នៅថ្ងៃអាទិត្យនេះ ទីក្រុង Nagasaki ប្រទេសជប៉ុន បានប្រារព្ធខួបទី ៧៥ នៃហេតុការណ៍ទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុងនេះ ដោយរៀបចំពិធីមួយនៅឯរូបសំណាកសន្តិភាពដ៏ធំមួយ។
អភិបាលក្រុង និងអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនេះ ដែលបានចូលរួមនៅក្នុងពិធីនេះ បានជំរុញមេដឹកនាំនានានៅលើពិភពលោកឲ្យធ្វើការលើការហាមឃាត់អាវុធនុយក្លេអ៊ែរ។
នៅម៉ោង ១១ និង ២ នាទីព្រឹក ម៉ោងនៅក្នុងទីក្រុង Nagasaki អ្នករស់រានមានជីវិត និងអ្នកចូលរួមផ្សេងទៀតបានឈរស្មឹងស្មាធរយៈពេលមួយនាទី ដើម្បីគោរពដល់មនុស្សជាង ៧ ម៉ឺននាក់ ដែលបានស្លាប់ នៅពេលដែលយន្តហោះទម្លាក់គ្រាប់បែក B-29 ឈ្មោះ Bockscar បានទម្លាក់គ្រាប់បែកធ្វើពីសារធាតុភ្លុយតូនីញ៉ូម ២៣៩ ទម្ងន់ ៤ តោនកន្លះ លើទីក្រុង Nagasaki នេះ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានដាក់កម្រងផ្កានៅឯពិធីរំឭកវិញ្ញាណក្ខន្ធនេះ ដើម្បីចងចាំជនរងគ្រោះ ហើយលោកបានថ្លែងសុន្ទរកថាដោយមិនបាននិយាយយោងដោយផ្ទាល់លើសន្ធិសញ្ញានៃការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលអ្នករស់រានមានជីវិត និងអ្នកចូលរួមដទៃទៀតនៅក្នុងពិធីនេះស្នើឲ្យមេដឹកនាំនានានៅលើពិភពលោកចុះហត្ថលេខានោះ។
លោក Shinzo Abe ថ្លែងដូច្នេះថា៖ «សោកនាដកម្មនៅក្នុងទីក្រុង Nagasaki និងទីក្រុង Hiroshima និងការឈឺចាប់ដែលរងគ្រោះដោយប្រជាពលរដ្ឋនៃទីក្រុងទាំងពីរនេះ មិនត្រូវកើតមានម្ដងទៀតជាដាច់ខាត។ ក្នុងនាមជាប្រទេសតែមួយគត់ដែលរងការទម្លាក់គ្រាប់បែកបរមាណូក្នុងសម័យសង្គ្រាម ប្រទេសជាតិរបស់យើងនៅតែប្រកាន់ខ្ជាប់នូវបេសកកម្មជំរុញកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដោយម៉ឺងម៉ាត់មួយជំហានម្ដងៗ នៅក្នុងការសម្រេចឲ្យបាននូវពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ»។
ប្រទេសជប៉ុនមិនទាន់បានចុះហត្ថលេខាលើសន្ធិសញ្ញានេះនៅឡើយទេ។ អ្នករស់រានមានជីវិតជាច្រើនបានកើតជំងឺមហារីក ឬជំងឺផ្សេងទៀត ដោយសារតែសារធាតុវិទ្យុសកម្មនៃគ្រាប់បែកបរមាណូនោះ៕