ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឃុំខ្លួន​មេដឹកនាំ​សហជីព​ណាហ្គាវើលដ៍ នាំឲ្យ​មាន​ការរិះគន់​ពី​អ្នកជំនាញ​អង្គការ​សហ​ប្រជាជាតិ


រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​កញ្ញា​ ឈឹម ស៊ីថរ ​បន្ទាប់​ពី​មាន​កូដកម្ម​ចំនួន​ពីរ​សប្តាហ៍​ជាប់ៗ​គ្នា​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ចំពោះ​ការ​បណ្តេញ​បុគ្គលិក​ចេញ​ពីការងារ​និង​អនុញ្ញាត​ឱ្យ​តំណាង​សហជីព​ចូល​ធ្វើ​ការ​វិញ​បាន។​

ការ​ចាប់​ខ្លួន​សកម្ម​ជន និង​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ញុះញង់​តាម​ផ្លូវ​តុលាការ ក៏​រង​ការ​រិះ​គន់​ពី​សំណាក់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។​

កម្មករ​និយោជិត​ និង​តំណាង​សហជីព​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​ចាប់​ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន នៅ​ពេល​កម្មករ​និយោជិត​ជាង​១.៣០០​នាក់​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ហើយ​បុគ្គលិក​អះអាង​ថា​ មិន​ផ្តល់​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ​ដូច​ជា​ប្រាក់​អតីត​ភាព​ការងារ។​ ក្រុមហ៊ុន​ត្រូវ​មន្រ្តី​សហជីព​ចោទ​ថា​ មាន​ចេតនា​បំបាត់​សំឡេង​តំណាង​បុគ្គលិក​ដោយសារ​ក្រុមហ៊ុន ​មិន​ព្រម​បើក​ផ្លូវ​ឱ្យ​ថ្នាក់​ដឹកនាំ​ និង​មន្រ្តី​សហជីព​នៅ​ក្រុមហ៊ុន​ បាន​វិល​ត្រឡប់​មក​កន្លែង​ការងារ​វិញ។​

កញ្ញា ​ឈឹម ស៊ីថរ​ លោក ​សុខ​ ណារិទ្ធ​ និង​លោក ​សុខ គង្គា ​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​កម្លាំង​នគរបាល​អះអាង​ថា​ កូដកម្ម​កន្លង​មក​នោះ​ ជា​កូដកម្ម​ខុស​ច្បាប់​ និង​មាន​ចរិត​ជា​ចលនា​ បង្ក​ចលាចល​ក្នុង​សង្គម​ព្រោះ​មាន​ការ​ឧបត្ថម្ភ​ថវិកា​ពី​ក្រៅ​ប្រទេស​ឱ្យ​មាន​ការ​បន្ត​តវ៉ា​នៅ​មុខ​កាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ កញ្ញា​ ឈឹម ស៊ីថរ ​និង​ថ្នាក់​ដឹកនាំ​សហជីព​មួយ​រូប​ទៀត​គឺ ​លោក ​សុខ ណារិទ្ធ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ។ ​ចំណែក​ថ្នាក់​ដឹកនាំ​ម្នាក់​ទៀត​ គឺ​លោក​ សុខ គង្គា ​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។​

លោក ​អំ សំអាត​ យល់​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​វិស័យ​ការងារ​គួរ​រក​ច្រក​ឱ្យ​ភាគី​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បន្ត​ជួប​ចរចា​ ដើម្បី​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ហើយ​ឈាន​ទៅ​ដល់​ការ​បញ្ចប់​កូដកម្ម ​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កូដករ​ និង​អាជ្ញាធរ​សន្តិសុខ។​

លោក​បញ្ជាក់​ថា៖​ «ឫស​គល់​វា​កើត​ចេញ​ពី​រឿង​វិវាទ​ការ​ងារ​ អី៊ចឹង​គួរ​តែ​ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ជួយ​សម្រប​សម្រួល​ដោះស្រាយ​ តាម​នីតិវិធី​ តាម​ច្បាប់​ការងារ​ដើម្បី​បញ្ចប់​នូវ​កូដកម្ម ​ឬ​ក៏​បញ្ចប់​នូវ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​បុគ្គលិក​ណាហ្គាវើលដ៍។ ​វា​ជា​ជម្រើស​ល្អ»។​

មុន​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​៣​ មាន​អ្នក​តំណាង​សហជីព​ និង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​៦​នាក់​ទៀត​ ដែល​ចូលរួម​កូដកម្ម​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ដូច​គ្នា​នេះ​ ហើយ​ពួក​គេ​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ​រង់​ចាំ​ការ​កាត់​ទោស​ដែរ។​

