ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​យោធា​​មីយ៉ាន់ម៉ា​​​កាត់​ផ្តាច់​​​ទំនាក់ទំនង​​​​រវាង​លោកស្រី​ Aung San Suu Kyi និង​​​​កូនប្រុស


រូបឯកសារ៖មេដឹកនាំ​​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី ​Aung San Suu Kyi ​ចូលរួម​កិច្ច​ប្រជុំ​ទ្វេភាគីជាមួយ​ប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖មេដឹកនាំ​​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី ​Aung San Suu Kyi ​ចូលរួម​កិច្ច​ប្រជុំ​ទ្វេភាគីជាមួយ​ប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

ក្រុម​ប្រឹក្សា​យោធាមីយ៉ាន់ម៉ាបានរាំង​ខ្ទប់​ការទាក់ទងរវាងមេដឹកនាំគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី ​Aung San Suu Kyi ​និង​គ្រួសារ​លោកស្រី​ព្រម​ទាំង​ពួកមេធាវី​លោកស្រី​ផង​ដែរ។ នេះ​បើ​តាម​ការប្រាប់់ឱ្យ​ដឹង​ដោយ​កូនប្រុស​ពៅ​របស់​លោកស្រី។

កូនប្រុសលោកស្រី​ Suu Kyi ​ឈ្មោះ Kim Aris ​បាន​និយាយប្រាប់​វីអូអេ​ថា​ក្រុម​ប្រឹក្សា​យោធាមីយ៉ាន់ម៉ា​មិនបានអនុញ្ញាត​ឱ្យលោក​ទាក់ទង​«សោះ»​ជាមួយ​ម្តាយ​លោក ​ទោះ​ជា​មាន​កង្វល់​អំពី​សុខភាព​លោកស្រី​ក៏​ដោយ។

លោកស្រី Suu Kyi ​អាយុ​៧៨​ឆ្នាំ​ត្រូវ​បានចាប់​ខ្លួន​កាលពី​ថ្ងៃទី​១ ​ខែកុម្ភៈ​ឆ្នាំ២០២១ ​ក្រោយ​ពួក​យោធា​បានប្រែក្រឡះលទ្ធផលនៃ​ការបោះឆ្នោ​ត​ដែល​គណបក្សលោកស្រី​បាន​ឈ្នះ។​ រដ្ឋប្រហារ​នេះនាំ​ឱ្យ​មាន​បាតុកម្ម​នៅ​ទូទាំង​ប្រទេសនិង​មាន​ការខឹង​សម្បារ​ខ្លាំង​នៅ​ទូទាំង​ពិភពលោក។​ លោក​ស្រី​បាន​ទទួលទោស​ជាប់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ​អំពី​អ្វីដែល​ត្រូវ​បានឃើញ​ថា​ជា​ការចោទប្រកាន់​គ្មានមូលដ្ឋាន​អំពី​អំពើពុក​រលួយ។

កាល​ពី​ពេល​ថ្មីៗ​នេះ​លោកស្រី​មិនបាន​ទទួល​ការយក​ចិត្តទុកដាក់ខាង​វេជ្ជសាស្ត្រ​បន្ទាន់​ទេ​ដោយសារ​លោកស្រីមាន​បញ្ហា​ធ្មេញ​និង​អញ្ចាញធ្មេញធ្ងន់ធ្ងរដែលនាំ​ឱ្យ​លោកស្រីពិបាក​ពិសារ​អាហារ។

លោក Aris ​បាន​និយាយថាលោក​បានផ្ញើ​សំបុត្រមួយ​ច្បាប់​និងកញ្ចប់​ប្រដាប់​ថែទាំ​សុខភាពមួយ​កាលពី​ប្រមាណ​ពីរ​ខែ​មុន​នេះ​នៅពេល​លោក​បានដឹងថាលោកស្រី​មាន​សុខភាព​មិនល្អ។ លោក​បានថ្លែង​ថា៖​«ខ្ញុំ​មិន​មាន​ការបញ្ជាក់​ថា​លោកស្រី​បានទទួល​សំបុត្រ​និង​កញ្ចប់​នេះ​ទេ»។

បើ​តាម​កូនប្រុស​លោកស្រីថា​លោកស្រី​មិន​ទទួល​ការអនុញ្ញាត​ឱ្យ​ជួប​ជាមួយ​មេធាវី​លោកស្រី​ទេ យ៉ាងហោច​ណាស់ ​តាំងពី​ខែមករា​មក។​ លោក​បាន​ថ្លែង​ថា៖​«លោកស្រីមិនត្រូវ​អនុញ្ញាត​ឱ្យ​ទាក់ទង​ជាមួយ​អ្នកទោស​ឯទៀត​ឡើយ។ លោកស្រីកំពុងឋិត​នៅ​ក្នុងស្ថានភាពនៅ​ដាច់ពី​គេ»។

វីអូអេបាន​ព្យាយាម​ទាក់ទង​ជាមួយ​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​យោធា​តាំង​ពីថ្ងៃសុក្រ​សប្តាហ៍​មុន​ដើម្បី​តាមដាន​ករណី​លោកស្រី Suu Kyi ​តែ​មិនទាន់​បានទទួល​ការឆ្លើយ​តប​នៅឡើយ​ទេ។

មានយុទ្ធនាការថ្មី​មួយ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ាដឹកនាំ​ដោយ ​លោក Kim Aris ​ក្នុង​ការ​ប្រើ​ការសាក់​លើ​ស្បែក​ជា​មធ្យោបាយ​ផ្សព្វផ្សាយដើម្បី​សុំ​ជំនួយ​មនុស្សធម៌​សម្រាប់​មនុស្ស​រាប់លាន​នាក់​ខ្ចាត់​ពី​លំនៅដ្ឋាន​នៅក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ២០២១។

ក្រុមជនជាតិ​មីយ៉ាន់ម៉ា​នៅក្រៅ​ប្រទេស​បានសាក់រូបនាគ​ភូមាជា​និមិត្តរូបសាមគ្គីភាពជាមួយចលនា​តស៊ូ​ខាង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ​ពួកគេ​ក៏​បានចែករំលែករូប​ថត​និង​វីដេអូសាក់​របស់​ពួកគេ​ព្រមទាំង​ពិធី​អង្គាសប្រាក់​តាមបណ្តាញ​សង្គម​សម្រាប់​ឱ្យ​មាន​ការចាប់អារម្មណ៍​ខ្លាំង​លើសាក់​លើ​ស្បែក​ជា​និមិត្តរូប​នេះនិង​ជំរុញ​ឱ្យ​មាន​អ្នក​ចូល​រួម​ក្នុង​គេហទំព័រ​ GoFundMe ​របស់​ពួកគេ៕

XS
SM
MD
LG