ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ថា ខ្លួន​នឹង​មិន​ចូលរួម​​ក្នុង​កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​នោះ​ឡើយ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ក្នុងពេលជួបសំណេះសំណាលផ្លូវការមួយ នៅរដ្ឋធានីណៃពិដោ មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២។ (Photo by An Khoun SamAun / National Television of Cambodia (TVK) / AFP)

ប្រទេស​មីយ៉ាន់ម៉ា​នឹង​មិន​ចូលរួមនៅ​ក្នុង​កិច្ចប្រជុំរបស់​រដ្ឋមន្ត្រី​ការបរទេស​មកពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ ​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ ដោយ​បាន​ច្រានចោល​ការអញ្ជើញ​តំណាង​មិន​មែន​នយោបាយ​ជំនួសឲ្យ​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

កម្ពុជា​ដែលបច្ចុប្បន្ន​នេះ​ជា​ប្រធាន​ប្តូរ​វេន​នៃសមាគម​អាស៊ាន បាន​បញ្ជាក់​នៅ​ដើម​ខែ​នេះ​ថា សមាជិក​របស់​ក្រុម​ប្រទេស​អាស៊ាន​មិន​បាន​ឈោង​ដល់​ការ​មូល​មតិ​គ្នា​ស្តី​ពី​ការ​អញ្ជើញ​រដ្ឋ មន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា​លោក Wunna Maung Lwinឲ្យ​ចូលរួមនៅ​ក្នុង​កិច្ច​ជំនួប​របស់​ខ្លួន ដែល​នឹង​ធ្វើចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សុក្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ។

លោក Wunna Maung Lwin ​ត្រូវ បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​ពួក​យោធា​បាន​ដណ្តើម​អំណាច​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ​ទៅ​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោក​ស្រី Aung San Suu Kyi។

ការសម្រេច​ចិត្ត​ដើម្បី​រឹតត្បិតដល់​ការចូលរួម​របស់​មីយ៉ាន់ម៉ា បាន​ឆ្លុះ​បញ្ចាំងពី​ការខ្វែង​គំនិត​គ្នា​អំពី​ការ​ខ្វះ​កិច្ចសហប្រតិបត្តិការ​របស់​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការអនុវត្ត​វិធានការ​នានា​ដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​ក្រុម​ប្រទេស​ដែល​មាន​ប្រទេស១០ជា​សមាជិក​កាលពី​ឆ្នាំ​ទៅ​ដើម្បី​ជួយ​បន្ធូរបន្ថយ​វិបត្តិ​នយោបាយ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ បន្ទាប់ពី​ការរឹបអូស​យក​អំណាច​ដោយ​ពួក​យោធា​មក។

ឧត្តម​សេនីយ៍​ជាន់​ខ្ពស់ លោក Min Aung Hlaing មេដឹកនាំ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ជំនួប​តាម​អនឡាញ​របស់​មេដឹកនាំ​អាស៊ាន​ទេ​កាលពី​ខែ​តុលា​ឆ្នាំ​ទៅ​ ពីព្រោះ​តែមាន​ការខ្វែង​គំនិត​គ្នា។ ការស្តីបន្ទោស​នេះ បាន​កើត​មាន​ឡើង​ភ្លាមៗ​បន្ទាប់ពី​មីយ៉ាន់ម៉ា​បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​បេសកជន​ពិសេស​របស់​អាស៊ាន​ជួប​ជាមួយ​លោក​ស្រី Aung San Suu Kyi ដែល​បាន​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង​ចាប់តាំង​ពី​ពួក​យោធា​ដណ្តើម​យក​អំណាច​មក។

ប្រទេស​ប៊្រុយណេ បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅពេល​ដែល​ខ្លួនធ្វើ​ព្រងើយ​កន្តើយ​ដាក់​លោក Min Aung Hlaing ក៏ប៉ុន្តែ នៅ​ក្រោម​ប្រព័ន្ធ​ប្តូរវេន​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន កម្ពុជា​ឥឡូវនេះជា​ប្រធាន​របស់​អាស៊ាន។ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន បាន​និយាយ​ថា លោក​ជឿ​ថា វាជា​ការសំខាន់​ដែល​មីយ៉ាន់ម៉ា​ចូលរួម​ជំនួប​កំពូល​លើក​ក្រោយ។ លោក ​ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ខែ​មករា ដែល​បាន​ក្លាយ​ជា​មេដឹកនាំ​បរទេស​លើក​ដំបូង​គេ​ទៅ​បំពេញ​ទស្សនកិច្ច​មីយ៉ាន់ម៉ា​ចាប់តាំង​ពី​ពួក​យោធា​រឹបអូស​អំណាច​មក។ លោក បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​ពី​ការយកចិត្ត​ទុកដាក់​របស់​លោក​នៅ​ក្នុង​ការដោះស្រាយ​ភាព​ទាល់ច្រក​រវាង​អាស៊ាន​ និង​ប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បាន​ជួប​ជាមួយ​កូន​ប្រុស​របស់​លោក​ ហ៊ុន សែន នៅ​ក្នុង​ទីក្រុង​តូក្យូ​កាលពី​ថ្ងៃ​ចន្ទ ហើយ​បាន​ព្រមព្រៀង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ដោះស្រាយ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ លោក ​ហ៊ុន ម៉ាណែត ​ដែលជា​មេដឹកនាំ​កងទ័ព​កម្ពុជា​ ហើយ​នឹង​អាចជា​អ្នក​ស្នង​តំណែង​របស់​លោក ​ហ៊ុន សែន ​ផងដែរ​នោះ បាន​អម​ដំណើរ​ឪពុក​របស់​លោក​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។

ជប៉ុន​បាន​ប្រកាន់យក​ខ្សែ​បន្ទាត់​នយោបាយ​ទន់ភ្លន់​ជាង​បណ្តា​ប្រទេស​លោក​ខាង​លិច ទៅលើ​ពួក​យោធា​មីយ៉ាន់ម៉ា ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ពួក​ឧត្តមសេនីយ៍​យោធាមួយ​ចំនួន។ ក៏ប៉ុន្តែ​ជំហរ​របស់​ជប៉ុន​មាន​ភាព​ច្របូក​ច្របល់។ ក្រុមហ៊ុន​ផលិត​ភេសជ្ជ:​ជប៉ុន​ឈ្មោះ Kiri Holding បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​សម្រេច​ដក​ខ្លួន​ចេញពី​ការរកស៊ី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​បាន​បញ្ចប់​ការរកស៊ី​រួម​គ្នា​របស់​ខ្លួន​ជាមួយ​ដៃគូ​ដែល​ជាប់​ទាក់​ទិន​នឹង​ពួក​យោធា​មីយ៉ាន់ម៉ា។

លោក ​ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​និយាយ​ថា ការបរាជ័យ​មិន​បាន​ឈោង​ដល់​ការមូលមតិ​គ្នា​អំពី​ការអញ្ជើញ​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​នៅ​សប្តាហ៍​នេះ មកពី«មាន​ការជឿនលឿនតិចតួច​នៅ​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​ជាឯកច្ឆ័ន្ទ​ប្រាំ​ចំណុច​ដែល​បាន​ព្រមព្រៀងគ្នា​ដោយ​សមាជិក​ទាំង​អស់​របស់​អាស៊ាន​ដែល​រួម​ទាំង​មីយ៉ាន់ម៉ាខ្លួន​ឯង​ផង​ដែរ៕

XS
SM
MD
LG