ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូដករ​​ណាហ្គាវើលដ៍​​​ការ​ពារ​ខ្លួន​ថា ​ពួក​គាត់​មិន​ដែល​បាន​ទទួល​លុយ​ជំនួយ​​ដើម្បី​​​ធ្វើ​កូដ​កម្ម


រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

កូដ​ករក្រុមហ៊ុន​ណាហ្គាវើលដ៍​មួយ​ចំនួនបាន​សម្តែង​ការ​សោក​ស្តាយ​នៅ​ពេល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែនមិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការងារ​រ៉ាំរ៉ៃរបស់​ពួក​គេ ​ប៉ុន្តែ​បែរ​ជាត្រូវ​បានប្រមុខ​រដ្ឋាភិបាល​ចោទ​សួរ​សំណួរ​ទាក់ទិន​ការ​ទទួល​បាន​ប្រាក់​ជំនួយ​ ដែល​ពួក​គេ​ថា ​ដូច​ជា​ការ​ចាប់​កំហុស​ទៅ​វិញ។​

កូដករ​ទាំង​នោះ​ក៏ចង់​ឱ្យ​មាន​ការ​ជជែកទល់​មុខ​គ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល ​និង​កូដករផង​ដែរ​ដើម្បី​ឱ្យ​យល់​ច្បាស់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ជាង​ស្តាប់​តាម​តែ​របាយ​ការណ៍ ​ឬ​ការ​រាយ​ការណ៍​របស់មន្ត្រី​ថ្នាក់​ក្រោម ដោយ​មិន​បាន​ស្តាប់​នូវ​អ្វី​ដែល​ជា​កង្វល់​របស់កូដករ​នោះ។ ​

នៅ​ក្នុង​ពិធីប្រគល់​វិញ្ញា​បន​បត្រ ​សញ្ញា​បត្រ​ដល់សិក្ខា​កាម ​និង​និស្សិតនៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​លោក​ហ៊ុន សែន​បាន​ថ្លែង​ថា​ ​ក្នុង​ពេល​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​នៅ​លើពិភព​លោក​នោះ​ ​កម្មករ​រាប់​លាន​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ ​តែនៅ​កម្ពុជា​មាន​កម្មករ​ខ្លះ​មិន​មាន​ការងារ​ធ្វើ​ជាង​មួយ​ឆ្នាំ ​ប៉ុ​ន្តែ​មាន​លទ្ធ​ភាព​ទៅ​ធ្វើ​បាតុកម្ម​ជាង​មួយ​ឆ្នាំ​ដែរ។​ លោក​បាន​ចោទ​សួរ​ថា​ ​លើក​បង្ហាញ​ការ​សង្ស័យថា​ ការ​តវ៉ានេះ​ពិត​ជា​ធ្វើ​ឡើងដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ។​

​លោក​ហ៊ុន សែន​ថ្លែង​ថា៖ ​«មួយ​ពេល​បិទកូវីដ​នេះ នៅ​លើ​ពិភព​លោក​នេះត្រូវ​បញ្ឈប់​កម្មករ​រាប់​លាន​នាក់​ ដែល​អត់​មាន​ការងារ​ធ្វើ​ ដាក់​ចេញ​ជា​សំណួរ​នៅ​ស្រុក​យើង​ កម្មករ​ខ្លះ​អត់​មាន​ការងារ​ធ្វើ​ជាង​មួយ​ឆ្នាំ​ហើយ​ តែ​មាន​លទ្ធ​ភាព​ទៅ​ធ្វើ​បាតុ​កម្ម​ជាង​មួយ​ឆ្នាំ​ដែរ។​ ​តើ​ជឿ​បាន​ទេ? ថ្ងៃ​មុន​ខ្ញុំ​និយាយ​ជា​មួយ​ជន​បរទេស​មួយ​អំពី​កន្លែង​មួយ​ធ្វើ​បាតុកម្ម​តាំង​ពី​ជាង​៣០០​នាក់ ​ឥឡូវ​សល់តែ​ជាង​១០០​នាក់​ទេ​ ព្រោះអ្នក​ដទៃ​ទៀត ​ គេ​ទទួល​យក​ប្រាក់​សំណង​ ហើយ​គេ​រកការ​ងារ​ធ្វើ។ ក្រសួង​ការងារ​ជួយ​រក​ការងារ​ធ្វើ។​ ប៉ុន្តែសល់​ប៉ុន្មាន​នាក់ទៀត​ គេ​មិន​ព្រម។​ គេ​មិន​ព្រម»។​

លោក​បន្ថែមថា៖ «ប៉ុន្តែ​យើង​ដាក់​ចេញ​ជា​សំណួរ​ បាន​ខ្ញុំ​ចង្អុល​បង្ហាញ ​បើ​សិន​ជា​ខ្ញុំ​ទៅ​ចាប់កន្លែង​ដែល​ផ្គត់​ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុ​កម្ម​នេះ​ ខ្ញុំ​ក៏​ចាប់​បាន​ដែរ។​ អ្នក​ឯង​កុំ​គិត​ស្មាន​ថា​ ខ្ញុំ​មិន​ដឹង​នោះ! ​ឥឡូវ​យើង​គិត ខ្លួន​គេ​ ​ខ្លួន​យើង អត់​មាន​ការ​ងារ​ធ្វើ​ជាង​មួយ​ឆ្នាំ​នៅ​មាន​លទ្ធ​ភាព​បាយ​ស៊ី​ យ៉ាង​ស្រួល ​ហើយ​នៅ​ធ្វើ​បាតុ​កម្ម។​ សម្រាប់​អ្នក​ដែល​អត់​ការងារ​ធ្វើ​ពិត​ប្រាកដ​ តើ​អាច​រស់​បាន​ទេ?​ អាច​រស់​បាន​ទេ? ​នេះ​ជា​ចំណោទ»។​

បើ​ទោះ​បី​ជា​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែនមិន​បាន​បញ្ជាក់​ចំៗ​ថា ​ជាកូដករ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ ​ គេ​សង្កេត​ឃើញ​ថា​ មាន​តែកូដករ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​តែ​មួយ​គត់​ដែល​បន្ត​តវ៉ា​យ៉ាង​សកម្ម​រឿង​វិវាទ​ការងារ​ជា​មួយ​ក្រុម​ហ៊ុន​ ពាក់​ព័ន្ធ​ការ​បញ្ឈប់​សហ​ជីព​ពី​ការ​ងារ​នោះ។ ​ហើយនេះជា​រឿង​ដ៏កម្រ​មួយ​ដែល​លោក​ហ៊ុន សែន​លើក​ឡើង​អំពី​បញ្ហា​វិវាទ​ការងារមួយ​នេះ។​

​ដំណាល​គ្នា​នឹង​ការ​ថ្លែង​ខាង​លើ​នេះ​ លោក​បានបញ្ជា​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុឱ្យ​ធ្វើ​អន្តរាគមន៍​ផ្តល់​ប្រាក់​ឧត្ថម្ភ​ដល់​កម្មករ​ ​បន្ទាប់​ពីបាន​ទទួល​ព័ត៌​មាន​ពី​អ្នកសហ​ជីព​ម្នាក់​ដែល​ថា​ ចំនួនរោង​ចក្រ​ដែល​បាន​ព្យួរ​ការងារ​កម្មករ​មាន​ការ​កើន​ឡើង​ ដែល​ធ្វើឱ្យ​កម្មករ​មិន​មាន​ការងារ​ធ្វើ។​

​កូដករ​ម្នាក់​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ​អ្នក​ស្រី​ឈឹម សុខន​សម្តែង​ការ​ខក​ចិត្ត​ នៅ​ពេល​ដែល​ឮ​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​ ដោយ​មិន​បាន​ជួយរក​ដំណោះ​ស្រាយ​ឱ្យ​ក្រុម​កូដករ ​ប៉ុន្តែ​បែរ​ជា​និយាយ​ចង់​ដាក់​កំហុស​លើកូដករ​បែប​នេះ​ទៅ​វិញ។​

