដែលអាចរត់ចុះរត់ឡើងគ្រប់ទីកន្លែងបាន។
គម្រោងសិល្បៈនេះបានធ្វើឡើងនៅតាមកន្លែងជាច្រើន ហើយមានដាក់តាំងនៅតាមទីសាធារណៈទៀតផង ជាពិសេស វាបានក្លាយជាទីកន្លែងមួយ ដែលឲ្យមនុស្សទូទៅចូលរួមសម្តែងផងដែរ។ សកម្មភាពទាំងនេះត្រូវបានចងក្រងជារូបភាព និងជាខ្សែភាពយន្តឯកសារខ្លី។ ដូច្នេះ យើងឃើញថា ស្នាដៃសិល្បៈនេះអាចបត់បែនបានគ្រប់កាលៈទេសៈ ដូចជាសត្វល្អិតមួយអញ្ចឹង។
ខ្ញុំគិតថា អ្វីដែលនាំឲ្យស្នាដៃដ៏កម្ររបស់ Anida មានលក្ខណៈពិសេសកម្រមានគឺថា បើទោះបីជាសិល្បៈករជាច្រើននាក់បានប្រើប្រាស់ប្រព័ន្ធព័ត៌មានច្រើនទម្រង់សម្រាប់ស្នាដៃសិល្បៈរបស់ខ្លួនក្តី ក៏មានសិល្បៈករមួយចំនួនតូចប៉ុណ្ណោះ ដែលបានប្រើប្រាស់ឧបករណ៍ច្រើនប្រភេទដើម្បីបង្កើតស្នាដៃសិល្បៈតែមួយ។ ជាទូទៅ សិល្បៈករប្រើប្រាសឧករណ៍សិល្បៈមួយ ឬពីរដូចជាការតាំងពិព័រណ៍ និងរូបថតនៃពិព័រណ៍នោះ ហើយបន្ទាប់មក ពួកគេអាចនឹងបង្កើតការតាំងពិព័រណ៍ថ្មីមួយទៀតតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ ស្នាដៃសិល្បៈរបស់ Anida បានរួមបញ្ចូលឧបករណ៍សិល្បៈជាច្រើនដើម្បីបង្កើតសមិទ្ធិផលមួយនេះឡើង ដែលយើងពិតជាភ្ញាក់ផ្អើល។ យើងពិតជាពេញចិត្តនឹងស្នាដៃសិល្បៈ the Buddhist Bug របស់ Anida ដែលអាចដាក់តាំងទាំងនៅទីកន្លែងឯកជន និងទីសាធារណៈបាន ដែលមានលក្ខណៈពិសោធន៍ និងជាការចងក្រងឯកសារ។ វាអាចដាក់កន្លែងណាក៏បាន ហើយអាចមានទំហំតូច ឬធំក៏បាន។ ទាំងក្មេង និងមនុស្សធំពេញវ័យអាចចូលរួមក្នុងសកម្មភាពសិល្បៈនេះបានទៀតផង។ នេះគឺពិតជាស្នាដៃដ៏ឆ្នើមមួយ។
VOA៖ តើអ្វីទៅដែលធ្វើឲ្យស្នាដៃសិល្បៈរបស់អ្នកស្រី Anida Yoeu Ali មានលក្ខណៈពិសេស និងខុសពីស្នាដៃសិល្បៈនៅតំបន់អាស៊ីបច្ចុប្បន្ននេះ?
លោកស្រី Kate Cary Evans៖ ក្រៅពីលក្ខណៈបត់បែនបាននៃស្នាដៃសិល្បៈរបស់ Anida យើងយល់ថា Anida មានទស្សនៈយល់ឃើញពីពិភពលោកដ៏ពិសេសមួយ។
Anida បានធំដឹងក្តី និងទទួលការអប់រំនៅសហរដ្ឋអាមេរិក ហើយក្រោយមកបានស្វែងយល់ពីប្រវត្តិរូបរបស់នាងក្នុងជាជាជនជាតិកម្ពុជា និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយក៏បានត្រឡប់មករស់នៅទីក្រុងភ្នំពេញ នៅកម្ពុជាវិញ។
ស្នាដៃសិល្បៈរបស់នាងគឺស្តីអំពីប្រវត្តិសាស្ត្រនៃអំពើហិង្សា ការលុបបំបាត់ស្លាកស្នាមនៃភាពឈឺចាប់ និងភាពជំនះ។ ខ្ញុំយល់ថា ប្រវត្តិរបស់នាងបានធ្វើឲ្យនាងមានទស្សនៈដ៏ពិសេសមួយទាក់ទងនឹងអំណាចនៃភាពជំនះ សមត្ថភាពសម្របសម្រួលខ្លួនក្នុងសង្គម និងភាពបត់បែនបាន ដែលនាងទទួលបានតាមរយៈបទពិសោធន៍ជីវិតរបស់នាងក្នុងនាងជាជនជាតិកម្ពុជា។
ក៏ប៉ុន្តែ សាច់រឿង និងស្នាដៃសិល្បៈរបស់នាងគឺជាសារមួយ ដែលមនុស្សនៅទូទាំងពិភពលោកសព្វថ្ងៃនេះ ជាពិសេស យុវជនអាចស្វែងយល់បាន។ ដោយសារមូលហេតុជាច្រើន ពិភពលោកយើងកំពុងតែផ្លាស់ប្តូរយ៉ាងលឿន ជាពិសេស ដោយសារតែបច្ចេកវិទ្យា។ សំណួរទូទៅគឺថា តើយើងត្រូវសម្របសម្រួលខ្លួនតាមកាលៈទេសៈយ៉ាងដូចម្តេច ដើម្បីឲ្យអត្តសញ្ញាណរបស់យើងនៅឋិតឋេរដដែល។ ហើយស្នាដៃសិល្បៈ the Buddhist Bug របស់ Anida គឺជានិមត្តិរូបដ៏អស្ចារ្យមួយនៃភាពបត់បែនតាមកាលៈទេសៈនេះ។
ជាមួយគ្នានេះ យើងពេញចិត្តយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់នាងទាក់ទងនឹងបញ្ហាភាពជំនះនឹងរឿងលំបាក និងសកម្មភាពសហគមន៍ ដែលនាងបានចូលរួមបង្កើតនៅតាមអង្គការជាច្រើន ដូចជាសាច់រឿងការរាំរបស់ស្ត្រី ដែលសហការជាមួយនឹងផលិតកម្ម Mango Tribe និងស្នាដៃសិល្បៈផ្សេងៗដែលសហការជាមួយនឹងសិល្បៈករអាស៊ីសញ្ជាតិអាមេរិក និងស្ថានីយ៍សិល្បៈព័ត៌មានឈ្មោះ Studio Revolt ដែលធ្វើការជាមួយនឹងយុវជនកម្ពុជា និងសិល្បៈករខ្មែរសញ្ជាតិអាមេរិកដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកជាដើម៕