ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​ជំរុញ​កម្ពុជា​រៀប​ចំ​ការ​បោះឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​


រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi ជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi ជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។

រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ឲ្យ​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​និង​ការ​បោះ​ឆ្នោត​សាកល​នា​ពេល​ខាង​មុខ​តាម​បែប​ប្រជាធិបតេយ្យ​និង​ពហុបក្ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ជប៉ុន។​

រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​លោក ​Hayashi Yoshimasa​ បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​លោក​ហ៊ុន ម៉ាណែត ​កូន​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ និង​ជា​ថ្នាក់​ដឹក​នាំ​បន្ត​វេន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​ខាង​មុខ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។​

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ​ហ៊ុន ម៉ាណែត ​ក្នុង​ប្រទេស​ជប៉ុន​នេះ​កើត​ឡើង​បន្ទាប់​ពី​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក ​Masahiro Mikami ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​នៅ​ក្រុង​តាខ្មៅ​កាល​ពីថ្ងៃ​ទី ​២៨​ ខែ​ធ្នូ​ឆ្នាំ​២០២១​កន្លង​ទៅ។​

នៅ​ក្នុង​ជំនួប​នោះ​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​លោក ​Hayashi Yoshimasa​ និង​លោក ​ហ៊ុន ម៉ាណែត​អគ្គ​មេ​បញ្ជា​ការ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​ពិភាក្សា​គ្នា​អំពី​«ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ»​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​និង​ជប៉ុន ​មាន​ទំនាក់ទំនង​រឹង​មាំ​និង​អាច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ចំពោះ​បញ្ហា​សហគមន៍​អន្តរជាតិ​និង​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ចំពោះ​បញ្ហា​ក្នុង​តំបន់​ដែល​រួម​មាន​ស្ថានការណ៍​មីយ៉ាន់ម៉ា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ប្រទេស​កូរ៉េ​ខាងជើង​និង​បញ្ហា​ចាប់​ជំរិត​ជា​ដើម។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​លើ​គេហ​ទំព័រ​របស់​ក្រសួង​ការ​បរទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​នេះ។​

មិន​តែ​ប៉ុណ្ណោះ​ក្នុង​ជំនួប​នោះ​ក៏​មាន​ការ​ពិភាក្សា​គ្នា​អំពី​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាង​មុខ​នេះ​ផង​ដែរ ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​ Hayashi​បាន​ឲ្យ​ដឹង​ថា​ជប៉ុន​ចង់​ផ្តល់​ការ​គាំទ្រ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ទៅ​តាម​បែប​ប្រជាធិបតេយ្យ​និង​ភាព​ចម្រុះ​នៃ​ការ​ចូល​រួម​របស់​គណបក្ស។​

លោក​ Hayashi​ បញ្ជាក់​ថា៖​«ប្រទេស​ជប៉ុន​ចង់​ផ្តល់​ការ​គាំទ្រ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា​នា​ខែ​មិថុនា​ឆ្នាំ​[២០២២]​នេះ​និង​ការ​បោះ​ឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ​ប្រព្រឹត្ត​ទៅ​តាម​បែប​ប្រជា​ធិបតេយ្យ​និង​ភាព​ចម្រុះ»។​

បើ​តាម​លោក​ Hayashi​ថា​ជប៉ុន​នឹង​ផ្តល់​ជំនួយ​ថ្មី​ទាក់​ទង​នឹង​ជំងឺ​កូវីដ១៩​ឲ្យ​ប្រទេស​កម្ពុជា​ដូច​ជា​ការ​ផ្តល់​វ៉ាក់សាំង​ជា​ដើម។​

ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​សហការ​ពង្រឹង​ទំនាក់​ទំនង​ ឆ្ពោះ​ទៅ​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត ​និង​ខួប​លើក​ទី​៥០​នៃ​ទំនាក់​ទំនង​មិត្ត​ភាព ​និង​សហ​ប្រតិបត្តិការ​ជប៉ុន-អាស៊ាន​ នៅ​ឆ្នាំ​ក្រោយ។​

ទាក់ទង​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​លោក​ ហ៊ុន ម៉ាណែត​ មិន​បាន​បញ្ជាក់​សារ​អ្វី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ឡើយ។​ លោក​គ្រាន់​តែ​បង្ហោះ​រូបភាព​និង​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​បញ្ជាក់​អំពី​ជំនួប​នោះ។​

រូប​ឯកសារ៖ អ្នក​បោះឆ្នោតម្នាក់​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី​៤ នៅ​ខេត្ត​កណ្តាល​នៅ​ថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/វីអូអេ)
រូប​ឯកសារ៖ អ្នក​បោះឆ្នោតម្នាក់​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិទី​៤ នៅ​ខេត្ត​កណ្តាល​នៅ​ថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/វីអូអេ)

អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​លោក​ហង្ស ពុទ្ធា​ ប្រាប់​វីអូអេ​ថា​ការ​គាំទ្រ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការ​បោះឆ្នោត​នៅ​កម្ពុជា​គឺ​ជប៉ុន​ចង់​លើក​ស្ទួយ​ដំណើរការ​បោះឆ្នោត​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ហើយ​បាន​ជប៉ុន​ជួយ​លើក​ស្ទួយ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​វិស័យ​បោះឆ្នោត​កាន់តែ​មាន​ភាព​រីក​ចម្រើន។​ បច្ចុប្បន្ន​នៅ​ក្នុង​ស្ថាប័ន​គ.ជ.ប.​ជប៉ុន​បាន​ផ្តល់​រួច​ហើយ​នូវ​អ្នក​ជំនាញ​ខាង​អប់រំ​បណ្តុះ​បណ្តាល។​អ៊ីចឹង​ជប៉ុន​មើល​ឃើញ​ច្បាស់​ថា​ សេរី​ពហុ​បក្ស​ចម្រុះ​គឺ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា»។​

លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​វីអូអេ​ថា​ជំហរ​រដ្ឋាភិបាល​ជប៉ុន​តែង​តែ​គាំទ្រ​ដល់​ដំណើរ​ការ​បោះឆ្នោត​និង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​នេះ​ជា​គោល​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​ជប៉ុន។​ ប៉ុន្តែ​លោក​ថ្លែង​ការពារ​ការ​រៀបចំ​ការ​បោះឆ្នោត​ថា​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​បរិយាកាស​និង​ដំណើរ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​និង​យុត្តិធម៌​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាជន។​

លោក​ថ្លែង​ថា៖​«ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​រាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រៀបចំ​ឲ្យ​ដំណើរការ​បោះឆ្នោត​និង​បរិយាកាស​មួយ​ដែល​ប្រកប​ដោយ​យុត្តិធម៌​ត្រឹមត្រូវ​និង​សេរី​ដើម្បី​ទុក​លទ្ធភាព​ជូន​ប្រជាជន​ដើម្បី​សម្រេច​តាម​ឆន្ទៈ​របស់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃ​៥​ ខែ​មិថុនា​ឆ្នាំ​២០២២​ខាង​មុខ​នេះ​គឺ​នៅ​សល់​តែ​៥​ខែ​ទៀត​ទេ»។​

លោក​កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ប្រាប់​វីអូអេ​ថារដ្ឋាភិបាល​ជប៉ុន​តែង​តែ​ផ្តល់​ជំនួយ​តាម​រយៈ​បច្ចេកទេស​និង​ធនធាន​ថវិកា​ដល់​ប្រជាពល​រដ្ឋ​និង​ប្រទេស​កម្ពុជា​ដោយ​មិន​សំដៅ​លើ​បុគ្គល​ឬ​ក្រុម​ណា​មួយ​នោះ​ទេ​ ដូច​ជា​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ដែល​ជួយ​ទៅ​ស្ថាប័ន​គ.ជ.ប.​ទាំង​សម្ភារៈ​បោះឆ្នោត​និង​ថវិកា​ជាដើម។​

លោក​កន សាវាង្ស​បញ្ជាក់​ថា​ មក​ដល់​ពេល​នេះ​សង្គម​ស៊ីវិល​មិន​ទាន់​ឃើញ​មាន​សញ្ញា​ណា​មួយ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​អប្បបរមា​៦​ចំណុច​ដែល​សង្គម​ស៊ីវិល​ស្នើ​សុំ​ឲ្យ​ស្តារ​ស្ថានភាព​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​មុន​ការ​បោះឆ្នោត​នោះ​ឡើយ។​

បើ​តាម​លោក​កន សាវាង្ស ​ចំណុច​ទាំង​នោះ​រួម​មាន​បរិយាកាស​នយោបាយ​សិទ្ធិ​នយោបាយ​ ឆន្ទៈ​ប្រជា​ពលរដ្ឋ​អព្យាក្រឹតភាព​មន្រ្តី​រាជការ​និង​សមាស​ភាព​ថ្នាក់​ដឹកនាំ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​គ.ជ.ប.។​ លោក​បញ្ជាក់​ថា​ចំណុច​ទាំង​អស់​នេះ​មិន​ឃើញ​មាន​ការ​វិវឌ្ឍ​ឲ្យ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ។ទាំងអស់​នេះ​ជា​គោល​ការណ៍​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា។​

ទាក់​ទង​គណបក្ស​នយោបាយ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​លោក ​កន សាវាង្ស​ថា ​មិន​មាន​គណបក្ស​នយោបាយ​ណា​មួយ​ដែល​អាច​ដើរ​តួ​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ទោះ​មាន​គណបក្ស​ដែល​កើត​ចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​ដោយ។​

លោក​មាស នី ​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ប្រាប់​វីអូអេ​ថា​ ខាង​បស្ចិមប្រទេស​និង​ប្រទេស​ជប៉ុន​តែង​តែ​និយាយ​ពី​ការ​បោះឆ្នោត​ពហុបក្ស​ដោយ​សេរី ​និង​យុត្តិធម៌​ដែល​រាប់​ចាប់តាំង​ពី​ដំណើរការ​របស់​គណបក្ស​រហូត​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​គ្មាន​ការ​គំរាម​កំហែង​ ការ​រារាំង​ ឬ​គាប​សង្កត់​នោះ​ទេ​ប៉ុន្តែ​កម្ពុជា​គិត​ត្រឹម​តែ​មាន​មនុស្ស​ច្រើន​ទៅ​បោះ​ឆ្នោត​និង​គ្មាន​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ។​

លោក​យល់​ថា​រដ្ឋាភិបាល​និង​ស្ថាប័ន​គ.ជ.ប.​ត្រូវ​តែ​ស្គាល់​តួនាទី​និង​ការ​អនុវត្ត​របស់​ខ្លួន​ដោយ​ត្រូវ​ដោះ​ស្រាយ​និង​ជួយ​សម្រួល​នីតិវិធី​មួយ​ចំនួន​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់​ចាប់​តាំង​ពី​ដំណើរ​ការ​ដំបូង​រហូត​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោតដោយ​គ្មាន​ការ​គំរាម​កំហែង​ការ​រារាំង​ ការ​វាយ​បំផ្លាញ​ស្លាក​គណបក្ស​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ត្រូវ​ស្វែង​រក​ជន​បង្ក​មក​ដាក់​ទោស​ជាដើម។​

លោក​ថ្លែង​ថា៖​«វា​មិន​មែន​មាន​តែ​ថ្ងៃ​បោះឆ្នោត​មួយ​មិន​មាន​ហិង្សា​ហើយ​មនុស្ស​ទៅ​បោះឆ្នោត​ច្រើន​យើង​ប្រកាស​ថា​អាហ្នឹង​សេរី​និង​យុត្តិធម៌។វា​មិន​ពិត​ទេ​...​ជា​ការ​បន្លំ​ភ្នែក​ទេ។​សំខាន់​ដំណើរ​ការ​ទូទៅ​ចាប់​តាំងពី​ដំណើរ​ការ​ជា​ប្រក្រតី​ស្រប​ទៅ​តាម​ច្បាប់​របស់​គណបក្ស​នយោបាយ​ដែល​មិន​មាន​ការ​គំរាម​កំហែង។​ ហើយ​រដ្ឋាភិបាល​មាន​តួនាទី​ក្នុង​ការ​សម្រប​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​អនុវត្ត​ដំណើរ​ការ​របស់​គណបក្ស​ទាំង​អស់​តាំង​ពី​ការ​កកើត​រហូត​ដល់​ផ្សព្វ​ផ្សាយ​ធ្វើ​យុទ្ធនាការ​អី​ហ្នឹង​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​សេរី​[ក្នុង​ការ]​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត»។​

លោក​បាន​កត់​សម្គាល់​ថា​ គណ​បក្ស​តូចៗ ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​និង​គណបក្ស​មួយ​ចំនួន​នៅ​តែ​បន្ត​រិះគន់​អំពី​ឯក​រាជ្យ​ភាព​របស់​គ.ជ.ប.​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គ្រាន់​តែ​ជា​យន្តការ​មួយ​របស់​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។​ ហើយ​លោក​ថា​ ប្រសិន​បើ​គ.ជ.ប.​មិន​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​គណបក្ស​ទាំង​អស់​ប្រឈម​នោះ​ទេ​នោះ​គ.ជ.ប.​នៅតែ​ទទួល​រង​ការ​រិះគន់។​

ដោយ​ឡែក​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​គណបក្ស​«កែទម្រង់​កម្ពុជា»​លោក​អ៊ូ ច័ន្ទរ័ត្ន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​សេរី​ យុត្តិធម៌​និង​ត្រឹមត្រូវ​ដែល​តម្រូវ​ឲ្យ​ស្ថាប័ន​គ.ជ.ប.​ឯករាជ្យ​ការ​ផ្តល់​សិទ្ធិ​និង​សកម្ម​ភាព​នយោបាយ​ស្មើគ្នា​ចំពោះ​គណបក្ស​ទាំង​អស់​ដូចជា​ការ​លើក​ស្លាក​គណបក្ស​ជាដើម​ដែល​កន្លែង​ខ្លះ​មាន​ការ​រឹត​ត្បិត​ឬ​ប្រើ​កម្លាំង​អាជ្ញាធរ​មក​រារាំង​ក៏​មាន។​

លោក​ថ្លែង​ថា៖​«[ទី១]​យើង​គ្រាន់​លើក​រឿង​គ.ជ.ប.​មួយ។​ សំណួរ​ថា​ តើ​ស្ថាប័ន​គ.ជ.ប.​នេះ​ឯករាជ្យ​ហើយ​ឬ​នៅ?​បើ​សិន​ជា​ស្ថាប័ន​នេះ​នៅ​តែ​យក​មន្ត្រី​ដែល​មាន​និន្នាការ​គណបក្ស​...។​ ទី២​ដូច​ជា​បណ្តាញ​សារព័ត៌មាន​មិន​មាន​សមភាព​ចំពោះ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។​ យើង​ឃើញ​[ថា]​ពិបាក​ហើយ។ ​ទី៣​យើង​ឃើញ​សកម្មភាព​គណបក្ស​នយោបាយ​ក្នុង​មូលដ្ឋាន​ក្តី​ហ្នឹង​យើង​ឃើញ​មិន​ស្មើ​ភាព​ត្រង់​ថា​គណបក្ស​កាន់​អំណាច​ដល់​មូលដ្ឋាន​ហើយ​ប្រើប្រាស់​ក្នុង​នាម​ជា​អាជ្ញាធរ​ហ្នឹង​អាច​មាន​លទ្ធភាព​ក្នុង​ការ​រឹតត្បិត​ដូច​ជា​រឿង​លើ​ស្លាក​ក្តី​អត់​ស្មើ​គ្នា​ទេ» ។​

លោក​បាន​កត់​សម្គាល់​ថា​ទោះបី​ជា​ការ​បោះ​ឆ្នោត​មិនទាន់​មាន​ភាព​ត្រឹមត្រូវ​សេរី ​និង​យុត្តិធម៌​ តែ​លោក​មាន​ជំនឿ​ថា​សង្គម​កម្ពុជា​នៅតែ​អាច​ដើរ​ទៅ​មុខ​ ប្រសិន​បើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ជាធម្មតា​ហើយ​ប្រជា​ពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​បោះឆ្នោត​និង​មាន​ចំណេះ​ដឹង​ច្រើន​អំពី​ប្រជាធិបតេយ្យ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG