ដោយ William Eagle
ប្រែសម្រួលដោយ ជឹង ប៉ូជីន
រដ្ឋធានីវ៉ាស៊ីនតោន៖ អង្គការសហប្រជាជាតិ ប្រាប់ឲ្យដឹងថាឧក្រិដ្ឋកម្មដែលគេរៀបចំ បានពាក់ព័ន្ធនឹងផលិតកម្មឈើសកលលោក ចំនួន៣០ភាគរយ ហើយជាងពាក់កណ្តាលមាននៅក្នុងប្រទេសសំខាន់ៗខ្លះក្នុងតំបន់ត្រូពិក។ របាយការណ៍ថ្មីមួយដោយអង្គការកម្មវិធីបរិដ្ឋានរបស់អង្គការសហប្រជាជាតិ (UNEP) ហើយនឹងអង្គការប៉ូលីសអន្តរជាតិ INTERPOL ប្រាប់ឲ្យដឹងថាសកម្មភាពខុសច្បាប់ កំពុងបង្វែរប្រាក់រាប់ពាន់លានដុល្លារ ជាប្រាក់ចំណូលដែលអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍។
របាយការណ៍រួមគ្នាមួយហៅថា «កាបោនពណ៌បៃតងនិងការជួញដូរខុសច្បាប់» ឬ”Green Carbon/Black Trade” ប្រាប់ឲ្យដឹងថា ប្រាក់ពី៣០ពាន់លានដុល្លារទៅ១រយពាន់លានដុល្លារ បានបាត់បង់ជារៀងរាល់ឆ្នាំដោយសារការលក់ដូរឈើខុសច្បាប់។ ការបាត់បង់ភាគច្រើនសំដៅក្នុងប្រទេសកាប់ឈើហុបសំខាន់ៗក្នុងតំបន់អាហ្វ្រិកកណ្តាល តំបន់ដីទំនាបទន្លេ Amazon ហើយនឹងតំបន់អាស៊ីអាគ្នេយ៍។
ក្រៅពីការបង្វែរប្រាក់ចំណូលចេញពីការអភិវឌ្ឍន៍ពាណិជ្ជកម្មនោះ ស្ថានការណ៍នេះក៏បានធ្វើឲ្យគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលការផ្លាស់ប្តូរអាកាសធាតុ ហើយក៏នាំឲ្យមានអស្ថេរភាពខាងនយោបាយដែរ។ អង្គការ UNEPប្រាប់ឲ្យដឹងថា ការកាប់ព្រៃឈើភាគច្រើនមកពីការកាប់ឈើក្នុងតំបន់ព្រៃឈើដែលទាក់ទាញទឹកភ្លៀងត្រូពិក មានជិតប្រហែល២០ភាគរយនៃការបញ្ចេញជាតិកាបោន ៥០ភាគរយច្រើនជាងចំនួននៃការបញ្ចេញជាតិកាបោនតាមកប៉ាល់ យន្តហោះនិងការដឹកជញ្ជូនតាមផ្លូវគោករួមគ្នា។
ប្រាក់ចំណូលមកពីការកាប់ឈើខុសច្បាប់បានត្រូវប្រើប្រាស់ដោយក្រុមឧទ្ទាមនិងក្រុមភេរវជនជាច្រើន មានចាប់តាំងពីពួកខ្មែរក្រហមក្នុងប្រទេសកម្ពុជាទៅដល់កងយោធាតស៊ូស្តេចសង្គ្រាម “Lord’s Resistance Army” ក្នុងប្រទេស Uganda។ ក្រុមខ្លះ ដូចជាពួកជីវពលក្នុងតំបន់ Kivu ភាគខាងជើងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានទាក់ទិនក្នុងសកម្មភាពខុសច្បាប់មួយចំនួនដែលនាំមានផលវិបាកអន្តរជាតិ។ ការទាក់ទិនទាំងនោះរួមមានការបរបាញ់សត្វរមាស ដំរី និងសត្វព្រៃផ្សេងៗទៀត និងការកាប់ឈើខុសច្បាប់។
លោក Christian Nellemann ជាមន្រ្តីជាន់ខ្ពស់នៃអង្គភាពឆ្លើយតបរហ័សរបស់អង្គការ UNEP ហើយនឹងជាបណ្ណាធិការនៃរបាយការណ៍នេះ។
លោក មានប្រសាសន៍ថា ក្នុងតំបន់ភាគឦសាន្តនៃប្រទេសកុងហ្គោ កងជីវពលជារឿយៗ បានធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាល ដែលរួមមានការដកចំណុចឆែកឆេររថយន្ត ដែលធ្វើឲ្យមានភាពកាន់តែងាយស្រួលឡើងដល់ការដឹកជញ្ជូនឈើហុប។ ពួកគេក៏កាប់ឆ្ការព្រៃសម្រាប់ពាណិជ្ជកម្មធ្យូងដ៏រីកដុះដាលដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថាមានតម្លៃជាង២៨លានដុល្លារក្នុងមួយឆ្នាំៗដែរ។
