ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មន្ត្រី​ការ​បរទេស​អាមេរិក​ជាន់​ខ្ពស់​​គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ពង្រឹង​ទំនាក់​ទំនង​អាមេរិក​និង​អាស៊ាន


រូបឯកសារ៖ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកអ្នកស្រី Wendy R. Sherman ក្នុងអំឡុងពេលធ្វើសក្ខីកម្មទៅកាន់សមាជិកព្រឹទ្ធសភា នៅវិមានសភាអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៣។

មន្ត្រី​ការ​បរទេស​ជាន់​ខ្ពស់​មួយ​រូប​របស់​សហ​រដ្ឋ​អាមេរិក ​គ្រោង​នឹង​ធ្វើដំណើរ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ចន្លោះ​ចុង​ខែ​ឧសភា ​និង​ដើម​ខែ​មិថុនា។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានមួយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ចេញ​ផ្សាយ​នា​ថ្ងៃ​សុក្រ​ ទី ២១ ខែ​ឧសភា។ ​

សេចក្តី​ប្រកាស​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក​ គឺ​អ្នកស្រី​ Wendy R. Sherman ធ្វើ​ឡើង​បួន​ថ្ងៃ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន ​និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy ​បាន​ជួបគ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​ ពិភាក្សា​អំពី​កិច្ចការ​មួយ​ចំនួន ​រួមមាន​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​គាំទ្រ​យុទ្ធនាការ​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ វិបត្តិនយោបាយ​តានតឹង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ​និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ដូចជា​វិស័យ​ពាណិជ្ជកម្មជា​ដើម។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០ថ្ងៃ ពី​ថ្ងៃទី​២៥​ ខែ​ឧសភា ​ដល់​ថ្ងៃទី​៤​ ខែ​មិថុនា ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​និង​តំបន់អាស៊ីអាគ្នេយ៍​នេះ ​អ្នកស្រី ​Wendy R. Sherman​ នឹងធ្វើ​ទស្សន​កិច្ច​នៅ​រាជធានី​ភ្នំពេញ​ «ដោយ​ចូលរួម​កិច្ច​ប្រជុំ​មួយ​ចំនួន»។​ ដំណើរ​ទស្សន​កិច្ច​របស់​អ្នកស្រី​ Sherman ​ផ្តោត​សំខាន់​លើ​ការ​ «ពង្រឹង​សារ​ជា​ថ្មីម្តង​ទៀត​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ​លើសារៈ​សំខាន់​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ហៅកាត់​ថា​ អាស៊ាន ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​ទេ្វភាគី​និង​បញ្ហា​ក្នុង​តំបន់»។​

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​អ្នកស្រី ​Sherman​ ទៅ​កាន់​ប្រទេស​កម្ពុជា​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​រួមមាន​ឥណ្ឌូណេស៊ី ​និង​ថៃ បន្ទាប់​ពី​អ្នកស្រី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសទី​ ២១ ​របស់​សហ​រដ្ឋ​អាមេរិក​ កាលពី​ថ្ងៃទី ១៤ ​ខែ​មេសា​កន្លង​ទៅ​នេះ។ ​អ្នកស្រី ​Wendy R. Sherman បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ ដែល​បាន​កាន់​មុខ​តំណែង​ជា​អនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស​អាមេរិក​នេះ។​

ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ Sherman ​ក៏​ដើម្បី​បង្កើន​កិច្ច​ខិតខំ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បន្ថែម​ទៀត​ លើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ពាក់ព័ន្ធ​នឹង​វិបត្តិនយោបាយ​តានតឹង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ «ដោយ​ជំរុញ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ ដោះលែង​ជន​ដែល​យោធា​បាន​ឃុំ​ខ្លួន​ និង​ស្តារ​ស្ថានភាព​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ដើរ​ទៅ​រក​លទ្ធិ​ប្រជាធិតេយ្យ​ឡើង​វិញ»។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ។​

មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​រាជធានី​ភ្នំពេញ​ អ្នកស្រី​ Wendy R. Sherman ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ឥណ្ឌូណេស៊ី​ និង​ជួប​ជាមួយ​មន្ត្រីនានា​ប្រចាំ​លេខាធិការដ្ឋាន​អាស៊ាន​ ដើម្បីពិភាក្សា​គ្នា​អំពី​យុទ្ធសាស្ត្រ​ «ពង្រីក​និង​ធ្វើ​ឲ្យ​ភាពជា​ដៃ​គូ​យុទ្ធសាស្ត្រ​រវាង​សហ​រដ្ឋ​អាមេរិក​និង​អាស៊ាន​កាន់​តែ​ស៊ី​ជម្រៅ​ជាងមុន»។​

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ Sherman ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ នឹង​បញ្ចប់​នៅ​ទីក្រុង​បាងកក ​ប្រទេស​ថៃ ​ទីដែល​អ្នកស្រី​គ្រោង​នឹង​ជួបជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថៃ ​ដើម្បី​«ពិគ្រោះ​យោបល់​គ្នា​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការក្នុង​កិច្ចការ​សន្តិសុខ​រវាង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ថៃ​ បញ្ហា​ក្នុង​តំបន់​ទន្លេ​មេគង្គ​ និង​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា»​ ជា​ដើម។​

មុន​ក្លាយ​ជាអនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសអាមេរិក ​អ្នកស្រី ​Wendy R. Sherman ​បាន​បម្រើ​ការងារ​ជា​សាស្ត្រាចារ្យ​ខាង​កម្មវិធី​សិក្សា​អំពី​ភាពជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​ និង​ជា​នាយិកា​នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​ភាព​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​សាធារណៈ​ប្រចាំ​មហាវិទ្យាល័យ ​Harvard Kennedy School៕

XS
SM
MD
LG