ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​អាស៊ាន​ពីរ​រូប​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ


រូប​ឯកសារ៖ ទង់ជាតិ​របស់​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត ទី​ដែល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អាស៊ាន​ត្រូវ​បាន​ប្រារព្ធឡើង នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ២០១១។
រូប​ឯកសារ៖ ទង់ជាតិ​របស់​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត ទី​ដែល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អាស៊ាន​ត្រូវ​បាន​ប្រារព្ធឡើង នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ២០១១។

រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា ​ អាស៊ាន​ចំនួន​ពីរ​រូប​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​មក​បំពេញ​ទសន្ស​កិច្ច​ និង​ការ​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន​ ដែល​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ​ក្នុងទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា។ ​រដ្ឋមន្ត្រី​ការ​បរទេស​ផ្សេង​ទៀត​របស់​អាស៊ាន​ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ និង​ការ​បញ្ជាក់​របស់​មន្ត្រី​នាំពាក្យ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា។​

បើតាម​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា​ដែល​វីអូអេ​បាន​ទទួល​នៅ​ថ្ងៃ​ចន្ទ​នេះ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​សិង្ហបុរី​លោក ​វីវៀន បាឡាគ្រីស្ហ្សណាន់​ (Vivian Balakrishnan) ​និង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជាមានិត​ឡាវ​ លោក​សាលើមសៃ​ គុំម៉ាស៊ីត​ (Saleumxay Kommasith) ​បាន​បញ្ជាក់​ប្រាប់​លោក​ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ថា​ លោក​ទាំង​ពីរ​នឹង​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​ និង​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​កម្ពុជា​ ពី​ថ្ងៃទី​១៥​ដល់​ទី​១៧​កុម្ភៈ​ ឆ្នាំ​២០២២។​

អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែលជា​ប្រធាន​ប្តូរ​វេណ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​ រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​ក៏​នឹង​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន ​និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ប្រាក់​ សុខុន។ ​ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណ​រដ្ឋ​សិង្ហបុរី​លោក​វីវៀន​ បាឡាគ្រីស្ហ្សណាន់​នឹង​មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រី ​និង​តំណាងរាស្ត្រ​កម្ពុជា​មួយ​ចំនួន​ទៀត​រួមមាន​លោក​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ លោក​សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោក​ហ៊ុន ម៉ានី​ ប្រធាន​គណៈ​កម្មការ​អប់រំ​ យុវជន​ កីឡា ​ធម្មការ​ កិច្ចការ​សាសនា​នៃ​មន្ទីរ​រដ្ឋសភា​កម្ពុជា។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក​ជុំ សុន្ទរី​ ប្រាប់​វីអូអេ​តាម​សារ​ឆ្លើយឆ្លង​អេឡិចត្រូនិក​ Telegram ​នៅ​ថ្ងៃ​ចន្ទ​ថា​ក្រៅពី​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ពីររូប​ខាង​លើ​គ្រប់​សមាជិក​អាស៊ាន​ទាំង​អស់​បាន​បញ្ជាក់​ថា​ពួក​គេនឹង​ចូលរួម​ការ​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំង​ដោយ​ផ្ទាល់​ និង​តាម​ប្រព័ន្ធ​អនឡាញ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា​ប្រទេស​មីយ៉ាន់ម៉ា​មិនទាន់​ផ្តល់​ការ​បញ្ជាក់​នៅ​ឡើយ​ថា​ខ្លួន​នឹង​ចូលរួម​ប្រជុំ​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ ​ខណៈ​ប្រទេស​ព្រុយណេ​និង​ថៃ​នឹង​ចូលរួម​តាម​ប្រព័ន្ធ​អនឡាញ។ ​

ដោយ​ឡែក​ បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្រាវជ្រាវ​ក្នុង​កិច្ចការ​អាស៊ាន​ការ​ប្រកួត​ប្រជែង​អំណាច​កាន់​តែ​ខ្លាំង​រវាង​សហ​រដ្ឋ​អាមេរិក​និង​ចិន​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ការស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​ពី​ជំងឺ​កូវីដ១៩​ គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ក្តៅ​ដែល​មេ​ដឹកនាំ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​នៃ​សមាគម​អាស៊ាន​ត្រូវ​ផ្តោត​ចំណាប់​អារម្មណ៍​ដោះស្រាយ៕

XS
SM
MD
LG