ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លើក​​ពី​បញ្ហា​ប្រជាធិបតេយ្យនិង​សិទ្ធិ​មនុស្ស​​ ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា


​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken។
​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken។

មន្ត្រី​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ដែល​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នា​សប្តាហ៍​នេះ លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ជា​ពិសេស​ធានា​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក នី​ សុខា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ប្រកាន់​យក​នូវ​របប​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ ដូច​នេះ​លោក​ចង់​ឃើញ​ភាគី​សហរដ្ឋ​អាមេរិក​លើក​ឡើង​ក៏​ដូច​ជា​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោក​បន្ត​ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ ខណៈ​សិទ្ធិ​នយោបាយ​ក៏​ត្រូវ​បាន​រឹតត្បិត​ តាម​រយៈ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ​គណ​បក្ស​ប្រឆាំង ក៏​ដូច​ជា​សកម្មជន​បរិស្ថាន​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ផង​ដែរ។

លោក​ថ្លែង​ថា៖«ការ​បើក​លម្ហ​សេរីភាព​ ជា​ពិសេស​លម្ហ​សេរី​ភាព​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ សហគមន៍ និង​អ្នក​ប្រមូល​ផ្តុំ​ទាម​ទារ​ដើម្បី​យុត្តិធម៌​សង្គម​អី​ផ្សេងៗ គឺ​ថា​យើង​ចង់​ឃើញ​ហ្នឹង ដើម្បី​ឱ្យ​បរិយាកាស​ប្រទេស​យើង​មុន​ការ​បោះ​ឆ្នោត​ឱ្យ​វា​ប្រព្រឹត្ត​ទៅប្រកប​ដោយ​បរិយាកាស​ល្អ»។

ប្រធាន​សមាគម​រូប​នេះ​អះ​អាង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​ខាង​មុខ ប្រសិន​បើ​ស្ថានភាព​នៅ​តែ​បន្ត​បែប​នេះ វា​នឹង​មិន​មាន​អ្វី​ខុស​ប្លែក​ទេ។ លោក​បន្ត​ថា ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និង​យុត្តិធម៌​ រដ្ឋាភិបាល​ត្រូវ​តែ​បើក​ទូលាយ​ឡើង​វិញ សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចូល​រួម​ការ​បោះ​ឆ្នោត​ ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ​ជាពិសេស​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

រូប​ឯកសារ៖ សន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ សន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ឱ្យ​ដឹង​ថា ​លោក​រដ្ឋមន្ត្រី ​Antony Blinken ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី៣ ​ដល់​ថ្ងៃ​ទី​៥ ខែ​សីហា​ ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាមេរិក-អាស៊ាន ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ​និង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ក៏​នឹង​ជួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សមភាគី​របស់​លោក គឺ​លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ផង​ដែរ។

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ ថ្លែង​ថា ​លោក​រំពឹង​ថា​ ភាគី​សហរដ្ឋ​អាមេរិក​នឹង​លើក​ឡើង​ពាក់​ព័ន្ធ​ជាមួយ​បញ្ហា​សិទ្ធិ​មនុស្ស ក៏ដូច​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ ដើម្បី​ឱ្យ​កម្ពុជា​ត្រឡប់​ដើរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ​ឡើង​វិញ។ លោក​បន្ត​ថា​កម្ពុជា​អាច​មាន​ផល​ចំណេញ​ច្រើន​ពី​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​អាមេរិក​បាន​ផ្តល់​ឱ្យ។

លោក​ប្រាប់​វីអូអេ​ថា៖ «ហើយ​កម្ពុជា យើង​មាន​ផល​ចំណេញ​ច្រើន​ ពី​ព្រោះ​ទី១​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម ហៅ​កាត់​ថា​ GSP។ អ៊ីចឹង​នៅ​ក្នុង GSP ក៏​មាន​លក្ខខណ្ឌ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​ការ​ងារ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​នោះ​ផង​ដែរ»។


អ្នក​ឃ្លាំ​មើល​រូប​នេះ​អះអាង​ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តាំង​តំណាង​រាស្ត្រ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣​ខាង​មុខ មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​ ហេតុ​នេះ​រដ្ឋាភិបាល​ត្រូវ​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្ម​ជន​គណ​បក្ស​ប្រឆាំង ដើរ​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ធានា​ការ​បោះ​ឆ្នោត​មួយ ប្រកប​ដោយសេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដើម្បី​បង្ក​បរិយាកាសល្អ​និង​ការ​ជឿ​ទុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ប្រាប់​វីអូអេ​ថា ​ការណ៍​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា មាន​ន័យ​ថា​កម្ពុជា​មិន​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ឡើយ។

លោក​ថ្លែង​ថា៖ «បើ​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ខ្ញុំ​យល់​ថា​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ លោក​មិន​អញ្ជើញ​មក​កម្ពុជា​ទេ។ បើ​គាត់​មក​អ៊ីចឹង​ បាន​ន័យ​ថា​វា​អត់​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទេ»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​អាមេរិក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា រដ្ឋមន្រ្តី​ការ​បរ​ទេស Antony Blinken នឹង​ថ្លែង​សង្កត់​ធ្ងន់​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​មជ្ឈ​ភាព​អាស៊ាន និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​លើ​ទស្សនៈ​វិស័យ​អា​ស៊ាន ស្តី​ពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ លោក​រដ្ឋមន្ត្រី​នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អា​ស៊ាន និង​ការ​ខិត​ខំ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន​ជា​រួម និង​អាមេរិក​ជា​មួយ​កម្ពុជា។

នៅ​ក្នុង​ការ​ថ្លែង​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​បាន​លើក​ឡើង​ថា​នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា លោក Blinken នឹង​លើក​ឡើង​អំពី​ការ​ចង់​បាន​របស់​អាមេរិក​សម្រាប់​ទំនាក់​ទំនង​«ប្រកប​ដោយ​ផ្លែ​ផ្កា និង​វិជ្ជមាន»​ជាមួយ​កម្ពុជា។

បន្ថែម​ពី​នេះ លោក​ក៏​នឹង​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​បើក​ចំហ​របស់​កម្ពុជា និង​តម្លាភាព​អំពី​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន និង​តម្រូវ​ការ​សម្រាប់មេដឹកនាំ​កម្ពុជា​ក្នុង​ការ​ធានា​ការ​វិវឌ្ឍ​ប្រកប​ដោយ​អត្ថន័យ​នៃ​ការ​គាំទ្រ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ការ​គោរព​សិទ្ធិ​មនុស្ស និង​បើក​ចំហ​ឡើង​វិញ​នៃ​សិទ្ធិ​នយោបាយ និង​ស៊ីវិល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG