ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​ កម្ពុជា​និង​អាស៊ាន​ត្រូវ​ប្រកាន់​ខ្ជាប់​«មជ្ឈភាព»​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​កា​រ​ប្រឈម​ដាក់​គ្នា​រវាង​ចិន​ និង​អាមេរិក​អំពី​​កោះ​តៃវ៉ាន់​


លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានអញ្ជើញដឹកនាំជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។ (រូបថត​ពី​ Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានអញ្ជើញដឹកនាំជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។ (រូបថត​ពី​ Facebook/Ministry of Foreign Affairs and International Cooperation - Cambodia)

បញ្ហា​កោះ​តៃ​វ៉ាន់​ ​ដែល​កំពុង​ប្រឈម​ដាក់​គ្នា​រវាង​សហ​រដ្ឋអាមេរិក​ និង​ចិន ​នឹង​ត្រូវ​បាន​លើក​ឡើង​ឡើង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់អ្នក​វិភាគ ​និង​អ្នក​តាម​ដាន​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

ក្រោ​យការ​ប្រកាសពី​បំណង​របស់​ប្រធាន​រដ្ឋ​សភា​សហ​រដ្ឋអាមេរិក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​កោះ​តៃវ៉ាន់​ ដែល​ជា​ទីកន្លែ​ងដែល​ចិន​តែង​តែ​អះអាង​ថា​ជា​ផ្នែក​នៃ​ទឹកដីរបស់​ខ្លួន​នោះ​ ​ភាព​តាន​តឹង​កំពុង​តែ​ផុសឡើង​រវាងប្រទេស​មហា​អំណាច​ទាំង​ពីរ​ គឺ​សហ​រដ្ឋ​អា​មេរិក​ និង​ចិន។ ​អ្នក​វិភាគ​ជំរុញ​ឱ្យ​សមាគម​អាស៊ាន​ជា​រួម ​និង​កម្ពុជា​ដោយ​ឡែក ​ប្រកាន់​នូវ​ជំហរ​«កណ្តាល»​ដើម្បី​ធានា​បាន​នូវ​ផល​ប្រយោជន៍​ ក៏​ដូច​ជា​សន្តិ​សុខ​តំបន់ ​និង​ប្រទេស។​

អ្នក​ស្រាវ​ជ្រា​វនៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព​ លោក ​វណ្ណ ប៊ុនណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​ បញ្ហា​កោះ​តៃវ៉ាន់​នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​គ្នា​យ៉ាង​ផុស​ផុល​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​លុះ​ត្រា​ណា​តែអ្នកស្រី ​Nancy Pelosi ​ប្រធាន​រដ្ឋសភា​សហ​រដ្ឋ​អាមេរិក​ពិត​ជា​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃ​វ៉ាន់ ​ហើយ​ចិនប្រើ​ប្រាស់​កង​កម្លាំង​ជា​ការ​ឆ្លើ​យ​តប​នឹង​ដំណើរ​ទស្សនកិច្ច​នេះ។​

អ្នក​ស្រាវ​ជ្រា​វរូប​នេះ​បន្ត​ថា​ ​បើ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចិន ​និង​អាមេរិក នោះ​វា​នឹង​ក្លាយជារបៀប​វារៈ​ចម្បង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស ​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ​ហើយ​វា​នឹង​បង្ក​ការពិបាក​នៅ​ក្នុង​ការ​សម្រប​ស​ម្រួល ​ដែល​ឈាន​ដល់​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​បាន​ ​ខណៈ​ប្រទេស​មហា​អំណាច​ទាំង​ពី​រ​មិន​មាន​ការ​ចុះ​សម្រុង​គ្នា។​

បើ​តាម​លោក ​វណ្ណ ប៊ុនណា ​ដើម្បី​ចៀសការ​ធ្លាក់​ទៅ​ក្នុង​ភាព​ចម្រូង​ចម្រាស​នេះ អាស៊ាន​ក៏ដូច​ជា​កម្ពុជា​ មិន​ត្រូវយក​បញ្ហា​នេះ​ជា​ការ​ពិភាក្សា​គោល​នៅ​ក្នុង​កិច្ច​ប្រជុំ​ទេ​ ហើយ​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ដោះ​ស្រាយ​គ្នា​តាម​រយៈ​ការ​ចរចា​ជា​លក្ខណៈ​ទ្វេភាគី។ ​លោក​បន្តថា​ ​អាស៊ាន​និង​កម្ពុជា​ត្រូវ​ប្រកាន់​ខ្ជាប់​នូវមាគ៌ា​«មជ្ឈភាព»​របស់​ខ្លួន​ មាន​ន័យ​ថា ​មិន​គាំទ្រ​ការ​ព្រមាន​ប្រើ​ប្រាស់​កង​កម្លាំង​របស់​ចិន ​និង​ដំណើរ​ទស្សន​កិច្ច​របស់អ្នកស្រី​ Pelosi​ ប្រធាន​រដ្ឋ​សភា​របស់​អាមេរិក​ឡើយ។​