«ក្នុងពេលនៃការវាយប្រហារ ពួកកងជីវពល បានបង្ខំប្រជាពលរដ្ឋរាប់សែននាក់ចូលក្នុងជំរំនោះ។ ដើម្បីចំអិនម្ហូបអាហារ ជនភៀសខ្លួនទាំងនោះត្រូវការធ្យូង។ ដូច្នេះ បន្ទាប់ពីបានបង្ខំប្រជាពលរដ្ឋចូលក្នុងជំរំទាំងនោះ ពួកជនសកម្មប្រយុទ្ធ បានកាប់ឈើ ធ្វើឡរដើម្បីដុតធ្យូងដែលបន្ទាប់មក ពួកគេលក់ទៅឲ្យជនភៀសខ្លួន»។
អ្វីដែលយើង ឃើញក្នុងតំបន់ទាំងនោះដែរគឺថា ជនសកម្មប្រយុទ្ធផ្សេងៗ រួមមានពួកយោធាក្នុងតំបន់ យកពន្ធដារពីធ្យូងនៅតាមផ្លូវឆ្ពោះទៅកាន់ជំរំជនភៀសខ្លួន។
លោក Nellemann មានប្រសាសន៍បន្តទៀតថាឧក្រិដ្ឋកម្មដែលគេរៀបចំ បានក្លាយកាន់តែមានស្នៀតទំនើបៗក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
ពួកឧក្រិដ្ឋជន ជារឿយៗបានលួចចូលក្នុង គេហទំព័រ (Website) របស់រដ្ឋាភិបាលដើម្បីទាញយកលិខិតអនុញ្ញាតិកាប់ឈើ ហើយបានបង្កើតអាជ្ញាប័ណក្លែងក្លាយដោយប្រកាសថាឈើហុបដែលពួកគេ កំពុងលក់ជាផលិតផលស្របច្បាប់។ លោក និយាយទៀតថា នៅទីកន្លែងខ្លះ ដូចជាប្រទេសប្រេស៊ីល ក្រុមឧក្រិដ្ឋកម្ម Cartels បានដឹងពីខ្លឹមសារនៃកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាល មុនពេលឯកសារនោះត្រូវបានចុះហត្ថលេខា។
«សកម្មភាពទុច្ចរិតដ៏ធំមួយក្នុងសកម្មភាពទុច្ចរិតដ៏ធំនានាដែលយើងឃើញនៅពេលឥឡូវនេះ ជាកិច្ចប្រតិបត្តិការលាងលុយកខ្វក់ទ្រង់ទ្រាយធំបំផុត ដែលអង្គការ Cartels ទុច្ចរិតកាប់ឈើខុសច្បាប់ បង្វិលប្រាក់បានមកពីការលក់ឈើតាមរយៈចំការឈើធំៗ ទុកជារបាំងមុខ ដែលតាមការពិត មាននៅលើក្រដាសតែប៉ុណ្ណោះ»។
នៅក្នុងប្រទេសប្រេស៊ីល ហើយនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានលិខិតអនុញ្ញាតិរាប់រយពាន់សម្រាប់ចំការដូងប្រេង កសិកម្មនិងចំការព្រៃឈើដែលមានតែនៅលើតែក្រដាស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កំពុងផលិតឈើក្នុងចំនួនយ៉ាងច្រើនដែលតាមការពិត ឆ្លុះបញ្ចាំងពីកិច្ចប្រតិបត្តិការលាងលុយកខ្វក់។
របាយការណ៍របស់អង្គការ UNEP និងប៉ូលីសអន្តរជាតិ INTERPOL ប្រាប់ឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌូណេស៊ី ចំនួនឈើដែលគេគិតថាបានត្រូវផលិតតាមរយៈចំការធំៗទាំងនោះ បានកើនឡើងពីជិត ៤លានម៉ែត្រគីប ទៅជាង ២២លានម៉ែត្រគីប ក្នុងឆ្នាំ២០០៨។
លោក Nellemann មានប្រសាសន៍បន្តទៀតថា គេត្រូវការកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិកាន់ខ្លាំងឡើង ដើម្បីប្រយុទ្ធការកាប់ឈើខុសច្បាប់ហើយនឹងឧក្រិដ្ឋកម្មឆ្លងកាត់ប្រទេសជាតិផ្សេងៗទៀត។ លោកមានប្រសាសន៍បន្តទៀតថាអង្គការ UNEP កំពុងធ្វើការជាមួយអង្គការប៉ូលីសអន្តរជាតិ INTERPOL លើគម្រោងមគ្គុទ្ទេសន៍មួយដែលហៅថា LEAF ឬ ជំនួយអនុវត្តន៍ច្បាប់ដើម្បីការពារព្រៃឈើ។ កិច្ចខិតខំប្រឹងប្រែងនេះ បានទទួលថវិកាពីរដ្ឋាភិបាលប្រទេស ន័រវែ (Norway) ហើយនិងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសន័រវែ។
