ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈ​កូដកម្ម​បន្ត


បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​១០០​ បាន​រួមគ្នា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​ថ្នាក់​ដឹកនាំ​ សកម្មជន​សហជីព​ និង​បុគ្គលិក​ចំនួន​៩​នាក់ ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ញុះញង់​ ក្រោយ​ការ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​ ដើម្បី​ទាមទារ​ការ​ដោះស្រាយ​វិវាទ​ការងារ។​

ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​ សមាជិក​ និង​សកម្មជន​សហជីព​ កើត​មាន​ឡើង​ បន្ទាប់​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ចោទ​ថា​ ការ​ធ្វើ​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ ណាហ្គាវើលដ៍​ជា​កូដកម្ម​ខុស​ច្បាប់​ បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ ចុះ​ថ្ងៃទី៤ ​ខែ​មករា​ ឆ្នាំ​២០២២​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ក្នុង​នោះ​ មាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​សហគមន៍​ដីធ្លី​ និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា​ សង់ត្រាល់​ (CENTRAL)​ បាន​បង្ហាញ​ការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​វិធាន​ការ​របស់​ប៉ូលិស​ក្រុង​ភ្នំពេញ​ ដែល​បាន​ឃាត់​ខ្លួន​ថ្នាក់​ដឹក​នាំ​សហជីព​ ប្រតិភូ​ចរចា​ និង​សកម្ម​ជន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ បុគ្គលិក​ កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​(LRSU) ​ចំនួន​៩​នាក់​ ទាំង​យប់​នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ហើយ​បន្ត​ចាប់​ខ្លួន​យ៉ាង​ហិង្សា​មក​លើ​អ្នក​ដឹកនាំ​សហជីព​កញ្ញា​ ឈឹម ស៊ីថរ​ នៅ​រសៀល​ថ្ងៃ​ទី​៤ ​ខែ​មករា​ ឆ្នាំ​២០២២។​

សេចក្តី​ថ្លែង​ការណ៍​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖ «យើង​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ដឹកនាំ​ និង​សមាជិក​សហជីព​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ទាន់​ និង​ឥត​លក្ខខណ្ឌ»។​

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កូដកម្ម​ដែល​បាន​កើត​ឡើង​នៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​ទាំងពីរ​ទីតាំង​នោះ​ មាន​ឫសគល់​ចេញ​ពី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដែល​តោង​ឱ្យ​មាន​ការ​ដោះស្រាយ​ទៅ​តាម​ច្បាប់​ស្តីពី​ការងារ ​ហើយ​ថា​ ការ​ចាប់​ខ្លួន​អ្នក​សហជីព​នៅ​ក្រុមហ៊ុន​នេះ​ បែរ​ជា​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​រវាង​បុគ្គលិក​ក្រុមហ៊ុន​ណាហា្គវើលដ៍​ និង​អាជ្ញាធរ​ទៅ​វិញ។​

«ឥឡូវ​ហ្នឹង​ វា​ក្លាយ​ជា​វិវាទ​ ឬ​ក៏​មាន​ភាព​តានតឹង​ប្រឈម​មុខ​ដាក់​គ្នា​រវាង​បុគ្គលិក​ណាហ្គាវើលដ៍​ ដែល​ធ្វើ​កូដកម្ម​ និង​សហជីព​ណាហ្គាវើលដ៍​ហ្នឹង​ ជាមួយ​នឹង​អាជ្ញាធរ​ទៅ​វិញ។​ អា​ចំណុច​ហ្នឹង​ដែល​ខ្ញុំ​យល់​ថា​ បើ​សិន​ជា​ការ​ដោះ​លែង​អ្នក​ទាំង​អស់​ហ្នឹង​ ហើយ​វិល​ទៅ​រក​ការ​ចរចា​ដោយ​សន្តិវិធី​ តាម​នីតិវិធី​ ទៅ​តាម​ច្បាប់​ការងារ​ ដើម្បី​បញ្ចប់​វិវាទ​ការងារ​រវាង​ណាហ្គាវើលដ៍​ជាមួយ​នឹង​បុគ្គលិក​ណាហ្គាវើលដ៍​ហ្នឹង​ អា​ហ្នឹង​ គឺ​ជា​ដំណោះ​ស្រាយ​ល្អ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្នុង​ចំណោម​សមាជិក​សហជីព​ចំនួន​៩​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នោះ​ មាន​សមាជិក​ចំនួន​៨​នាក់​ ដែល​រួម​មាន​អ្នក​ស្រី​ ឈឹម សុខន​ អ្នក​នាង សុន​ ស្រី​ពេជ្រ អ្នក​ស្រី ​ហៃ សុភាព​ អ្នកស្រី​ រី សុវណ្ណឌី​ អ្នកស្រី​ រិន ផល្លា​ កញ្ញា ​អេង ស្រីបូ​ អ្នកស្រី ​ស៊ុន ស្រីមុំ​ និង​អ្នកស្រី ​ឃ្លាំង​ សុបិន្ត​ ត្រូវ​បាន​នគរបាល​ព័ទ្ធចាប់​ឃាត់​ខ្លួន​នៅ​ទី​តាំង​ការិយាល័យ​សហជីព​ ហើយ​ម្នាក់​ទៀត​ ឈ្មោះ​កញ្ញា ​ទូច​ សិរីមាស​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ពេល​ដែល​កញ្ញា​ចាក​ចេញ​ពី​កន្លែង​ធ្វើ​កូដកម្ម​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​ខាង​លើ​ មាន​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​សហជីព​ចំនួន​៦​នាក់​ រួម​មាន​អ្នកស្រី ​ឈឹម សុខន​ អ្នកស្រី ​ឃ្លាំង សុបិន្ត ​អ្នក​នាង ​សុន ស្រីពេជ្រ ​អ្នកស្រី​ រី សុវណ្ណឌី​ អ្នកស្រី ​ហៃ សុភាព ​និង​កញ្ញា ​ទូច សិរីមាស​ ត្រូវ​បាន​ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​លោក ​សេង ហៀង ​ចោទ​ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

ថ្នាក់​ដឹកនាំ​សហជីព​៣​នាក់​ផ្សេង​ទៀត​ គឺ​កញ្ញា ​ឈឹម ស៊ីថរ​ លោក ​សុខ​ ណារិទ្ធ​ និង​លោក​សុខ គង្គា ​ក៏​រង​បទ​ចោទ​ប្រកាន់​ដូច​គ្នា។​អ្នក​ទាំង​៣​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ​ចំណែក​៦​នាក់​ផ្សេង​ទៀត​ដែល​ចាប់​ខ្លួន​មុន​ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ។ ​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

ប្រសិន​បើ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ ​មាន​ទោស​ សកម្មជន​សហជីព​ទាំង​នោះ​ អាច​នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ដល់​២​ឆ្នាំ។​

ដោយ​ឡែក​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​(គ.ប.ម.)​បាន​ថ្កោល​ទោស​ការ​បង្ក្រាប​របស់​អាជ្ញាធរ​មក​លើ​កូដកម្ម​របស់​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដែល​បាន​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ស្តីពី​ការងារ​ និង​ច្បាប់​សហជីព។​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ចុះ​ថ្ងៃ​ទី​៤ ​ខែ​មករា​ ឆ្នាំ​២០២២។​

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា៖ ​ «គ.ប.ម.​ជំរុញ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បណ្តឹង​ផ្លូវ​ច្បាប់​ដោះ​លែង​កូដករ​ទាំង​អស់​ និង​បំពេញ​តួនាទី​ អព្យាក្រឹត​ សម្រប​សម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព»។​

ប៉ុន្តែ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ជិន ម៉ាលីន​ យល់​ថា​ កូដកម្ម​ដែល​ផ្ទុះ​ឡើង​ជាង​ពីរ​សប្តាហ៍​នៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​នោះ​ មិន​មែន​ជា​ការ​សម្តែង​មតិ​ទេ​ តែ​ជា​ទម្រង់​នៃ​ផែន​ការ​មួយ​ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រៅ​ប្រទេស​ឱ្យ​បង្ក​ចលាចល​ដល់​សន្តិសុខ​សង្គម​ និង​សណ្តាប់​ធ្នាប់​សាធារណៈ។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​ថា៖ ​ «បើ​យើង​មើល​តាម​ការ​បង្ហាញ​របស់​សមត្ថ​កិច្ច​ ពាក់​ព័ន្ធ​ ភស្តុតាង​ ផែនការ​រៀបចំ​អី​ហ្នឹង​ វា​មិន​មែន​ជា​រឿង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ឬ​ក៏ជួប​ជុំ​តវ៉ា​ដោយ​សន្តិវិធី​ទេ។ ​ វា​ទៅ​ ជា​ការ​រៀបចំ​ផែន​ការ​ ក្នុង​ចេតនា​មួយ​បង្ក​ភាព​ចលាចល​ដល់​សន្តិសុខ​សង្គម​ សណ្តាប់​ធ្នាប់​សាធារណៈ​ ហើយ​ហាក់​ដូច​ជា​មាន​ការ​រៀបចំ​ អង្គការ​ចាត់​តាំង​ពី​ក្រៅ​ប្រទេស​មក​ទៀត ​តាម​រយៈ​ការ​ឧបត្ថម្ភ​ ...​ការ​អឺ​ថវិកា​ រៀប​ចំ​ផែន​ការ​ រៀប​ចំ​យុទ្ធ​សាស្ត្រ​អី​ឱ្យ​ទៀត។​ វា​មិន​មែន​ជា​រឿង​ការ​ជួប​ជុំ​តវ៉ា​ដោយ​សន្តិវិធី​ពាក់ព័ន្ធ​លក្ខខណ្ឌ​ការងារ​ទេ»។​

លោក​បន្ថែម​ថា​ ជន​ជាប់​ចោទ​គ្មាន​ជម្រើស​ណា​ផ្សេង​ ក្រៅ​ពី​រក​ភស្តុតាង​មក​ដោះ​បន្ទុក​ នៅ​មុខ​ចៅ​ក្រម​ ទៅ​តាម​នីតិវិធី​តែ​នោះ​ទេ។​

មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក ​ឃុន ថារ៉ូ​ និយាយ​ថា​កូដកម្ម​របស់​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ជា​ជម្រើស​ចុង​ក្រោយ​ក្នុង​ការ​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​ចេញ​មក​ទូទាត់​សំណង​នានា​ ពាក់​ព័ន្ធ​នឹង​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ពេល​មក​ជិត​៩​ខែ​ហើយ​កូដកម្ម​មិន​មែន​ជា​ចលនា​តវ៉ា​ដែល​ចង់​បង្ក​ឱ្យ​មាន​ល្អក់​កករ​ដល់​សន្តិសុខ​សង្គម​ទេ។​

លោក​ថ្លែង​ថា៖ ​«ទាក់​ទង​ទៅ​នឹង​ការ​ទាម​ទារ​ចូល​ធ្វើ​ការ​ងារ​វិញ​...​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ ប្រតិភូ​សហជីព​ដែល​មាន​ការ​ការពារ​ពិសេស​ ហើយ​យើង​មិន​មើល​នៅ​មូលដ្ឋាន​ច្បាប់ ​ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ យើង​គិត​ថា​ ការ​ធ្វើ​កូដកម្ម​របស់​គាត់​ហ្នឹង​ខុស​ច្បាប់។​គាត់​ចោទ​ពីបទ​ញុះញង់។​ញុះញង់​ម៉េច​កើត?​ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ វា​អត់​មាន​ការ​ញុះញង់​ ពីព្រោះ​អី​ការ​ធ្វើ​កូដកម្ម​នេះ​ វា​កើត​ចេញ​មក​ពី​សិទ្ធិ​ជា​សមូហភាព​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់ ហើយ​អាហ្នឹង​គឺ​ជា​ការងារ​ផ្ទៃ​ក្នុង​ដែល​ធានា​ដោយ​ច្បាប់។​អីចឹង​ពួកគាត់​ដែល​ចេញ​ធ្វើ​កូដកម្ម​ហ្នឹង​ ពួក​គាត់​សុទ្ធ​តែ​បោះ​ឆ្នោត​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​របស់​ពួក​គាត់​ទេតើ!»។​

ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​សាខា​របស់​ក្រុមហ៊ុន ​NagaCorp ​ និង​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ហុងកុង​ មាន​ប្រតិបត្តិការ​កាស៊ីណូ​និង​សណ្ឋាគារ​នៅ​ពីរ​ទីតាំង​ធំៗនៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។​

កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០២១ ​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ត្រូវ​សហជីព​នៅ​ក្រុមហ៊ុន​នេះ​ចោទ​ប្រកាន់​ថា​ បាន​កាត់​បុគ្គលិក​ចេញ​ពី​ការងារ​ជាង​១.៣០០​នាក់​ទាំង​បង្ខំ​ ដោយ​មិន​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ ក្នុង​នោះ​ ក៏​មាន​ប្រាក់​អតីត​ភាព​ការងារ​ផង​ដែរ។​ក្នុង​ចំណោម​បុគ្គលិក​ជាង​១.៣០០​នាក់​នោះ​ មាន​បុគ្គលិក​ចំនួន​ប្រមាណ​២៧៩​នាក់​ ដែល​ជា​ថ្នាក់​ដឹកនាំ​ សកម្ម​ជន​សហជីព​ និង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កំពុង​ទាម​ទារ​ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ។​

មុន​ការ​ចាប់​ខ្លួន ​កញ្ញា​ ឈឹម ស៊ីថរ​ អាយុ​៣២​ឆ្នាំ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ បាន​លើក​ឡើង​ក្នុង​ពេល​ធ្វើ​កូដកម្ម​កាល​ពី​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២១​ថា​ ក្រុមហ៊ុន​នេះ មាន​ចេតនា​បំបាត់​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ព្រោះ​ក្រុមហ៊ុន​មិន​ព្រម​ទទួល​យក​កម្មករ​និយោជិត​ជាង​ ២៧០​នាក់​ដែល​មិន​ព្រម​ទទួល​យក​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ​ហើយ​ដែល​ភាគ​ច្រើន​ជា​ថ្នាក់​សហជីព​ សមាជិក​ និង​សកម្ម​ជន​របស់​សហជីព។​

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា ​ស៊ីថរ​ ប្រាប់​កូដករ​នៅ​ពេល​នោះ​ថា៖ ​ «យើង​បាន​ផ្តល់​ជម្រើស​ឱ្យ​ក្រុមហ៊ុន​ទៀត​ប្រសិន​បើ​គាត់​ប្រកាស​ ថា ​គាត់​នឹង​ទូទាត់​ប្រាក់​សំណង​ត្រឹម​ត្រូវ​តាម​ច្បាប់​ មិន​ខ្វះ​ទេ​ បុគ្គលិក​ដែល​ស្ម័គ្រ​ចិត្ត​ឈប់​ពី​ព្រោះ​អី​ព័ត៌មាន​នៅ​ខាង​ក្នុង​ដែល​យើង​ទទួល​បាន​ មាន​បុគ្គលិក​ជា​ច្រើន​ដែល​គាត់​ចង់​ឈប់។ ​ គាត់​ចង់​ឱ្យ​ក្រុមហ៊ុន​កាត់​គាត់​ ហើយ​គាត់​ចង់​យក​លុយ​កញ្ចប់​ហ្នឹង​ ចេញ​ទៅ​ធ្វើ​ការងារ​ផ្សេង។ ​ ប៉ុន្តែ​ក្រុមហ៊ុន​បដិសេធ​ដាច់​ខាត​ត្រូវ​តែ​បញ្ឈប់​២៧៦​នាក់​នេះ​ឱ្យ​បាន ដោយ​សារ​នៅ​ក្នុង​ចំណោម​២៧៦​នាក់​នេះ​ គឺ​មាន​ថ្នាក់​ដឹកនាំ​សហជីព​ សកម្មជន​ ប្រតិភូ​បុគ្គលិក​ និង​សមាជិក​សហជីព​ទាំង​អស់។​ កុំ​ប្រកែក​ទៀត!​កុំ​ប្រកែក​ទៀត​ណា​ហ្គាវើលដ៍!​ អ្នក​ឯង​រើស​អើង​សហជីព»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ Hein Dames ​ចំនួន​ប៉ុន្មាន​ដង​ចុងក្រោយ​នេះ​ ទាំង​តាម​អ៊ីមែល​ និង​ទូរស័ព្ទ​តែ​លោក​មិន​ឆ្លើយ​តប​ និង​ពេល​ខ្លះ​ថា​ លោក​មិន​មាន​ការ​អត្ថាធិប្បាយ​ទេ។​វីអូអេ​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​បាន​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ។​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​ការងារ​ ដែល​បាន​ឃ្លាំមើល​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ​ បាន​ឱ្យ​ដឹង​ថា​ ​មាន​ការ​ឃាត់​ខ្លួនកូដករ​ដែល​ភាគ​ច្រើន​ជា​សមាជិក​ សកម្មជន​ និង​ថ្នាក់​ដឹកនាំ​សហជីព​យ៉ាង​ហោច​ណាស់​២៦​នាក់។ ​

បើតាម​អ្នក​នាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ សាន សុខសីហា​មាន​កូដករ​ចំនួន​១៧​នាក់​ត្រូវ​បាន​ដោះ​លែង​មក​វិញ​ ក្រោយ​ទទួល​បាន​ការ​អប់រំ​ និង​រក​មិន​ឃើញ​ថា​ អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​បទ​ល្មើស។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«ព្រោះ​អ្នក​ផ្សេង​ទៀត​ ដែល​យើង​ស្រាវជ្រាវ​ យើង​មាន​ភស្តុតាង​ ...​មាន​ភស្តុតាង​ច្បាស់​លាស់​ ​អ៊ីចឹង​យើង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ ​ ហើយ​ឆ្លង​ឆ្នាំ​នេះ​ បញ្ជូន​ទៅ​៦​នាក់​ ហើយ​ម្សិល​មិញ​ គឺ​យើង​បាន​បញ្ជូន​៣​នាក់​ដែល​យើង​អនុវត្ត​តាម​...​ឃាត់​ខ្លួន​តាម​ដីកា​របស់​តុលាការ»។​

បើ​ទោះ​មាន​ការ​ចាប់​ខ្លួន ​អ្នក​ចូលរួម​កូដកម្ម​ និង​មេ​ដឹកនាំ​ក៏​ដូច​ជា​សមាជិក​ និង​សកម្ម​ជន​សហជីព​ កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្រមាណ​ជាង​៧០០​នាក់​បាន​បន្ត​ធ្វើ​កូដកម្ម​ដដែល​នៅ​ថ្ងៃពុធ​នេះ​ តែ​ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​ពួក​គេ​មិន​ឱ្យ​ដើរ​ចូល​មក​ដល់​រដ្ឋ​សភាជាតិ ដែល​ស្ថិត​នៅ​ក្បែរ​កាស៊ីណូ​ណាហ្គាវើលដ៍​នោះ​ទេ។ ​ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​បង្អាក់​ដំណើរ​ឱ្យ​ឈរ​នៅ​មុខ​ស្ថានទូត​ប្រទេស​អូស្រា្តលី​ ដែល​នៅ​កៀក​ក្រសួង​ការ​បរទេស​កម្ពុជា។​

លោក ​សាន សុខសីហា​ អ្នក​នាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ក្រើន​រំឭក​កូដករ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​វិធាន​ការ​ច្បាប់​បើ​សិន​ជា​ពួក​គេ​នៅ​បន្ត​ធ្វើ​កូដកម្ម​ ដែល​ត្រូវ​អាជ្ញាធរ​ចាត់​ទុក​ថា​ ជា​ចលនា​ខុសច្បាប់​ និង​មាន​ចរិត​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ៕

XS
SM
MD
LG