ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​អង់គ្លេស​ត្រូវ​បាន​ចាក់សោរ​នៅ​ក្រៅ​ស្ថានទូត​នៅ​ទីក្រុងឡុងដ៍


ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​ចក្រភព​អង់គ្លេស​លោក Kyaw Zwar Minn ថ្លែង​ទៅកាន់​អ្នកសាព័ត៌មាន​នៅ​ខាងក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​ទីក្រុងឡុងដ៍ នៅ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​ចក្រភព​អង់គ្លេស​លោក Kyaw Zwar Minn ថ្លែង​ទៅកាន់​អ្នកសាព័ត៌មាន​នៅ​ខាងក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​ទីក្រុងឡុងដ៍ នៅ​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

ឯកអគ្គ​រដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​គេចាក់​សោរ​មិន​ឲ្យ​ចូល​ការិយាល័យ​របស់​លោក​នៅ​ទីក្រុង​ឡុងដ៍​ដោយសារ​លោក​គាំទ្រ​លោកស្រី ​អោង សានស៊ូជី ​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់ពី​តំណែង។ ​លោក ​Kyaw Zwar​ Minn​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ​លោកត្រូវ​បាន​ហាមឃាត់​មិន​ឲ្យចូលក្នុង​ស្ថានទូត​កាលពី​ថ្ងៃពុធ តាម​បញ្ជា​ពី​របប​យោធា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។​

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ក្នុង​នាម​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​មុខ​ស្ថានទូត​នោះ​ ​លោក​ Kyaw Zwar Minn ​បាន​និយាយ​ថា​ បុគ្គលិក​ស្ថានទូត​ កំពុង​រង​ការគំរាម​កំហែង​ដោយ​ការដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ ប្រសិនបើ​ពួកគេ​បដិសេធ​មិន​ធ្វើការ​ឲ្យអ្នក​ការទូត​ដែល​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​យោធា។ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Dominic Raab ​នៅក្នុង​សារ​តាម​ធ្វីតថឺមួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ថ្កោលទោស​ថា​ នេះ​ជា៖ ​«សកម្មភាព​សម្លុត​ធ្វើបាប​របស់​របប​យោធា​មីយ៉ាន់ម៉ា»​ ខណៈ​លោក​សម្តែងការគោរព​ចំពោះ​សេចក្តី​ក្លាហាន​របស់​លោក ​Kyaw Zwar Minn។​

របាយការណ៍​ដែល​វីអូអេ​ភាសា​ភូមា​ទទួល​បាន​បាន​ឲ្យដឹង​ថា​ បញ្ហា​នេះ ​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​ បាន​សម្លាប់​ជនស៊ីវិល​យ៉ាង​តិច​១១​នាក់ ​និង​ធ្វើ​ឲ្យរបួស​យ៉ាងហោច​ណាស់​១០​នាក់ ​នៅ​ពេល​ដែល​ពួកគេ ​បាន​បាញ់ទៅ​លើក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅភាគ​ពាយ័ព្យ​នៃ​ទីក្រុង​ Kalay។​

អ្នករៀប​ចំបាតុកម្ម​ម្នាក់​ បាន​ប្រាប់​វីអូអេ​ភាសា​ភូមា​ថា កងទ័ព​ដែល​មាន​ភារកិច្ច​ដក​របាំង​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​បាតុករ​ បាន​បាញ់ប្រហារ​ដោយ​មិន​រើស​មុខ។ ​ក្រុមអ្នក​តវ៉ា​ កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​ អោង សានស៊ូជី​ បាន​ឡើង​កាន់​អំណាច​វិញ។​

អ្នករៀប​ចំបាតុកម្ម​បាន​និយាយ​ថា​ ក្រុម​បាតុករ​ដែល​មិន​ដឹង​ចំនួន​ដោយ​អ្នកខ្លះ​ប្រដាប់​ដោយ​អាវុធ​ច្នៃ​ដោយ​ខ្លួន​ឯង ​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ដែល​ល្បី​ថាប្រឆាំង​នឹង​កង​កម្លាំង​រដ្ឋាភិបាល​យ៉ាង​ស្វិតស្វាញ។​ វីដេអូ​នៃ​ការវាយ​ប្រហារ​មុន​ថ្ងៃរះ​ រួមមាន​សំឡេង​ផ្ទុះអាវុធ​ និង​គ្រាប់បែក​ដៃ។​ ការបង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​និយាយ​ថា​ មាន​ការបាញ់​គ្រាប់ផ្លោង​ផង​ដែរ។ ​យុវជន​ម្នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​ Kalay​ ហើយ​ដែល​បាន​រត់គេច​ពី​ការចាប់​ខ្លួន​ បានប្រាប់​វីអូអេ​ថា​ កម្លាំង​សន្តិសុខ ​បាន​បាញ់​គ្រាប់​ផ្លោង​យ៉ាង​តិច​២០​គ្រាប់​ ដើម្បី​កម្ទេច​របាំង​និង​បាញ់​គ្រាប់​កាំភ្លើង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា។​

