ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​គ្រោង​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ម្តង​ទៀត​ដើម្បី​សម្រប​សម្រួល​ភាគី​ជម្លោះ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា​ចុះ​ជណ្តើរ​យន្តហោះ​ពេល​ទៅដល់​អាកាស​យានដ្ឋានអន្តរជាតិ Komodo មុនកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៤២ នៅ​ទីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ (Willy Kurniawan/Pool Photo via AP)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា​ចុះ​ជណ្តើរ​យន្តហោះ​ពេល​ទៅដល់​អាកាស​យានដ្ឋានអន្តរជាតិ Komodo មុនកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៤២ នៅ​ទីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ (Willy Kurniawan/Pool Photo via AP)

លោក ​ហ៊ុន សែន​ អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្សកាន់​អំណាច​ គ្រោង​ទៅ​បំពេញ​ទស្សន​កិចុ្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​សារ​ជា​ថ្មី ​ខណៈ​អ្នក​ជំនាញ​កិច្ចការ​តំបន់​ថា ​ដំណើរ​នេះ​ជា​ការ​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។​

ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​លើក​នេះ​ លោក​ ហ៊ុន សែន​ នឹង​ទៅ​ជាមួយ​លោក​ Yohei Sasakawa ​ប្រធាន​មូលនិធិ​ Nippon ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ ហើយ​ការ​ព្រម​ព្រៀង​គ្នា​របស់​ភាគី​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​នៅ​វិមាន​៧​មករា​ ស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០២៣។ ​នេះ​បើ​តាម​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ឈឹម ផលវរុណ​ ប្រាប់​វីអូអេ​ថា ​លោក​មិន​ដឹង​ពី​ពេល​វេលា​ជាក់លាក់​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ហ៊ុន សែន​ នៅ​ឡើយ។
នៅ​ពេល​សួរ​ថា​ តើ​លោក​រំពឹង​ថា​ លោក​ ហ៊ុន សែន​ នឹង​សម្រេច​បាន​លទ្ធ​ផល​ជា​ដុំ​កំភួន​អ្វី​ទេ​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថា៖ ​«រំពឹង​គឺ​យើង​ចាំ​មើល​លទ្ធផល»។​

លោក​ សេង វណ្ណលី ​គ្រូ​ឧទ្ទេស​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ​និង​ជា​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ក្នុង​តំបន់​ ប្រាប់​វីអូអេ​ថា ​បើទោះ​បីជា​អតីត​នាយក​រដ្ឋមន្ត្រី​ លោក​ ហ៊ុន សែន​ លែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ប៉ុន្តែ​លោក​ថា​ មក​ទល់​ពេល​នេះ ​គោល​ជំហរ​របស់​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន​ ម៉ាណែត​ ទៅ​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​នៅ​ឡើយ។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ កម្ពុជា​មិន​បាន​សម្រេច​អ្វី​ជា​ដុំ​កំភួន​ឡើយ ​ខណៈ​ដំណោះ​ស្រាយ​របស់​លោក​ ហ៊ុន សែន​ កាល​ណោះ​ក៏​រង​ការ​រិះគន់​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ដំណើរ​ទស្សន​កិច្ច​នេះ​ វា​ឆ្លុះ​បញ្ចាំង​បន្ថែម​ទៀត​នូវ​គោល​ជំហរ​រឹង​មាំ​របស់​លោក​ក្នុង​ការ​ចង់​ឃើញ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ដោះស្រាយ​ដោយ​ឈរ​ទៅ​លើ​កិច្ច​ពិភាក្សា»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​ការ​ដែល​លោក ​Yohei Sasakawa ​គាត់​ព្យាយាម​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​ពី​អតីត​នាយក​រដ្ឋមន្ត្រី ​ឬ​ក៏​ឥស្សរជន​នានា​របស់​អាស៊ាន​ហ្នឹង​ វា​អាច​ជា​រូប​ភាព​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​រវាង​សមាជិក​អាស៊ាន ​ជា​មួយ​នឹង​អង្គការ​នយោបាយ​របស់​មីយ៉ាន់ម៉ា​ ជាពិសេស​ជាមួយ​ភាគី​របប​សឹក​ដើម្បី​ឱ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​ជាង​មុន»។​

ចំណែក​ប្រធាន​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​លោក ​ឈាង វណ្ណារិទ្ធ ​មើល​ឃើញ​ដែរ​ថា ​ដំណើរ​របស់​លោក​ ហ៊ុន សែន​ និង​ប្រធាន​មូលនិធិ​ Nippon ​អាច​មាន ​«លទ្ធផល​ខ្លះ»​ ជាពិសេស​ការ​ស្តារ​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​ភាគី​ជម្លោះ​ដែល​លោក​ថា​ អាច​ជា «ស្ពាន​ចម្លង»។​

លោក​ថ្លែង​ថា៖ ​«និយាយ​ឱ្យ​ចំ​ទៅ​លោក​ Yohei Sasakawa ​ គាត់​បាន​ធ្វើ​ការ​រឿង​បញ្ហា​ភូមា​ហ្នឹង​យូរ​ឆ្នាំ​ហើយគាត់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ភូមា​ ហើយ​ក៏​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ថ្នាក់​ដឹកនាំ​កម្ពុជា​យើង​ដែរ។ ​ អ៊ីចឹង​បើ​ទៅ​រួមគ្នា​ លទ្ធផល​ជាក់​ស្តែង​អាច​មាន​ប្រសិទ្ធ​ភាព​ខ្លះ​ដែរ»។​

ភាព​ចលាចល ​និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាន​កើត​ឡើង​ក្រោយ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី ​អោងសាន ស៊ូជី​ (Aung San Suu Kyi)​ កាល​ពី​ឆ្នាំ​ ២០២១។ ​អាស៊ាន​បាន​និង​កំពុង​ស្វែង​រក​មធ្យោបាយ​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​ប្រទេស​នេះ។​

កាល​ពី​ខែ​មេសា ​ឆ្នាំ​ ២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​ ៥ ​ចំណុច ​ដើម្បី​ដោះស្រាយ​បញ្ហា​តាន​តឹង​នយោបាយ ​ក្រោយ​ប្រទេស​នេះ​ធ្លាក់​ក្នុង​រដ្ឋ​ប្រហារ​យោធា ​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២១។ ​ទី ១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​ ២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​ ៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​ ៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ទី​ ៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។

ប៉ុន្តែ​រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្លុក​ ១០ ​ប្រទេស​នេះ​ហាក់​មិន​មាន​ការ​រីក​ចម្រើន​អ្វី​បន្តិច​នោះ​ឡើយ​ ហើយ​របប​សឹក​ភូមា​រង​ការ​ចោទ​ប្រកាន់​ថា​ មិន​គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​មេ​ដឹកនាំ​អាស៊ាន។​

កាល​ពី​ដើម​ឆ្នាំ​ ២០២២​ លោក ​ហ៊ុន សែន​ បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​បាន​ជួប​មេ​ដឹកនាំ​យោធា​ភូមា​ ប៉ុន្តែ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រូវ​បាន​មើល​ឃើញ​ថា​ ​មិន​សម្រេច​លទ្ធផល​អ្វី​ឡើយ។ ​លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​អាច​នឹង​បន្ត​យ៉ាង​តិច​រយៈ​ពេល​ ៥ ​ឆ្នាំ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG