ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកនៅក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond បានផ្តោតសំខាន់លើសេរីភាពសារព័ត៌មាននៅក្រុងហុងកុង ស្របពេលដែលការបាត់ខ្លួនអ្នកចុះផ្សាយលក់សៀវភៅកាន់តែមានអាថ៌កំបាំងខ្លាំងឡើង។ ប្រទេសអង់គ្លេសបានប្រគល់សិទ្ធិគ្រប់គ្រងកោះហុងកុង ដែលជាអតីតតំបន់អាណានិគមរបស់ខ្លួន ឲ្យប្រទេសចិនវិញក្នុងឆ្នាំ១៩៩៧ ជាមួយនឹងការសន្យាថា ប្រទេសចិននឹងរក្សានូវគំរូ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» សម្រាប់តំបន់រដ្ឋបាលពិសេសមួយនេះ។
រដ្ឋមន្រ្តីការបរទេស លោក Hammond បានបញ្ចេញការយល់ឃើញរបស់លោកចំពោះការបាត់ខ្លួនលោក Lee Bo អ្នកបោះពុម្ពផ្សាយសៀវភៅនានាដែលសរសេររិះគន់ទៅលើក្រុមមេដឹកនាំនៅប្រទេសចិន ហើយដែលបានបាត់ខ្លួននៅក្នុងក្រុងហុងកុងកាលពីចុងខែធ្នូថា៖
«Lee Bo ដែលកាន់លិខិតឆ្លងដែនអង់គ្លេស បានបាត់ខ្លួន។ យើងបានធ្វើការចោទសួរភាគីទាំងពីរជាបន្ទាន់ ទាំងអាជ្ញាធរក្រុងហុងកុង និងអាជ្ញាធរចិនដីគោក ថាតើពួកគេមានព័ត៌មានអ្វីខ្លះពាក់ព័ន្ធនឹងកន្លែងឋិតនៅរបស់លោក (Lee Bo) »។
លោក Lee ដែលមានអាយុ៦៥ឆ្នាំ គឺជាអ្នកមានភាគហ៊ុនមួយនៅក្នុងបណ្ណាគារ Causeway Bay Books ដែលជាហាងដែលលក់សៀវភៅនិយាយពីជីវិតឯកជនរបស់មេដឹកនាំចិន។ នៅសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ បានផ្សាយលិខិតមួយដែលគេអះអាងថាត្រូវបានសរសេរដោយលោក Lee ដែលមានសេចក្តីថា លោកបានទៅចិនដីគោកដោយស្ម័គ្រចិត្តដើម្បីទៅធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗ។ បន្ទាប់ពីនោះដែរ ភរិយារបស់លោក Sophie Choi បានដកពាក្យបណ្តឹងស្តីពីការបាត់ខ្លួនរបស់ស្វាមីអ្នកស្រីនៅថ្ងៃទី៤ មករា កន្លងទៅនេះ។
លោក Michael Davis ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យហុងកុងនិយាយថា«ការចាប់អូសទាញយកមនុស្សពីតាមដងផ្លូវគឺ លើសពីការគំរាមកំហែងទៅទៀត។ វាមិនត្រឹមតែជាការរំលោភលើសារព័ត៌មានទេ ថែមទាំងរំលោភលើនីតិរដ្ឋរបស់ក្រុងហុងកុងទៀតផង ពីព្រោះថា អ្នករស់នៅក្រុងហុងកុងត្រូវបានធានានូវសេរីភាពសារព័ត៌មាន»។
លោក Lee គឺជាមនុស្សទី៥ ដែលមានជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនបោះពុម្ពផ្សាយមួយឈ្មោះ Mighty Current ដែលបានបាត់ខ្លួនតាំងពីខែតុលាមក។ សហការី៤នាក់ផ្សេងទៀត ក៏ត្រូវបានបាត់ខ្លួនចាប់ពីពេលនោះមកផងដែរ។ លោក Tom Leander នៃអង្គការសង្គមអ្នកបោះពុម្ពផ្សាយក្នុងទ្វីបអាស៊ី ( SOPA) បង្ហាញពីការព្រួយបារម្ភចំពោះអ្វីដែលលោកនិយាយថា ជាកង្វះខាតមួយនៃការប្តេជ្ញាក្នុងការស្វែងរកដំណោះស្រាយពីសំណាក់រដ្ឋាភិបាលហុងកុង និងចៅហ្វាយក្រុងលោក C.Y Leung (Chung-ying) ក្នុងការការពារស្វ័យភាព និងនីតិរដ្ឋនៃក្រុងនេះ។
លោក Tom Leander និយាយថា«ខ្ញុំដឹងថា លោក C.Y Leung បាននិយាយថា វាជារឿងអធម្មនុញ្ញមួយ ដែលអ្នកលក់សៀវភៅត្រូវបានគេចាប់ខ្លួនហើយយកឆ្លងព្រំដែន ដោយប៉ូលិសក្រុងហុងកុងមិនដឹងអ្វីសោះអំពីរឿងនេះ។ តែទោះបីជាយ៉ាងណា លោកមិនបានចេញមុខមកធ្វើការសំអាងបន្ថែមទៅលើស្ថានភាពត្រង់ៗនោះទេ ហើយលោកក៏មិនបានព្យាយាមទាក់ទងទៅរដ្ឋាភិបាលក្រុងប៉េកាំងដោយផ្ទាល់អំពីរឿងនេះដែរ។ វាជាស្ថានភាពពិបាកមួយពីព្រោះផ្នែកមួយដែលធ្វើឲ្យគេចាប់អារម្មណ៍លើក្រុងហុងកុងគឺ នីតិរដ្ឋ និងសេរីភាពនៃសារព័ត៌មាននៅក្នុងក្រុងនេះឯង»។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយចិនបានចេញផ្សាយអត្ថបទវិចារណកថាផ្សេងៗដែលបានរិះគន់ទៅលើក្រុមហ៊ុនបោះពុម្ពរបស់លោក Lee ដោយនិយាយថា ក្រុមហ៊ុននេះបាន«ប្រឌិតបំផ្លើសខ្លឹមសារនៃការចុះផ្សាយរបស់ខ្លួន» ហើយបានបង្កឲ្យមាន«ឥទ្ធិពលដ៏អាក្រក់»នៅចិនដីគោក។ រដ្ឋាភិបាលចិនមិនបានផ្តល់ព័ត៌មានណាមួយអំពីកន្លែងឋិតនៅរបស់អ្នកចុះ ផ្សាយលក់សៀវភៅដែលបាត់ខ្លួនទាំងនេះទេ។
នៅពេលសួរដល់បញ្ហានេះ ក្រុមមន្ត្រីចិនបាននិយាយថា ពលរដ្ឋណាក៏ដោយដែលបានកើតនៅក្នុងទឹកដីហុងកុង ហើយដែលមានដើមកំណើតជាជនជាតិចិន គឺជាពលរដ្ឋរបស់ប្រទេសចិន ហើយមន្ត្រីទាំងនោះក៏បានព្រមានអំពីការលូកដៃចូលពីសំណាក់ប្រទេសដទៃទៀតទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនផងដែរ៕
រាយការណ៍បន្ថែមដោយ Pros Laput ពីទីក្រុងហុងកុង។
ប្រែសម្រួលដោយ នៀម ឆេង