ប្រសិន​បើ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថាមាន​ទោស មន្រ្តី​សហជីព​ទាំង​នោះ​ អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៦​ខែ ​ដល់​២​ឆ្នាំ។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ចាត់​ទុក​ការ​ចាប់​ខ្លួន​កូដករ​ និង​មន្រ្តី​សហជីព​នា​ពេល​ថ្មីៗ​នេះ ថាជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អ្នក​ជំនាញ ​ ក្នុង​នោះ​មាន​លោក​ Vitit Muntarbhorn ​អ្នក​រាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ធ្វើ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​និង​ចុះ​ថ្ងៃទី​៥ ខែ​មករា​ ឆ្នាំ​២០២២​ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ឯករាជ្យ ​និយាយ​ថា៖​ «ការ​ចាប់​ខ្លួន​កូដករ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី ​ជា​ច្រើន​លើក​ទាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ហិង្សា ​និង​មើល​ទៅ​ជា​ការ​បំពាន​លើ​សេរី​ភាព​ក្នុង​ការ​បង្កើត​សមាគម​ ការ​ប្រមូល​ផ្តុំ​ និង​ការ​បញ្ចេញ​មតិ»។​

ក្រុម​អ្នក​ជំនាញ​បន្ថែម​ថា៖​ «យើង​ខ្ញុំ​ក៏​សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​របៀប​នៃ​ការ​ចាប់​ខ្លួន​ករណី​ដំបូងៗ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ពេល​យប់​មុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ​នៅ​ពេល​មាន​ព្រឹត្តិ​ការណ៍​ជា​ច្រើន​ផ្សេង​ទៀត ​បាន​បង្វែរ​ចំណាប់​អារម្មណ៍​សាធារណជន។​នេះ​ អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មធ្យោបាយ​មិន​សមរម្យ​មួយ​ក្នុង​ការ​រឹត​ត្បិត​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន»។​

ចំណែក​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ ​លោក ​Phil Robertson ​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សហជីព​អំឡុង​ពេល​មាន​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​បង្ហាញ​ពី​រូបភាព​គួរ​ឱ្យ​ភ័យ​ខ្លាច​ ពេល​មាន​ការ​បង្ក្រាប​លើ​កូដកម្ម​ដោយ​អហិង្សា។​

លោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​ «ការ​បង្ក្រាប​ដែល​កើន​ឡើង​ខ្លាំង​នៅ​កម្ពុជា​ទៅលើ​កូដករ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​សមាជិក​សហជីព​ចំនួន​៣០​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​អូស​ទាញ​ចេញ​[ពី​កន្លែង​កូដកម្ម]​ នៅ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​កន្លង​មក​នេះ។​ ការ​គ្មាន​ភាព​អត់ឱន​បែប​នេះ​ បង្ហាញ​នូវ​រូបភាព​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​អំពី​របៀប​ដែល​កម្ពុជា​ធ្វើ​ទៅលើ​កម្មករ​ដែល​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​ ការ​ប្រមូល​ផ្តុំ​ និង​ការ​ប្រជុំ​ដោយ​សន្តិវិធី»។​

លោក​បន្ថែម​ថា​ អំឡុង​ពេល​ពីរ​សប្តាហ៍​កន្លង​មក​នេះ ​ កម្មករ​ទាំង​នោះ​ មិន​បាន​ធ្វើ​អ្វីខុស​ ដែល​គួរ​ឱ្យ​ពួក​គេ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ទេ ហើយ​អាជ្ញាធរ​កម្ពុជា​គួរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​លោក​ថា​ យក​ជា​ការ​មិន​បាន​នោះ។​

រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បរទេស​ អង្គការ​ពលកម្ម​អន្តរ​ជាតិ​ និង​ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ថោ្កល​ទោស​ខ្លាំង​ក្លា​ចំពោះ​ក្រុម​មន្ត្រី​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ដែល​បាន​ប្រើ​ហិង្សា​ និង​ធ្វើ​ការ​ឃុំ​ខ្លួន​កញ្ញា​ ឈឹម ស៊ីថរ​ប៉ុន្មាន​វិនាទី​ពេល​គាត់​ចេញ​ពី​រថយន្ត​ នៅ​ក្បែរ​ការ​ឈរ​រាំង​ផ្លូវ​តវ៉ា​របស់​កម្មករ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក ​Hein Dames​ បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់ ​លោក ​ឃុន ថារ៉ូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មាន​ចំណុច​ពីរ​សំខាន់ៗ​ ដែល​កូដករ​ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​ត្រូវ​គ្នា​ គឺ​ទី១​ ក្រុមហ៊ុន​ត្រូវ​ទទួល​យក​ថ្នាក់​ដឹកនាំ​ សហជីព​ ប្រតិភូ​បុគ្គលិក​ និង​សមាជិក​៣៦៥​នាក់​ ចូល​ធ្វើ​ការ​វិញ។​ហើយ​ទី២​ ក្នុង​ករណី​ ដែល​បុគ្គលិក​ព្រម​ទទួល​យក​សំណង​ គឺត្រូវ​ធ្វើ​ការ​គណនា​ប្រាក់​សំណង​ទូរទាត់​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល។​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរ​ជាតិ ដែល​បាន​ឃ្លាំ​មើល​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ ​ បាន​ឱ្យ​ដឹង​ថា​ មាន​ការ​ឃាត់​ខ្លួន​កូដករដែល​ភាគ​ច្រើន​ជា​សមាជិក​ សកម្មជន​ និង​ថ្នាក់​ដឹកនាំ​សហជីព​យ៉ាង​ហោច​ណាស់​២៩​នាក់​ក្នុង​ពេល​តវ៉ា​កាល​ពី​កន្លង​ទៅ។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​លើក​ឡើង​ថា​ អ្នក​ដឹក​នាំ ​និង​សកម្ម​ជន​សហជីព​បាន​ធ្វើ​កូដកម្ម​ចាប់​ពី​ថ្ងៃ​ទី១៨​ ខែធ្នូ ​ ឆ្នាំ​២០២១​ ដើម្បី​ជា​ការ​តវ៉ា​ចំពោះ​អ្វី​ដែល​ពួក​គាត់​ចាត់​ទុក​ថា​ជា​ការប​ណ្តេញ​ចេញ​ពី​ការងារ​ដោយ​អយុត្តិធម៌​សម្រាប់​បុគ្គលិក​និយោជិត​ចំនួន​៣៦៥​នាក់​របស់​កាស៊ីណូ​ និង​រីសត ​ឬ​កន្លែង​កម្សាន្តណាហ្គាវើលដ៍​ បន្ទាប់​ពី​ការ​ចរចា​មិន​បាន​សម្រេច​ច្រើន​លើក​ជាមួយ​និយោជក​ ក្រសួង​ការងារ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ យល់​ថា​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មិន​បាន​ដឹង​ពី​របៀបវារៈ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​សកម្ម​ភាព​តវ៉ា​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដែល​លោក​អះអាង​ថា​ មិន​មែន​ជា​ទម្រង់​នៃ​ការ​សម្តែង​មតិ​រក​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​ទេ។​ប៉ុន្តែ​លោក​ថា​ ជា​សកម្ម​ភាព​មួយ​ដែល​មាន​អង្គការ​ចាត់​តាំង​ពី​ក្រៅ​ប្រទេស​ឱ្យ​បង្កភាព​ចលាចល​ក្នុង​សង្គម។​

លោក​ប្រាប់​វីអូអេ​ថា៖ ​ «អ៊ីចឹង​ហើយ​ គឺ​មាន​តែ​វិធាន​ការ​ច្បាប់​ទេ​ ដែល​អាច​ធ្វើ​ការ​ដោះស្រាយ​បាន។ ​ បើ​សិន​ជា​ពាក់​ព័ន្ធ​វិវាទ​ការងារ​សុទ្ធ​តែ​ម្តង​ មិន​មាន​ផែន​ការ​ទុច្ចរិត​អី​នៅ​ពី​ក្រោយ​អាហ្នឹង​អាច​ដោះ​ស្រាយ​បាន​ស្រួល​ តាម​ច្បាប់​ការងារ។​អី៊ចឹង​ទាល់​តែ​ពួក​គាត់​ហ្នឹង​មើល​ឱ្យ​បាន​ស៊ី​ជម្រៅ​ជាង​នេះ​បន្តិច​ហើយ​កុំ​មាន​ភាព​លម្អៀង​នយោបាយ​អា​ហ្នឹង​គាត់​អាច​មើល​ឃើញ​ហើយ»។​

លោក​ ឃុន ថារ៉ូ ​មន្រ្តី​អង្គការ​សង់ត្រាល់​ប្រតិកម្ម​ថា​កូដកម្ម​ដែល​កំពុង​បន្ត​នេះ​ ផ្តើម​ចេញ​ពី​វិវាទ​ការងារ​សុទ្ធ​សាធ​ ហើយ​អាជ្ញាធរ​គួរ​តែ​សិក្សា​ឱ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ដើម​ចម​នៃ​វិវាទ​នេះ​ ហើយ​ថា​ កូដកម្ម​នេះ​មិន​មាន​ចរិត​បង្ក​ឱ្យ​មាន​វឹកវរ​ក្នុង​សង្គម​ទេ​ ពោល​គឺ​កម្មករ​និយោជិត​បាន​ប្រើ​ប្រាស់​ជម្រើស​ចុង​ក្រោយ​នៃ​ការ​បំបែក​ជម្លោះ​ការងារ​តាម​រយៈ​ការ​ធ្វើ​កូដកម្ម​នេះ។​

យ៉ាង​ណា​ក៏​ដោយ ​បុគ្គលិក​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ដដែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​មាន​ការ​យាម​កាម​ពី​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់​នៅ​តំបន់​កាស៊ីណូ​ណាហ្គាវើលដ៍​ដែល​នៅ​ក្បែរ​រដ្ឋ​សភា​ជាតិ៕

XS
SM
MD
LG