លោក​ថ្លែង​ថា៖ ​«កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​គួរ​តែ​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ដែល​ជា​ជំហរ​កណ្តាល​ បើ​ទោះ​ជា​កម្ពុជា​មាន​ជំហរ​ទៅ​រក​ចិន​ពិត​មែន ​ក៏​ប៉ុន្តែ​កម្ពុជា​នៅ​ក្នុង​វិបត្តិ​មួយ​នេះ ​កម្ពុ​ជា​មិន​គួរ​បង្ហាញ​ពី​ភាព​គាំទ្រ​ទៅ​លើ​ចិន ​ឬ​ក៏​សហ​រដ្ឋ​អាមេ​រិក​ទេ»។​

ប្រធាន​រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក​ អ្នកស្រី​ Nancy Pelosi ​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​មក​កាន់​តំបន់​អាស៊ី ​កាលពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​ស្រប​ពេល​ដែល​ប្រទេស​ចិន​ព្រមាន​ថា ​យោធា​របស់​ខ្លួន​នឹង​មិន​«អង្គុយ​នៅ​ស្ងៀម‍»​នោះ​ទេ​ ប្រសិន​បើ​អ្នកស្រី​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​កោះ​តៃ​វ៉ាន់ ​ដែល​ចិន​អះអាង​ថា​ ជា​ទឹក​ដី​របស់​ខ្លួន។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការ​ណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters។​

ទោះ​ជា​យ៉ាង​ណា បើ​តាម Reuters ​ដោយ​យោង​តាម​ប្រភព​ដែល​ជិត​ស្និទ្ធ​នឹង​អ្នក​ស្រី​ Pelosi​ ​ ប្រធាន​រដ្ឋ​សភា​សហ​រដ្ឋ​អាមេរិក​រូប​នេះ​រំពឹង​ថា ​នឹង​ទៅ​ដល់​ទី​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​ វេលា​ម៉ោង​១០​និង​២០​នាទី​យប់​នៅ​ថ្ងៃ​អង្គារ​នេះ​ ហើយ​នឹង​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​តៃ​វ៉ាន់ ​អ្នកស្រី ​សៃ អ៊ីងវេន​ (Tsai Ing-wen) នៅ​ថ្ងៃពុធ ​ខណៈ​ថា​ «​អ្វីៗ​គ្រប់​យ៉ាង​គឺ​អាច​នឹង​មាន​ភាព​ប្រែ​ប្រួល​ជា​និច្ច»។​

លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​ក្នុង​ប្រទេស​កម្ពុជា​ លើក​ឡើង​ថា បញ្ហា​កោះ​តៃវ៉ាន់​នឹង​មិន​ត្រូវ​បាន​លើក​យក​មក​ជជែក​គ្នា​ច្រើន​ ដែល​អាច​ជា​បន្ទុក​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អាស៊ាន​ទេ ​ប៉ុន្តែនឹង​មាន​កា​រលើក​ឡើង​ជារួម​ដោយ​ឱ្យ​ភាគី​នីមួយៗ​គោរ​ពតាម​ស្មារតី​នៃ​ច្បាប់​អន្តរ​ជាតិ។

សាស្ត្រាចារ្យ​រូប​នេះ​អះអាង​ថា​ កម្ពុជា​ជា​ប្រទេស​តូច ​ដូច្នេះ​មិន​អាចធ្វើ​អ្វី​បាន​ឡើយ ​ក្រៅ​ពី​អំពាវ​នាវ​ឱ្យ​ប្រទេស​មហា​អំណាច​ទាំង​ពីរ​អនុវត្ត​តាម​គោល​ការណ៍​អត់​ធ្មត់​ ក៏​ដូច​ជា​ច្បាប់​អន្តរ​ជាតិ ​ហើយ​ថា​ចិន​ និង​សហ​រដ្ឋ​អាមេរិក​អាច​មាន​ការ​និយាយ​គ្នា​ជា​ទ្វេ​ភាគី ​ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​កិច្ច​ប្រជុំ​អាស៊ាន​ឡើយ។​

បើ​តាម​លោក​ ឯម សុវណ្ណារ៉ា ​ ការ​គោរព​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​ជា​ជំហរ​របស់​កម្ពុជា ​និង​អាស៊ាន​ទៅ​លើ​ការ​ប្រទាញ​ប្រទ​ង់គ្នា​រវាង​ចិន​ និង​អាមេរិក​ទៅ​លើ​កោះ​តៃវ៉ាន់។​

លោក​ថ្លែង​ថា៖​ «ឈរ​លើ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ ​ជជែក​គ្នា​ផ្អែក​លើ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​ បាន​ន័យ​ថា ​រក្សា​អ្វីៗ​ ឬ​ក៏​បញ្ហា​ដោះ​ស្រាយ​បញ្ហា​សន្តិសុខ​តំបន់​ហ្នឹង ​គឺ​ផ្អែក​ទៅ​លើ​គោល​ការណ៍​ច្បាប់​ជា​រួម»។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក​បណ្ឌិត គិន ភា ​ប្រាប់​វីអូអេ​ថា​ មហា​អំណាច​ទាំង​ពី​រនឹង​លើក​យក​បញ្ហា​កោះ​តៃវ៉ាន់​មក​ជជែក​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​អាស៊ាន​ ដែល​នឹ​ងនាំ​ឱ្យ​កិច្ច​ប្រជុំ​នោះ​មាន​ភាព​តាន​តឹង។ ​លោក​បន្ថែម​ថា​ ផល​វិបាក​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​គឺ​មិន​អាចចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​បាន​ ប្រសិន​បើ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​មាន​ឃ្លា​ ឬក៏​ពាក្យ​ពេចន៍​គាំទ្រ​ភាគី​ណាមួយ។​

លោក​ថ្លែង​ថា៖​ «ដោយ​គ្មាន​សេចក្តី​ថ្លែង​ការណ៍​រួម​ ដោយ​សារ​អី ដោយ​សារ​បើ​មាន​ការ​លើក​ឡើង​នូវ​ពាក្យ​ពេចន៍​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ជាការ​វាយ​ប្រហារ​ ឬ​ក៏​ការ​គាំទ្រ ​ឬ​ក៏​ជា​ការ​ការពារ​នូវ​របៀប​វារៈ​មហា​អំណាច​ណា​មួយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​គឺ​ប្រាកដ​ហើយ​វា​នឹង​មិន​ចេញ​រួច​ទេ។​ អ៊ីចឹ​ង​ទេ​អា​នោះ​គឺជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន»។​

​លោក​បណ្ឌិត ​គិន ភា ​បន្ត​ថា​ ការ​ប្រកាន់​នូវ​គោល​ការណ៍​«មជ្ឈភាព»​របស់​កម្ពុជា ​និង​អាស៊ាន​ ហើយ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​យ៉ាង​ប្រុង​ប្រយ័ត្ន ​និង​ជាក់​ស្តែង​និយម​ទៅ​លើ​បញ្ហា​នេះ​ជា​ត្រី​វិស័យ​សំខាន់​សម្រាប់​ការ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​ដើម្បី​ចៀស​ផុត​ពី​ហានិភ័យ​ដែល​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​របស់​ពួកគេ។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ប្រាប់​វីអូអេ​ថា​ សមាគម​អាស៊ាន​បាន​យល់​ស្រប​គ្នា​ថា​ មហា​អំណាច​មិន​អាច​លូក​ដៃ ​ឬ​ក៏​មាន​ឥទ្ធិពល​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អាស៊ាន​ឡើយ។​

លោក​ថ្លែង​ថា៖​ «អាស៊ាន​បាន​ឯក​ច្ឆន្ទ​(កុង​សង់​ស៊ីស)មិន​ឱ្យ​មហា​អំណាច​ណា​មាន​ឥទ្ធិពល​ជះ​មក​លើ​ក្នុង​ការ​ប្រជុំ​របស់​អាស៊ាន​ ឬ​តំបន់​អា​ស៊ាន​ទេ»។

គួរ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​គាំ​ទ្រ​ចិន​តាម​រយៈ​ការ​អនុវត្តនូវ​គោល​នយោបាយ​«ចិន​តែ​មួយ​»​ទៅ​លើ​បញ្ហា​កោះ​តៃវ៉ាន់​ ខណៈ​ផ្តាច់​ទំនាក់​ទំនង​ ឬ​ក៏​មិន​អនុញ្ញាត​ឱ្យ​ទីក្រុង​តៃប៉ិ​មាន​អគ្គ​កុង​ស៊ុល ​ឬ​ក៏​ទូត​នៅ​កម្ពុជា​ឡើយ៕

XS
SM
MD
LG