ប្រទេសមីយ៉ាន់ម៉ានិយាយថា ខ្លួនចាប់ផ្តើមដំណើរការនៃការសាកសួរអ្នកធ្វើដំណើរតាមទូកដែលដឹកមនុស្សចំនួន៧០០នាក់ ដែលមីយ៉ាន់ម៉ា បានសង្គ្រោះពីក្នុងដែនសមុទ្ររបស់ខ្លួនកាលពីដើមសប្តាហ៍នេះ។
មន្ត្រីនៅក្បែរទីក្រុង Maungdaw ជាប់ព្រំដែនភាគខាងលិច បានប្រាប់វីអូអេថា ជនភៀសខ្លួនទាំងនោះ ដែលរួមមានស្រ្តីជាង៧០នាក់ និងកុមារជាង៤០នាក់ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ក្បែរក្រុង Taung Pyo។
អាជ្ញាធរនិយាយថា ដំណើរការនេះនឹងត្រូវការពេលបីថ្ងែមុននឹងមន្ត្រីអាចសម្រេចអំពីឋានៈរបស់ពួកគេ និងសម្រេចថា នឹងត្រូវចាត់វិធានការយ៉ាងណាចំពោះអ្នកទាំងនោះ។
ប្រទេសមីយ៉ាន់ម៉ាមិនទទួលស្គាល់ជនជាតិ Rohingya នោះទេ ដោយចាត់ទុកអ្នកទាំងនោះថា ជាជនជាតិ Bengali។
លោកស្រី Anne Richard ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកប្រជាជន ជនភៀសខ្លួន និងជនចំណាកស្រុក បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅទីក្រុង Jakarta កាលពីថ្ងៃពុធថា៖ «ជនជាតិ Rohingya ត្រូវតែត្រូវចាត់ទុកថា ជាពលរដ្ឋភូមា។ ពួកគេត្រូវការលិខិតស្នាមដើម្បីបង្ហាញអត្តសញ្ញាណ»។
កាលពីខែមុន ជនភៀសខ្លួន៨០០នាក់ ដែលសុទ្ធតែបុរសទាំងអស់ និងក្រុមនាវិកចំនួន១១នាក់ផងនោះ ត្រូវបានរកឃើញនៅលើកាប៉ាល់មួយ ដែលបានធ្វើដំណើរតាមសមុទ្រ អស់រយៈពេលជាច្រើនខែមកហើយ។
ពួកគេទាំងអស់ លើកលែងតែមនុស្ស៨នាក់ បានប្រកាសថា ពួកគេមកពីប្រទេសបង់ក្លាដេស និងត្រូវបានឃុំខ្លួននៅជំរំក្បែរទីក្រុង Taung Pyo នៃប្រទេសមីយ៉ាន់ម៉ា ដែលនៅចម្ងាយប្រមាណពីរ ឬបីគីឡូម៉ែត្រ ពីព្រំប្រទល់ប្រទេសបង់ក្លាដេស។
វីអូអេត្រូវបានផ្តល់សិទ្ធិពិសេសក្នុងការចូលជួបអ្នកដែលត្រូវបានគេឃាត់ខ្លួននោះ ដែលពួកគេនិយាយថា ពួកគេបានជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងអស់រយៈពេលបីខែ មុននឹងពួកគេត្រូវបានបញ្ជូនខ្លួនមកលើគោកវិញ។
បុរសភាគច្រើននិយាយថា ពួកគេត្រូវបានគេចាប់ពង្រាត់ពីកំពង់ផែនៅ Cox's Bazzar និងពីកំពង់ផែផ្សេងទៀតនