រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំទៅ បាននិយាយថា ខ្លួនសុខចិត្តទទួលយកយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) ដើម្បីស្តាប់ការចោទប្រកាន់ថា ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
មុនពេលពួកយោធាដណ្តើមយកអំណាចកាលពីឆ្នាំទៅ រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ដែលត្រូវបានបណ្តេញចេញពីអំណាចនៅពេលឥឡូវនេះ បានដាក់បណ្ដឹងជំទាស់បឋមនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) អំពីរឿងក្តីដែលបានប្តឹងដោយប្រទេសហ្គំប៊ីនៅក្នុងចំណាត់ការមួយដែលត្រូវបានគេមើលឃើញថា ទំនងជានឹងអូសបន្លាយដំណើរការកាត់ក្តីនោះ។
រដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលរួមមានសមាជិកសភាមីយ៉ានម៉ា ដែលត្រូវបានគេទម្លាក់ចេញពីតំណែងនិងរស់នៅនិរទេសខ្លួន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ខ្លួនបានដកការជំទាស់ប្រឆាំងបឋមទាំងអស់ដល់រឿងក្តីនេះ។
ទោះជាយ៉ាងនោះក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើការណ៍នេះ នឹងប៉ះពាល់ដល់ដំណើរការផ្លូវច្បាប់ដែរឬទេ ដោយសារតែរដ្ឋាភិបាលឯកភាពជាតិ (NUG) បាននិយាយថា តុលាការព្រហ្មទណ្ឌអន្តរជាតិ បានទាក់ទងជាមួយពួកអ្នកការទូតមីយ៉ាន់ម៉ាដែលស្ថិតនៅក្រោមការត្រួតត្រារបស់ពួកយោធា។
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICJ) មិនបានឆ្លើយតបភ្លាមៗដល់សំណើសុំធ្វើអត្ថាធិប្បាយ ហើយអ្នកនាំពាក្យរបស់ពួកយោធាមីយ៉ាន់ម៉ា មិនឆ្លើយការហៅទូរស័ព្ទដែលស្វះស្វែងសុំធ្វើអត្ថាធិប្បាយនោះទេ។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមជាង៧សែន ៣ម៉ឺននាក់ បានរត់គេចខ្លួន ពីរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០១៧ បន្ទាប់ពីការបង្ក្រាបខាងយោធា៕