ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ថា ខ្លួន «ចៀស​មិនរួច» ដែល​មិន​អាច​បញ្ជូន​អ្នក​តំណាង​ឱ្យ​ចូលរួម​ប្រជុំ​អាស៊ាន​នៅ​ពេល​ខាងមុខ


រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ដែល​ជា​ប្រមុខរដ្ឋ​មីយ៉ាន់ម៉ា ស្ថិត​ក្នុង​ពិធី​ដង្ហែ​ក្បួន​យោធា​មីយ៉ាន់ម៉ានៅ​រដ្ឋធានី​ណៃ​ពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ (REUTERS)
រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ដែល​ជា​ប្រមុខរដ្ឋ​មីយ៉ាន់ម៉ា ស្ថិត​ក្នុង​ពិធី​ដង្ហែ​ក្បួន​យោធា​មីយ៉ាន់ម៉ានៅ​រដ្ឋធានី​ណៃ​ពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ (REUTERS)

របប​យោធា​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​អាច «ចូលរួម ឬ​ចាត់តាំង​អ្នក​តំណាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឱ្យ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន» នៅ​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ ខាង​មុខ​នេះទេ ដោយសារតែ​សមាជិក​អាស៊ាន​មួយ​ចំនួន​ប្រកាន់​ខ្ជាប់​តាម​ការ​សម្រេច​របស់​អតីត​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន ដែល​ការ​សម្រេច​នោះ «ផ្ទុយ​នឹង​គោលការណ៍​និង​ការ​អនុវត្ត​នៃ​តំណាង​ស្មើភាព​គ្នា​ក្នុង​អាស៊ាន»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន​ប្តូរវេន នៅ​ពេល​បច្ចុប្បន្ន និង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ប្រឹងប្រែង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​អាស៊ាន​ក៏ដោយ ក៏​វា​ពិត​ជាគួរ​ឱ្យ​សោកស្តាយ​ដែល «ការ​សម្រេច​ចិត្ត​ដោយ​ឯកតោភាគី» របស់​អតីត​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន ដែល​អនុញ្ញាត​ឱ្យ​តែ​អ្នក​តំណាង​មីយ៉ាន់ម៉ា​មិនមែន​នយោបាយ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នោះ​គឺ «មិន​អាច​ទទួល​យក​បាន​នោះទេ»។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​លើកឡើង​ទៀត​ថា មីយ៉ាន់ម៉ា​ទទួល​ស្គាល់​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២២ នេះ បាន​ខិតខំ​ធានា​ធ្វើ​យ៉ាង​ណា​ឱ្យ​សមាជិក​អាស៊ាន​ទាំងអស់​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​ឆ្នាំ ២០២២ នេះ​នៅ​ប្រទេស​កម្ពុជា។

ប៉ុន្តែ​ទោះបីជា​យ៉ាង​នេះ​ក្ដី ក៏​សមាជិក​អាស៊ាន​មួយ​ចំនួន​នៅតែ​ប្រកាន់​ខ្ជាប់​តាម​ការ​សម្រេច​របស់​អតីត​ប្រធាន​អាស៊ាន​កាលពី​ខែ​តុលា ឆ្នាំ​មុន​ដដែល ដែល​ការ​សម្រេច​នោះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​អធិបតេយ្យភាព​ជាតិ​និង​សមភាព​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន សន្ធិសញ្ញា​មិត្តភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) គោលការណ៍​ទាំង​ប្រាំ​នៃ​ការ​រួមរស់​ដោយ​សន្តិភាព និង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​បាន​បន្ថែម​ថា៖ «មីយ៉ាន់ម៉ា ដែល​នៅតែ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​សមភាព​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន នឹង​បន្ត​ពង្រីក​ការ​ចូលរួម​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​នឹង​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ដែល​ក្នុង​នោះ​រួមទាំង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ផងដែរ»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ជុំ សុន្ទរី បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​លោក Vivian Balakrishnan និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវ​លោក Saleumxay Kommasith នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី ១៥ ដល់​ទី ១៧ ខែ​កុម្ភៈ ខាង​មុខ​នេះ។ ចំណែកឯ​ប្រទេស​ព្រុយណេ​និង​ថៃ​វិញ​នឹង​ចូលរួម​តាម​អនឡាញ៕

XS
SM
MD
LG