កម្មវិធីនេះធ្វើការជាមួយកងកម្លាំងប៉ូលីសជាតិដើម្បីបង្ក្រាបក្រុមនានា ហើយដើម្បីប្រមូលព័ត៌មានលើអង្គការឧក្រិដ្ឋកម្មហើយនឹងដៃគូពាណិជ្ជកម្មរបស់ពួកគេ ដែលភាគច្រើនមានទីតាំងក្នុងតំបន់អាមេរិកខាងជើង អឺរ៉ុបនិងប្រទេសចិន។
លោកមានប្រសាសន៍បន្តទៀតថាក្នុងករណីខ្លះ គេត្រូវការកងកម្លាំងយោធា។
«យើងបានឃើញក្នុងឥណ្ឌូណេស៊ី កងនាវានិងកងទ័ពធ្វើអន្តរាគមន៍ដោយផ្ទាល់ដែលបណ្តាលមកពីទំហំនិងការមានអាវុធ្ធរបស់ក្រុមខុសច្បាប់ Cartels ទាំងនោះ ខ្លះ។ ក្នុងប្រទេសប្រេស៊ីល ប៉ូលីសសហព័ន្ធ មានប្រសិទ្ធិភាពក្នុងកិច្ចប្រតិបត្តិការផ្ទាល់របស់កងពិសេស SWAT។ យើងដឹងហើយថា ដើម្បីប្រយុទ្ធក្រុមឧក្រិដ្ឋកម្មដែលគេរៀបចំឆ្លងកាត់ប្រទេសជាតិ យើងត្រូវការកិច្ចខិតខំប្រឹងប្រែងប្រតិបត្តិច្បាប់យ៉ាងពេញទំហឹង»។
លោក Nellemann មានប្រសាសន៍បន្តទៀតថា នៅក្រោមកម្មវិធី LEAF ពួកអាជ្ញាធរជាតិ អាចកម្រិតការនាំចេញឈើហុបនៅក្នុងតំបន់ដែលមានសកម្មភាពខុសច្បាប់យ៉ាងច្រើន។
ប៉ូលីស INTERLPOL នឹងកំណត់អត្តសញ្ញាណក្រុមហ៊ុននានាដែលប្រតិបត្តិការឬទិញឈើខុសច្បាប់មកពីតំបន់នានាហើយនឹងបន្ទុចបង្អាក់មិនឲ្យវិនិយោគទុនតទៅទៀត។
គំនិតផ្សេងៗទៀតដែលបានស្នើដោយកម្មវិធីថ្មី រួមមានការធ្វើវិមជ្ឈការអនុញ្ញាតិឲ្យកាប់ត្រួសត្រាយយកដីដោយមានការចុះបញ្ជីថ្នាក់ជាតិតែមួយកន្លែង។
ប៉ូលីស INTERPOL ហើយនឹងដៃគូរបស់ខ្លួន ក៏នឹងលើកទឹកចិត្តឲ្យមានការស៊ើបអង្កេតរោងចក្រនិងចំការធំៗដែរ។
«យើងដឹងថាក្រៅពីឃាតកម្មនិងអំពើហឹង្សា អ្វីដែលមនុស្សទាំងនោះកំពុងធ្វើគឺការលួចបន្លំពន្ធដារក្នុងទំហំធំ។ យើងដឹងថាចំនួនឈើដែលឆ្លងកាត់តាមរយៈចំការធំៗទាំងនោះ មានចំនួនច្រើនដងជាងអ្វីដែលគេបានរាយការណ៍ទៅឲ្យពួកអាជ្ញាធរ។ ហើយដោយធ្វើការជាមួយអាជ្ញាធរពន្ធដារក្នុងប្រទេសទាំងនោះ នៅទីបញ្ចប់យើងអាចទទួលបានភស្តុតាងហើយនឹងនាំយកពួកឧក្រិដ្ឋជនទាំងនោះទៅកាត់ទោសក្នុងតុលាការ»។
លោក Nellemann មានប្រសាសន៍បន្តទៀតថា បទពិសោធន៍កាលពីអតីតកាលជាមួយអង្គការឧក្រិដ្ឋកម្មជួញដូរថ្នាំញៀន Cartels បានធ្វើជាគ្រឿងចង្អុលបង្ហាញអំពីអ្វីដែលអាចកើតមានឡើង ប្រសិនបើ ការជួញដូរឈើខុសច្បាប់ មិនត្រូវបានបញ្ឈប់ទេគឺ អង្គការឧក្រិដ្ឋកម្ម Cartels អាចពង្រីកខ្លួនចូលក្នុងប្រភេទនៃសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត រួមមានការជួញដូរមនុស្ស ការជួញដូរថ្នាំញៀនអន្តរជាតិ ហើយនឹងជីករ៉ែខុសច្បាប់ដោយប្រាក់ចំណូល ត្រូវប្រើប្រាស់ដើម្បីបញ្ឆេះឲ្យមានសង្គ្រាមស៊ីវិល៕