ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​រិះគន់​ការ​មិន​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​ខ្លួន​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​


រូប​ផ្គុំ​សញ្ញា​អាស៊ាន និង​ លោក​ឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំ​រដ្ឋាភិបាល​យោធា​ភូមា។ (AP)

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ចាត់​ទុក​ចំណាត់ការ​របស់​សមាគម​អាស៊ាន​ក្នុង​ការ​មិន​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​របស់​ខ្លួន​មក​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ជា​ការ​សម្រេច​មួយ​«មិន​អាច​ទទួល​យក​បាន​ឡើយ»។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។​

របប​សឹក​មីយ៉ាន់ម៉ា​ថែម​ទាំង​សម្រេច​មិន​បញ្ជូន​តំណាង​មិន​មែន​នយោបាយ​ឲ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ ​ឆ្នាំ​២០២២។​ អាស៊ាន​ដែល​មាន​កម្ពុជា​ធ្វើ​ជា​ប្រធាន​បាន​សម្រេច​អញ្ជើញ​តែ​តំណាង​មិន​មែន​នយោបាយ​របស់​មីយ៉ាន់ម៉ា​ចូល​ចូលរួម​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​តាម​ការ​ចង់​បាន​របស់​សមាជិក​អាស៊ាន​មួយ​ចំនួន​រួម​មាន​ឥណ្ឌូណេស៊ី ​ ម៉ាឡេស៊ី​និង​សិង្ហបុរី​ជា​ដើម។ ​ការ​អញ្ជើញ​តែ​តំណាង​មិន​មែន​នយោបាយ​ចូល​រួម​គឺ​ដោយសារ​មិន​មាន​ការ​វិវឌ្ឍ​លើ​ចំណុច​ទាំង​៥​ដែល​សមាជិក​អាស៊ាន​ទាំង​១០​រួម​មាន​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​បាន​សម្រេច​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ របប​យោធា​មីយ៉ាន់ម៉ា​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​អាច​«ចូលរួម​ឬ​ចាត់​តាំង​អ្នក​តំណាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឱ្យ​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន»​ខាង​មុខ​នេះ​ទេ​ដោយ​សារ​តែ​សមាជិក​អាស៊ាន​មួយ​ចំនួន​ប្រកាន់​ខ្ជាប់​តាម​ការ​សម្រេច​របស់​អតីត​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន​ដែល​ការ​សម្រេច​នោះ​«ផ្ទុយ​នឹង​គោលការណ៍​និង​ការ​អនុវត្ត​នៃ​តំណាង​ស្មើ​ភាព​គ្នា​ក្នុង​អាស៊ាន»។​

សេចក្ដី​ថ្លែង​ការណ៍​នោះ​បន្ថែម​ថា​បើ​ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​នា​ពេល​បច្ចុប្បន្ន​និង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ប្រឹង​ប្រែង​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​អាស៊ាន​ក៏​ដោយ​វា​ពិត​ជា​គួរ​ឱ្យ​សោក​ស្តាយ​ដែល​«ការ​សម្រេច​ចិត្ត​ដោយ​ឯកតោ​ភាគី»​របស់​អតីត​ប្រធាន​អាស៊ាន​គឺ​ព្រុយណេ ​កាលពី​ឆ្នាំ​មុន​ដែល​អនុញ្ញាត​ឱ្យ​តែ​អ្នក​តំណាង​មីយ៉ាន់ម៉ា​មិន​មែន​នយោបាយ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នោះ​គឺ​«មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​ទៀត​ថា​ មីយ៉ាន់ម៉ា​ទទួល​ស្គាល់​ថា​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២​នេះ​បាន​ខិតខំ​ធានា​ធ្វើ​យ៉ាង​ណា​ឲ្យ​សមាជិក​អាស៊ាន​ទាំង​អស់​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​ឆ្នាំ​២០២២​នេះ​នៅ​ប្រទេស​កម្ពុជា។​

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ក៏​សមាជិក​អាស៊ាន​មួយ​ចំនួន​នៅតែ​ប្រកាន់​ខ្ជាប់​តាម​ការ​សម្រេច​របស់​អតីត​ប្រធាន​អាស៊ាន​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ដដែល​ដែល​ការ​សម្រេច​នោះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​អធិបតេយ្យភាព​ជាតិ​និង​សមភាព​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​សន្ធិសញ្ញា​មិត្តភាព​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​អាស៊ី​អាគ្នេយ៍​(TAC)​គោលការណ៍​ទាំង​៥​នៃ​ការ​រួម​រស់​ដោយ​សន្តិភាព​និង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​មីយ៉ាន់ម៉ា​បន្ថែម​ថា៖​«មីយ៉ាន់ម៉ា​ដែល​នៅតែ​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​សមភាព​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​នឹង​បន្ត​ពង្រីក​ការ​ចូលរួម​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​នឹង​ប្រធាន​អាស៊ាន​បច្ចុប្បន្នរួមទាំង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ផង​ដែរ»។​

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ត្រូវ​បាន​លើក​ពេល​ម្តង​ហើយ​កាល​ពី​ខែ​មករា​ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​លើ​ការ​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​របស់​របប​យោធា​មីយ៉ាន់ម៉ា​ចូលរួម​ដែល​មាន​ការ​ជំទាស់​ពី​សមាជិក​មួយ​ចំនួន។​

រដ្ឋមន្ត្រី​ការ​បរទេស​ពី​បណ្តា​សមាជិក​អាស៊ាន​ទាំង​អស់​ក្រៅ​ពី​មីយ៉ាន់ម៉ា​នឹង​ចូលរួម​ការ​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ដោយ​មួយ​ចំនួន​នឹង​មក​ចូលរួម​ដោយ​ផ្ទាល់​ហើយ​មួយ​ចំនួន​ទៀត នឹង​ចូលរួម​តាម​ប្រព័ន្ធ​អនឡាញ។​

រូប​ឯកសារ៖ ព្រះមហាក្សត្រ​ព្រុយណេ​ព្រះ​ចៅ​ស៊ុលតង់​ Hassanal Bolkiah ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នៅ​រាជធានី បានដាស៊េរីបេហ្កាវ៉ាន់ (Bandar Seri Begawan) ប្រទេស​ព្រុយណេ ដោយមិន​មាន​ការ​រួម​បញ្ជូលភាគី​មីយ៉ាន់ម៉ា។ (AP)
រូប​ឯកសារ៖ ព្រះមហាក្សត្រ​ព្រុយណេ​ព្រះ​ចៅ​ស៊ុលតង់​ Hassanal Bolkiah ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នៅ​រាជធានី បានដាស៊េរីបេហ្កាវ៉ាន់ (Bandar Seri Begawan) ប្រទេស​ព្រុយណេ ដោយមិន​មាន​ការ​រួម​បញ្ជូលភាគី​មីយ៉ាន់ម៉ា។ (AP)

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក ​គិន ភា ​ចាត់​ទុក​ថា​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់យ៉ា​«មិន​មែន​ជា​រឿង​ថ្មី»​នោះ​ទេ​ពីព្រោះ​មីយ៉ាន់ម៉ា​ធ្លាប់​ធ្វើ​ការ​សម្រេច​ដូច​គ្នានៅ​ពេល​ប្រទេស​ព្រុយណេ​ធ្វើ​ជា​ប្រធាន​អាស៊ាន។​

លោក​បញ្ជាក់​ថា​ការ​សម្រេច​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មិន​ចាត់​តំណាង​មិន​មែន​នយោបាយ​ចូលរួម​កិច្ច​ប្រជុំ​នេះ​គឺ​ពាក់ព័ន្ធ​នឹង​មុខមាត់​មេ​ដឹកនាំ​យោធា​និង​ការ​ជំរុញ​ទៅ​មុខ​លើ​ចំណុច​ព្រម​ព្រៀង​គ្នា​ដោយ​ឯកច្ឆន្ទ​ទាំង​៥។​

លោក​ថ្លែង​ថា៖​ «គ្រប់​គ្នា​ច្បាស់​ហើយ​ថា​មេ​ដឹកនាំ​យោធា​នេះ​នឹង​មិន​ចាត់តាំង​តំណាង​នយោបាយ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ទេ​ប្រសិន​បើ​គាត់​ចាត់​តាំង​តំណាង​មិន​នយោបាយ​ វា​ហាក់​ដូចជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាក់​មុខ​ ហើយ​ទីពីរ​ គឺ​ហាក់​ដូចជា​ទទួល​ស្គាល់​ថា​ខ្លួន​មិន​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​ជា​ដុំ​កំភួន​នូវ​កិច្ច​ព្រមព្រៀង​កុងសង់ស៊ីស​ទាំង​៥​ចំណុច​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ផង​ដែរ»។​

កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១​ ​មេដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ទី​២​កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្របសម្រួល​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ ទី​៥​ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។​

អ្នក​វិភាគ​នយោបាយ​លោក ​សេង សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​សេចក្តី​សម្រេច​មិន​បញ្ជូន​តំណាង​មិន​មែន​នយោបាយ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​បង្ហាញ​ថា​រដ្ឋាភិបាល​យោធា​មិន​ទទួល​យក​របៀប​ដោះ​ស្រាយ​បញ្ហា​របស់​អាស៊ាន​ហើយ​វា​អាច​ធ្វើ​ឲ្យ​មីយ៉ាន់ម៉ា​កាន់​តែ​ងាក​ឆ្ងាយ​ពី​យន្តការ​អាស៊ាន​ ហើយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។​លោក​បន្ត​ថា​អាស៊ាន​មិន​ទាន់​បង្ហាញ​ជា​គំនិត​ឬ​យន្តការ​ផ្តួច​ផ្តើម​ថ្មី​ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​លើ​បញ្ហា​មីយ៉ាន់ម៉ា​នៅ​ឡើយ​ទេ។​

លោក​ថ្លែង​ថា៖​ «អាស៊ាន​ហាក់​ដូចជា​មិន​មាន​ឥទ្ធិ​ពល​អី​ទេ។​ហើយ​ប្រធាន​អាស៊ាន​ហាក់​ដូច​ជា​មិន​អាច​ផ្តួចផ្តើម​នូវ​យុទ្ធ​សាស្រ្ត​ឬ​ក៏​យុទ្ធវិធី​ថ្មី​ណា​មួយ​នៅ​ក្នុង​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ភូមា​ដែរ។​ ដូច្នេះ​បើ​សិន​ជា​ក្នុង​ករណី​អាស៊ាន​មិន​មាន​វិធីសាស្រ្ត​អី​ថ្មី​ឬ​ក៏​មិនមាន​យន្តការ​នៅ​ក្នុង​ការ​រុញ​កុងសង់ស៊ីស​៥​ចំណុច​នោះ​ទេ​ខ្ញុំ​គិត​ថា​វិបត្តិ​នៅ​ភូមា​នឹង​មិន​អាច​ដោះ​ស្រាយ​ចេញ​នៅ​ក្នុង​ដំណាក់​កាល​ឆាប់ៗ​នេះ​ទេ»។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

នៅ​ពេល​ក្លាយ​ជា​ប្រធាន​អាស៊ាន​ចាប់​តាំង​ពី​ដើម​ខែ​មករា​មក​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​បង្ហាញ​បំណង​របស់​លោក​ចង់​ឲ្យ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​មួយ​ឆ្នាំ​មក​ហើយ​នោះ​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​ផាត់​ចោល​ដោយ​មេដឹកនាំ​អាស៊ាន​កាល​ពី​កន្លង​ទៅ។​

លោក ​ហ៊ុន សែន​ ថែម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ជួប​ជាមួយ​មេ​ដឹកនាំ​យោធា​ផង​ដែរ។​ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​នេះ​ត្រូវ​បាន​រិះគន់​ថា​មិន​បាន​ពិភាក្សា​ជាមួយ​សមាជិក​ផ្សេង​ទៀត​ ហើយ​វា​បង្ហាញ​ការ​ទទួល​ស្គាល់​របប​សឹក​ភូមា។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាល​ពី​កន្លង​ទៅ​បាន​អះអាង​ថា​លោក​នឹង​រង់ចាំ​មើល​ថា​តើ​ប្រធាន​សមាគម​អាស៊ាន​ក្រោយ​ទៀត​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឬ​យ៉ាង​ណា​ដោយ​លោក​បាន​ការពារ​វិធីសាស្រ្ត​«ទន់»​របស់​លោក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មួយ​នោះ៕

XS
SM
MD
LG