បេក្ខជនបវរកញ្ញាចក្កវាឡមកពីប្រទេសមីយ៉ាន់ម៉ា កញ្ញា Thuzar Wint Lwin បានប្រើប្រាស់វេទិកាប្រកួតប្រជែងរបស់នាងនៅថ្ងៃអាទិត្យកន្លងទៅ ដោយសុំឲ្យពិភពលោកធ្វើការប្រឆាំងនឹងរបបយោធាក្នុងប្រទេសរបស់នាង ដែលក្រុមកងសន្តិសុខនៅទីនោះបានសម្លាប់ក្រុមអ្នកតវ៉ាប្រឆាំងអស់ជាច្រើនរយនាក់ ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីថ្ងៃទី១កុម្ភៈកន្លងមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងសារតាមវីដេអូមួយថតសម្រាប់ការប្រកួតរបស់បេក្ខជនបវរកញ្ញារូបនេះក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Hollywood ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នាងកញ្ញា Thuzar Wint Lwin ថ្លែងថា៖ «ពលរដ្ឋមីយ៉ាន់ម៉ារបស់យើងកំពុងស្លាប់និងត្រូវបានក្រុមយោធាបាញ់ប្រហារជារៀងរាល់ថ្ងៃ»។
នាងថ្លែងថា៖ «ខ្ញុំសូមអំពាវនាវឲ្យមនុស្សគ្រប់គ្នា និយាយប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា។ ក្នុងនាមជាបេក្ខជនបវរកញ្ញាចក្កវាឡសម្រាប់មីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃរដ្ឋប្រហារមក ខ្ញុំបាននិយាយប្រឆាំងនឹងរបបយោធាយ៉ាងខ្លំាងតាមលទ្ធភាពដែលអាចធ្វើបាន។
យ៉ាងហោចណាស់ មានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ៧៩០នាក់ បានត្រូវអាជ្ញាធរមីយ៉ាន់ម៉ាបាញ់សម្លាប់ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារមក។ នេះបើតាមស្ថិតិរបស់សមាគមផ្តល់ជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា។ សមាគមនេះក៏បានឲ្យដឹងផងដែរថា មានមនុស្ស៥.០០០នាក់ត្រូវបានចាប់ខ្លួន និង៤.០០០នាក់ត្រូវបានឃុំខ្លួន ដែលក្នុងនោះក៏មានតារាល្បីៗរបស់ប្រទេសនេះ ជាច្រើននាក់ផងដែរ៕