ដោយសារមានភាពតានតឹងក្នុងតំបន់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍គ្រោងធ្វើសមយុទ្ធយោធាទីមួយរបស់ខ្លួន ដោយបានរៀបចំសព្វគ្រប់នូវគម្រោងនេះនៅថ្ងៃព្រហស្បតិ៍នេះអំពីកន្លែងធ្វើសមយុទ្ធនេះក្នុងសមុទ្រ Natuna ខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការប្រាប់ឱ្យដឹងដោយកងយោធាឥណ្ឌូនេស៊ី។
នៅក្នុងការប្រជុំលើកទី២០នៃរដ្ឋមន្ត្រីការពារជាតិ របស់សមាគមអាស៊ាននៅកោះ Bali កាលពីថ្ងៃទី៧ ខែមិថុនា រដ្ឋមន្ត្រីអាស៊ានទាំង១០នាក់បានយល់ស្របគ្នាធ្វើការហ្វឹកហ្វឺនរួមគ្នាជាប្រចាំនិងសម្របសម្រួលការយាមល្បាតក្នុងសមុទ្រចិនខាងត្បូង ដោយមានការចូលរួមពីកងទ័ពជើងគោក កងកម្លាំងជើងទឹកនិងកងកម្លាំងពិសេសរបស់ពួកគេពីថ្ងៃទី១៨ដល់ទី២៥ ខែកញ្ញា ទោះជាមានការសង្ស័យពីប្រទេសកម្ពុជាដែលជារដ្ឋសមាជិកក៏ដោយ។
កន្លែងនៃការធ្វើសមយុទ្ធនេះត្រូវបានប្តូរពីព្រោះប្រទេសអាស៊ានមួយចំនួនមានជម្លោះទឹកដីជាមួយប្រទេសចិនអំពីដែនសមុទ្រចិនខាងត្បូងដ៏សំបូរធនធានធម្មជាតិ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យកងយោធាឥណ្ឌូនេស៊ីលោកឧត្តមនាវីទោ Julius Widjojono បាននិយាយថា៖ «សមយុទ្ធនេះមិនផ្តោតលើការប្រយុទ្ធទេ ដូច្នេះដែនសមុទ្រខាងត្បូងស័ក្តិសមជាកន្លែងសម្រាប់ធ្វើសមយុទ្ធនេះពីព្រោះវាមានការទាក់ទងផ្ទាល់នឹងប្រជារាស្ត្រ»។ លោកបានថ្លែងបន្ថែមថាសមយុទ្ធនេះនឹងប្រព្រឹត្តនៅក្នុងនិងនៅជុំវិញកោះ Batam នៅមាត់ច្រកសមុទ្រ Malacca ដែលជាផ្លូវសមុទ្រយុទ្ធសាស្ត្រមួយទៀតសម្រាប់ពាណិជ្ជកម្មពិភពលោក។
បើតាមសេចក្តីថ្លែងការណ៍សារព័ត៌មានយោធាមួយថាកាលពីថ្ងៃចន្ទ កងយោធាឥណ្ឌូនេស៊ីបានប្រជុំជាមួយពួកប្រតិភូយោធាអាស៊ានក្នុងរដ្ឋធានី Jakarta នៃប្រទេសឥណ្ឌូនេស៊ីដើម្បីពិភាក្សាគ្នាអំពីការប្រុងប្រៀបធ្វើសមយុទ្ធនេះមានរួម scenarios គ្រឿងឧបករណ៍ត្រូវប្រើនិងកន្លែងធ្វើសមយុទ្ធ។
សមយុទ្ធរបស់អាស៊ានមានឈ្មោះថា«សាមគ្គីភាព» នឹងមានធ្វើនៅពេលប្រទេសចិនទាមទារតំបន់នានាក្នុងសមុទ្រចិនខាងត្បូងថាជារបស់ខ្លួន ដែលជាតំបន់ត្រូវទាមទារដោយឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ព្រុយណេនិងហ្វីលីពីនដែរ។ នៅឆ្នាំនេះឥណ្ឌូនេស៊ីកាន់វេនជាប្រធាននៃសមាគមអាស៊ាន៕