បណ្តាញ​ព័ត៌មាន​ Myanmar Now​ បាន​ឲ្យ​ដឹង​ថា​ ក្រុមអ្នក​តវ៉ា​នៅ​ទីក្រុង​ Kalay​ ដែល​ពី​មុន​មាន​កាំភ្លើង​ច្នៃ​ខ្លួន​ឯង ​និង​បាន​បង្កើត​តំបន់​ការពារ​របស់​គេនោះ​ បាន​ធ្វើឱ្យ​កម្លាំង​សន្តិសុខ​មាន​គ្រោះថ្នាក់អំឡុង​ការវាយ​លុក​លើកមុន​ទៅ​លើ​ទីក្រុង​ និង​ភូមិក្បែរៗ​ នោះ​កាលពី​ថ្ងៃទី​២៨​ ខែ​មីនា។

ការ​កាន់កាប់​ដោយ​យោធា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​បង្ក​ឲ្យ​មាន​ការឆក់ប្លន់​ដោយ​កងទ័ព​ខណៈ​សេដ្ឋកិច្ច​កាន់តែ​ដុនដាប​ផងដែរ។

ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ាបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ ពលរដ្ឋ​មីយ៉ាន់ម៉ា​ កំពុង​ប្រឈម​កង្វះ​ស្បៀង​អាហារ​និង​របស់​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ ​បន្ទាប់ពី​ការ​គ្រប់គ្រង​រយៈ​ពេល​៦៥​ថ្ងៃ​ក្រោម​របប​យោធា​ដែល​កងទ័ព​បាន​រឹបអូស​រថយន្ត​ដឹកទំនិញ​នៅកន្លែង​បិទ​ផ្លូវ​ ហើយ​លួច​ទំនិញ​និង​ប្រាក់ពី​យានយន្ត​ ហាងទំនិញ និង​លំនៅដ្ឋាន។​

រដ្ឋ​ប្រហារ​នៅ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្រទេស​នេះ​ធ្វើ​ឡើង ​បន្ទាប់ពី​សេដ្ឋកិច្ចមាន​ភាពតានតឹង​យ៉ាងខ្លាំង​មួយ​ឆ្នាំ​ដោយសារ​ការបិទ​សកម្មភាព​សេដ្ឋកិច្ច​ដើម្បី​ទប់ទល់​ការរាលដាល​នៃ​វីរុស​កូរ៉ូណា។​ មីយ៉ាន់ម៉ា ​គឺ​ជា​ប្រទេស​ក្រីក្រ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ដោយ​មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ ​ប្រហែល​១៣០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​

វិធានការ​ប្រឆាំង​នឹង​រោគ​រាតត្បាត​នៅ​រដូវ​រងារ​នេះ ​បាន​ប៉ះពាល់​ដល់​គ្រួសារ​និង​អាជីវកម្ម​ រួមទាំង​វិស័យ​កសិកម្ម​ដែល​មាន​ចំនួន​១​ភាគ​៥​នៃ​កំណើន​ផលិតផល​សរុបក្នុង​ស្រុក និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​ពាក់​កណ្តាល​ប្រទេស។​ រដ្ឋ​ប្រហារ​និង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​ជនស៊ីវិល​ប្រឆាំង​របប​យោធា​ បាន​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ។​

ការ​បន្តឹង​របស់​យោធា​ទៅ​លើ​ការ​ដឹកជញ្ជូន​និង​របាំង​សន្តិសុខ​នៅ​តាម​ផ្លូវ​ធំៗ​ ​ទូទាំង​ប្រទេស​បាន​ធ្វើ​ឱ្យស្ទះ​លំហូរ​ស្បៀង​អាហារ​ និង​ទំនិញ​ផ្សេង​ទៀត​ចូល​ក្នុង​ទីក្រុង​និង​តំបន់​ជាយក្រុង។​ ក្រុមអាជីវករ ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ ទាហាន​ដែល​ឈរជើង​នៅ​តាម​ដង​ផ្លូវធំៗ​ ជារឿយៗ​រឹបអូស​យក​ទំនិញ​និងប្រាក់ពី​អ្នក​បើកបរ​ និង​អ្នក​ធ្វើដំណើរ​ក្នុង​តំបន់​ Sagaing ​និង​ Mandalay ​ដែល​ជា​មជ្ឈមណ្ឌល​មាន​ប្រជាជន​ច្រើន​បំផុតក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

ពួកគេ​និយាយ​ថា​ កម្លាំង​សន្តិសុខ​បញ្ឈប់​រាល់​ចរាចរណ៍​ដែលឆ្លង​កាត់​ទីប្រជុំជន​ភាគច្រើន​នៅក្នុង​តំបន់​ទាំងពីរ​និង​ត្រួត​ពិនិត្យ​យានយន្ត។​

ក្រុម​អាជីវករ​បាន​និយាយ​ថា​ ឧបទ្ទវហេតុ​ស្រដៀង​គ្នា​នេះ ​មាន​នៅក្នុង​តំបន់​ Sagaing ​នៅ​ភាគពាយ័ព្យ​ប្រទេស​ដែល​ប៉ូលិស​និង​កងទ័ព ​បាន​រឹបអូស​ស្បៀង​អាហារ​ពី​ហាង​នានា​ក្នុង​ផ្សារ ​និង​ផ្សារ​ទំនើប ​ដោយ​មិន​បង់ប្រាក់។​ ពួកគេ​ក៏បាន​លួច​ទំនិញ​ពី​យានយន្ត​ដែល​ពួកគេ​បាន​ត្រួត​ពិនិត្យ​ផងដែរ ​ដែល​ធ្វើ​ឲ្យ​មិនសូវ​មាន​រថយន្ត​ដឹក​ទំនិញក្នុង​តំបន់​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG