ភូមាបានកាត់ទោសជនជាតិចិន១៥៣នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះការកាប់ឈើខុសច្បាប់ក្នុងរដ្ឋកាជីន (Kachin) ភាគខាងជើង។
តុលាការក្នុងរដ្ឋធានី Myitkyina នៃរដ្ឋកាជីនបានធ្វើការកាត់ទោសនោះកាលពីថ្ងៃពុធ។ ជនជាតិចិន២នាក់បានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំក្នុងម្នាក់ៗ។
មេធាវី Khin Maung ដែលតំណាងឲ្យជនជាតិចិន បានប្រាប់ VOA ផ្សាយជាភាសាភូមាថា ការកាត់ទោសនោះបានត្រូវធ្វើឡើងដោយចៅក្រម២រូប។
លោកនិយាយថា «ពួកគេស្ថិតក្នុងក្រុម២។ ក្រុមទីមួយមានគ្នា៨៥នាក់ ហើយក្រុមមួយទៀតមានគ្នា៧០នាក់។ ចៅក្រមក្រុង Myitkyina បានសម្រេចកាត់ទោសឲ្យក្រុមទីមួយដែលមានគ្នា៨៣នាក់ជាប់ពន្ធនាគារអស់មួយជីវិត ហើយនិងដាក់ឲ្យមនុស្ស២នាក់ផ្សេងទៀតដែលជាយុវជនជាប់ពន្ធនាគារ១០ឆ្នាំ។ ចៅក្រមម្នាក់ទៀតរបស់តុលាការស្រុកបានសម្រេចដាក់ទោសឲ្យមនុស្សទាំងអស់នៅក្នុងក្រុមទី២ជាប់ពន្ធនាគារ២០ឆ្នាំ ហើយវាដូចគ្នានឹងការជាប់ពន្ធនាគារអស់មួយជីវិតដែរ»។
ចុងចោទទាំងអស់នឹងមានឱកាសប្តឹងឧទ្ធរណ៍ដល់ការសម្រេចរបស់តុលាការនេះ។
កាសែតដែលរៀបចំចាត់ចែងដោយរដ្ឋាភិបាលទីក្រុងប៉េកាំងបានដកស្រង់សម្តីមន្រ្តីស្ថានទូតចិនម្នាក់មកចុះផ្សាយថា រដ្ឋាភិបាលទីក្រុងមានការព្រួយបារម្ភអំពីសាលក្រមនេះ ហើយកំពុងពិភាក្សាអំពីបញ្ហានេះជាមួយក្រសួងការបរទេសភូមា។
ពលរដ្ឋចិនត្រូវបានចាប់ខ្លួនកាលពីខែមករាក្នុងអំឡុងពេលនៃការបង្ក្រាបពាណិជ្ជកម្មឈើនៅក្នុងរដ្ឋកាជីន។
ពេលជាមួយគ្នានោះដែរ ក្រុមអាជ្ញាធរនិយាយថា ពួកគេក៏បានរឹបអូសរថយន្តដឹកឈើហុបចំនួន៤៣៦គ្រឿង រថយន្តដឹកឈើហុបប្រភេទតូចចំនួន១៤គ្រឿងដែលផ្ទុកទៅដោយឈើហុប ថ្នាំញៀន អាភៀនមិនទាន់ចម្រាញ់ និងប្រាក់ចិន។ ការកាប់ឈើខុសច្បាប់ត្រូវបានគេចាត់ទុកជាបញ្ហាយ៉ាងធំមួយនៅក្នុងប្រទេសភូមា ដែលនៅទីនោះក្រុមឧទ្ទាមជនជាតិភាគតិចបានប្រយុទ្ធជាមួយរដ្ឋាភិបាលអស់រាប់ទសវត្សរ៍៕