អ្នក​ស្រី​បន្ថែម​ថា ​ការ​បន្ត​ធ្វើ​កូដ​កម្ម​គឺ​ដើម្បី​ចង់​បាន​យុត្តិ​ធម៌​ និង​ដើម្បី​កុំ​ឱ្យថៅកែ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ធ្វើជា​គំរូ​អាក្រក់​ដល់​ក្រុមហ៊ុន​ដទៃក្នុងការ​បញ្ឈប់​ការងារ​កម្មករ​ និង​សហជីពតាម​តែ​អំពើ​ចិត្តនោះ។

​អ្នក​ស្រី​ថ្លែង​ថា៖ ​«អ្នក​ដែល​នៅ​សល់ ​និង​បន្ត​ធ្វើគឺដោយ​សារ​យើង​ចង់​បាន​យុត្តិ​ធម៌​ ហើយ​យើង​អត់​ចង់​ផ្តល់​គំរូ​អាក្រក់​ទៅ​ដល់​ថៅកែ​ផ្សេងៗ​ដែល​ធ្វើ​ដូច​ថៅ​កែ​ណាហ្គា ​អ៊ីចឹងណា៎!​ មានការ​អី ​អាង​អី​បញ្ឈប់​សហ​ជីព​ឱ្យ​អស់។ ​បញ្ឈប់​សហ​ជីព​ឱ្យ​អស់​នឹង​គ្មាន​ការ​ទាមទារ។ ​អ៊ីចឹងវា​រំ​លោភ​សិទ្ធិ​ទៅ​ដល់​កម្មករ​ដែល​គាត់​ធ្វើការ​នៅ​ក្នុង​ហ្នឹង​រាប់​ពាន់​នាក់​ទៀតនោះ​ថា​ គាត់​មាន​ការ​កិប​កេង​កម្លាំង​ពលកម្ម​យ៉ាង​ម៉េច?​ គាត់​អត់នឹង​ឆ្ងល់​ដល់​កន្លែង​ហ្នឹង​ទេ ​ គាត់​បែរ​ជា​មក​ចោទ​ភាគី​រង​គ្រោះ​នេះ​វិញ»។​

​ចំណែក​ឯអ្នក​ស្រី​ឃ្លាំង សុបិន្ត​ជា​កូដករ​មួ​យ​រូប​ទៀត​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​គ្មាន​អ្នក​ណា​ឧត្ថម្ភ​ប្រាក់ឱ្យ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​នោះ​ទេ ​ហើយ​រាល់​ថ្ងៃ​គឺ​កូដករ​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំង​ ទាក់​ទង​ការ​ហូប​ចុក ​ដោយមិន​មាន​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់​ និង​កូដករ​ខ្លះមិន​មាន​លុយ​សង​បំណុលធនាគារ​ជា​ដើម។​

​អ្នកស្រីបញ្ជាក់​ទៀត​ថា ​ដោយសារ​អ្នកស្រី​កំពុង​ជាប់ក្តីក្តាំ​នៅ​តុលាការ​ជាមួយ​ថ្នាក់​ដឹក​នាំ​សហជីព​ណាហ្គា​វើលដ៍​ផ្សេង​ទៀត​ ដូច្នេះ​ទើប​អ្នកស្រីត្រូវ​បង្ខំ​ចិត្ត​មើល​កូន​គេ​នៅ​តាម​ផ្ទះ​ដើម្បី​បាន​កម្រៃ​បន្តិច​បន្តួច។​

​បើ​តាម​កូដករ​រូប​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គួរតែ​ធ្វើ​អន្តរាគមន៍​ឱ្យ​បុគ្គលិក​ដែល​ចេញ​ធ្វើ​កូដកម្ម ដែល​នៅ​សេស​សល់ ​បាន​ចូល​ធ្វើ​ការ​វិញ​ជា​ជាង​ស្តាប់​តាម​តែ​មន្ត្រី​តែ​ម្ខាង ​និង​មិន​បាន​សួរ​នាំ​កូដករ​ឱ្យ​ច្បាស់​បែប​នេះ។​

អ្នកស្រី​ថ្លែង​ថា៖ ​«បើ​គាត់​ឆ្ងល់​គួរ​តែ​ហៅ​ពួក​ខ្ញុំ​ទាំង​អស់​គ្នា​ទៅ​ជួប​ សួរ​មើ! ​ពួក​ក្មួយ​ឯង​រាល់​ថ្ងៃ​ចង់បាន​ស្អី? ​ម៉េច​បាន​នៅ​តែ​អ៊ីចឹង? ​កន្លង​មក​១​ឆ្នាំ​ជាង​ហ្នឹង​មាន​ស្អី​ស៊ី​ខ្លះ?​ ​មាន​ស្អី​ប្រាប់​ពូ?​ ហើយ​បំណុល​ធនាគារដោះស្រាយ​យ៉ាង​ម៉េច? ​ហើយ​បញ្ហា​កូន​ចៅ​រៀន​សូត្រ​យ៉ាង​ម៉េច? ​គាត់​អត់​បាន​អ៊ីចឹង​សោះ ​ហើយ​គាត់​ទៅ​ស្តាប់​អ្នក​រាយ​ការណ៍​ដែល​រាយ​ការណ៍​មិន​ពិត»។​

​អ្នកស្រី​បន្ថែម​ថា៖ ​«រដ្ឋាភិបាល​គ្រាន់តែ​ជួយ​ជំរុញ​ក្រុមហ៊ុន​ថា ​កូវីដ​លែង​មាន​ហើយ។​ វា​លែង​មាន​ការ​បិទ​ខ្ទប់​អីទៀត​ហើយ​ ហើយ​ភ្ញៀវ​ទេសចរ​មក​វិញ​ច្រើន​អស់​ហើយ​ ចង្វាក់​ផលិត​កម្ម​ក្រុម​ហ៊ុន​ក៏​ដំណើរការ​ទៅ​ល្អ​លើស​គេ​លើស​ឯង​ទៀត។ ​ហេតុអ្វី​បុគ្គលិក​សល់​តែ​ប៉ុណ្ណឹង​ឱ្យ​គ្នា​ចូល​ធ្វើ​ការ​វិញ​អត់​បាន?»​

បើ​តាម​អ្នកស្រីឃ្លាំង សុបិន្ត ​លុយ​ដែល​ធនាគារ​ ABA ​បង្កក​កាលពី​ពេល​ថ្មីៗ​នេះ​គឺជា​លុយ​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​ ហើយ​លុយ​នោះ​មិន​មែន​ជួយ​ក្នុង​ការ​គាំទ្រ​លើ​សកម្ម​ភាព​កូដកម្ម​នោះ​ទេ​ ព្រោះ​អ្នក​ផ្តល់​លុយ​បានដាក់​លក្ខ​ខណ្ឌ​យ៉ាង​តឹងរ៉ឹង​ ដោយ​ហាម​ដាច់​ខាត​មិន​ឱ្យ​យក​លុយ​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​កូដកម្ម។​

អ្នកស្រី​រៀប​រាប់​ទៀត​ថា ​កូដករ​រាល់​ថ្ងៃ​ខំ​ព្យាយាមទាំង​លំបាក​ ដោយ​ខ្លះបាន​គ្រួសារ​ជួយ​ទំនុក​បម្រុង ​និង​ខ្លះ​ត្រូវ​បង្ខំ​ចិត្តដើរខ្ចីលុយ​បង​ប្អូន​ចាយ​សិន​ក៏​មាន​ អំឡុង​ពេល​នៃ​ការ​បន្តធ្វើ​កូដកម្ម។ ​អ្នកស្រី​បន្ថែម​ថា​ ក្រុម​កូដករ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​មិន​ដែល​បាន​ទទួល​លុយ​ឧបត្ថម្ភផល​ប៉ះពាល់​នៃ​ជំងឺ​កូវី​ដ១៩​ពី​ក្រសួង​ការងារ​ម្តង​ណា​នោះ​ទេ​ បើ​ទោះ​បី​ជា​កូដករស្នើ​សុំ​ជាច្រើន​លើក​ច្រើន​សារ​ក៏​ដោយ។​ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារលោក​ហេង សួរ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាមថា ​ការ​ផ្សះផ្សា​វិវាទ​បាន​ផុត​ពី​ដំណាក់​កាល​ក្រសួង ​និង​ដំណាក់​កាល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​ហើយ​ភាគី​ខ្លះ​ក៏​បាន​បដិសេធ​ការ​ផ្សះផ្សា​ដែល​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ គិត​ចាប់​តាំង​ពី​ការ​ផ្ទុះ​វិវាទ​ការងារ​នេះ។​

​លោក​បន្ថែម​ថា៖​ «ជា​គោល​ការណ៍​សកល​ កិច្ច​សន្យា​ការងារ​មាន​នីតិវិធី​ផ្តើម​កិច្ច​សន្យា ​ហើយ​ក៏​មាន​នីតិ​វិធី​បញ្ចប់​ ឱ្យ​តែ​ការ​បញ្ចប់​កិច្ច​សន្យា​នោះ​មាន​ហេតុ​ផល​ និង​គោរព​តាម​នីតិវិធី»។​

​ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ ​លោក​ឃុន ថារ៉ូ​យល់​ថា​ ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​គិត​ក្នុងផ្លូវ​វិជ្ជមាន​ ​នោះ​ករណីមួយ​នេះ​នឹង​ដោះស្រាយ​បាន​ដោយ​រលូន ព្រោះ​បញ្ហា​នេះ​ជាវិវាទ​ការងារ​រួម ​និង​សិទ្ធិ​ជា​មូល​ដ្ឋាន​នៅ​កន្លែង​ការងារ​ ដែល​មាន​ការ​ធានា​ក្នុង​ច្បាប់។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ ខ្ញុំ​គិត​ថា ​សម្តេច​ប្រហែល​ជា​លោក​មិន​បាន​ទទួលនូវ​ព័ត៌មាន​ ដែល​សិក្សា​ឱ្យ​ស៊ី​ជម្រៅ​ទៅ​នឹង​នីតិវិធី​ផ្លូវ​ច្បាប់​កន្លង​មក ​ហើយ​ជារឿង​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ណាស់ ​ទាំង​ដែល​អាជ្ញាធរ​ក៏​មាន​ការ​ចោទ​ប្រកាន់​ថា ធ្វើកូដ​កម្ម​នេះ​ជា​បាតុ​កម្ម​ទៅ​វិញ។ ​អ៊ីចឹង​បាន​យើង​មើល​ឃើញ​ថា ​វិវាទ​ការងារ​មិន​គួរ​ណា​ត្រូវ​បាន​ប្រឈម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។​ រឿង​ស៊ីវិល​ទេ ពីព្រោះ​ជាការ​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​របស់ពួក​គាត់»។​ ​

​គួរ​រំឭក​ផង​ដែរ​ថា​ បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគ​ហ៊ុន​ក្នុង​ទីក្រុង​ហុងកុង​ បាន​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ជា​ច្រើន​ខែ ​បន្ទាប់​ពី​កម្មករ​និយោជិត​ប្រមាណ​១.៣២៩​នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ ​កាល​ពីខែ​មេសា ​ឆ្នាំ​២០២១។​

កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ ​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០២១។ ​ការ​បញ្ឈប់​កម្មករ​ពី​ការងារ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ការ​បំបាត់​សំឡេង​សហ​ជីព​នៅ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕​

XS
SM
MD
LG