ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​ ​និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​នឹង​គ្រប​ដណ្ដប់​​​កិច្ចប្រជុំ​អាស៊ាន​នៅ​​ឥណ្ឌូណេស៊ី​ ​​​


ស្ត្រី​ម្នាក់​ដើរ​កាត់​ផ្លាកសញ្ញា​អាស៊ាន នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។
ស្ត្រី​ម្នាក់​ដើរ​កាត់​ផ្លាកសញ្ញា​អាស៊ាន នៅ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣។

របៀប​វារៈ​សំខាន់ៗនៅក្នុង​កិច្ចប្រជុំ​ប្រមុខ​ការទូតនៃក្រុម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​សប្តាហ៍​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​រួម​មាន​បញ្ហា​ជម្លោះ​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ក៏​ដូច​ជាការបង្កើន​កម្លាំងទ័ព​នៅ​ក្នុង​តំបន់​ផង​ដែរ។​ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP ។​

ចំណែក​រឿង​ការ​ឈ្លានពានរបស់​រុស្ស៊ីក្នុង​ប្រទេស​អ៊ុយក្រែន ការ​ប្រជែង​គ្នា​រវាងសហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​ ​ក៏​នឹង​ក្លាយ​ជា​បញ្ហា​ដ៏​ចម្បង​ផង​ដែរ​ នៅ​ពេល​ដែលរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​លោក​ Antony Blinken​ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ​និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក ​Qin Gang​ ​នឹង​ចូលរួមនៅ​ក្នុងនាម​ជា​ដៃ​គូ​សន្ទនា​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើទៅ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ​ ​

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កូរ៉េខាង​ជើង​ លោកស្រី Choe Son Huiនឹង​មិន​ចូលរួម​នៅ​ក្នុងវេទិកា​តំបន់​ដែល​ជា​កិច្ចប្រជុំ​សន្តិសុខ​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន​នេះ​ឡើយ។ នេះបើ​យោង​ទៅ​លើ​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី លោក Sidharto Suryodipuro ដែល​បាន​ប្រាប់សន្និសីទ​សារព័ត៌មានមួយកាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ​ដោយ​មិន​បានបរិយាយ​លម្អិត​នោះ​ឡើយ។ ​

ប្រមុខ​ការទូត​ប្រទេស​អាស៊ាន ដែល​រួម​មាន​ប្រទេស​ព្រុយណេ​ កម្ពុជា​ ឥណ្ឌូណេស៊ី ឡាវ​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ និង​ប្រទេសវៀតណាម​ ​ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​និង​ថ្ងៃ​ពុធ​ស្អែក​ ​នៅ​មុន​ពេល​ជំនួប​របស់​ពួក​គេ​ ជា​មួយសមភាគី​បស្ចិម​ប្រទេស​ ដែល​នឹង​ត្រូវ​ចូលរួម​ពិភាក្សាគ្នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រខាង​មុខ​នេះ។

ជន​ស៊ីវិល​ជាង​៣.៧៥០​នាក់​ ​ដែល​រួម​មាន​សកម្មជន​លទ្ធិ​ប្រជាធិបតេយ្យ​ ​ត្រូវ​បាន​សម្លាប់នៅ​មីយ៉ាន់ម៉ា ដោយ​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​នេះ​ ខណៈ​មនុស្ស​ប្រមាណ​ជិត​២ម៉ឺន​៤ពាន់​នាក់ត្រូវ​បាន​ចាប់​ខ្លួន​ ចាប់តាំង​ពី​ក្រុម​យោធាដណ្តើម​អំណាច​គ្រប់គ្រង​មក។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់សមាគម​គាំទ្រ​អ្នកទោស​នយោបាយ​ ដែល​ជា​អង្គការ​សិទ្ធិមនុស្ស​មួយ​ ​ដែល​តាមដាន​បូក​សរុប​ចំនួន​មនុស្ស​ដែល​ត្រូវ​បានចាប់​ខ្លួន​ ស្លាប់​និង​រងរបួស​នៅ​មីយ៉ាន់ម៉ា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG