ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ជំរំ​ជនភៀស​ខ្លួន​នៅ​ភាគខាង​ជើង​មីយ៉ាន់ម៉ា


រូបឯកសារ៖ នៅក្នុង​រូបថត​កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ បង្ហាញពី​ទាហាន​នៃ​កងទ័ព​ឯករាជ្យ Kachin ឈរ​យាម​នៅ​ក្រុង​ Laiza នៅក្នុង​រដ្ឋ Kachin នៃ​ប្រទេស​មីយ៉ាន់ម៉ា។
រូបឯកសារ៖ នៅក្នុង​រូបថត​កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ បង្ហាញពី​ទាហាន​នៃ​កងទ័ព​ឯករាជ្យ Kachin ឈរ​យាម​នៅ​ក្រុង​ Laiza នៅក្នុង​រដ្ឋ Kachin នៃ​ប្រទេស​មីយ៉ាន់ម៉ា។

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​ចំនួន​២៩​នាក់​ដែរ​ បាន​ស្លាប់​នៅ​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ធំមួយ​ ​នៅក្នុង​ជំរំ​ប្រមូល​ផ្តុំជនភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ក្នុង​ប្រទេស​ នៅ​ភាគខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​ ក្បែរ​ព្រំដែន​ប្រទេស​ចិន។ នេះ​បើ​តាមប្រភព​មួយ​ចំនួននៅ​ក្នុង​តំបន់។​

ប្រភព​ព័ត៌មាន​បាន​ផ្សព្វផ្សាយឱ្យ​ដឹង​ថា​ ការ​វាយប្រហារ​នោះ​ ​បាន​កើត​ឡើងកាល​ពី​យប់​ថ្ងៃ​ចន្ទ​ នៅ​ទី​ប្រជុំជន​ Laiza ដែល​គ្រប់គ្រងដោយកងទ័ព​ឯករាជ្យ Kachin ដែល​ជា​កងកម្លាំងប្រដាប់​អាវុធ​យោធា​នៃ​ក្រុម​ជនជាតិ​ភាគតិច ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​មីយ៉ាន់ម៉ា​ ដើម្បីឱ្យ​មាន​ស្វ័យភាព​កាន់​តែ​ខ្លាំង​ឡើងក្នុង​តំបន់​របស់​ខ្លួន​អស់​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។​ ​

ប្រភព​ទាំង​នេះ​បានបន្ទោស​ការ​វាយប្រហារ​នេះ​ទៅ​លើរបប​យោធា ដែល​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ទម្លាក់មេដឹកនាំមីយ៉ាន់ម៉ាអ្នក​ស្រី​ Aung San Suu Kyi ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ កន្លង​ទៅ។​ អ្នក​នាំពាក្យ​របប​សឹក​មីយ៉ាន់ម៉ា​ ​ បាន​ប្រាប់សារព័ត៌មាន​មីយ៉ាន់ម៉ា​ថា​ ​ក្រុម​យោធា​ មិន​មែន​ជា​អ្នក​វាយប្រហារ​នោះ​ឡើយ។​ នេះ​បើ​តាម​ការ​ស្រង់​ផ្សាយ​បន្ត​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន ​Reuters។​

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា​ ខ្លួន​មាន​ការ​បារម្ភ​ជា​ខ្លាំងពីសេចក្តី​រាយការណ៍​ដំបូងៗស្តី​ពីការ​ស្លាប់​ជនស៊ីវិល​ជា​ច្រើន​នាក់នៅ​ក្នុងការ​វាយប្រហារ​ក្នុង​រដ្ឋ Kachin នេះ ដែល​ក្នុង​នោះ​ក៏​មាន​កុមារ​និង​ស្ត្រី​ផង​ដែរ។​ ​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​នេះ​និយាយ​ថា​ ជំរំ​នេះ​ជា​កន្លែង​ស្នាក់​នៅ​របស់​ជនស៊ីវិល​ មិន​ថា​វាស្ថិត​នៅ​ទី​ណា​នោះ​ទេ មិន​ត្រូវ​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​នោះ​ឡើយ។​

ប្រទេស​មីយ៉ាន់ម៉ាបាន​ធ្លាក់​ក្នុងភាពច្របូកច្របល់​ចាប់តាំង​ពី​រដ្ឋប្រហារ​យោធាឆ្នាំ​២០២១​មក។​ ក្នុង​របាយការណ៍​ថ្មី​មួយ​របស់ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិបាន​ឱ្យ​ដឹង​ថា​ ​មាន​ជនស៊ីវិល​ជាង​៤​.០០០នាក់​ ត្រូវ​បាន​សម្លាប់ដោយ​ក្រុមយោធា​មីយ៉ាន់ម៉ា​និង​បក្សពួក​របស់​ខ្លួន ហើយ​មនុស្ស​ជាង​២៥.០០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។​

ភាពច្របូកច្របល់​នេះ​ បាន​វិវត្ត​ទៅ​ជា​ជម្លោះដ៏​ប្រល័យ​នៅ​តាម​តំបន់ជនបទ​រវាង​យោធា​មីយ៉ាន់ម៉ា​ និង​ក្រុមឧទ្ទាម​ជនជាតិ​ភាគតិច​ជា​ច្រើន​ក្រុម ដែល​បាន​ធ្វើ​ការតស៊ូ​ប្រយុទ្ធអស់ពេលជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដើម្បី​ទទួលបាន​ស្វ័យ​ភាព​ក្នុង​តំបន់​របស់​ខ្លួន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG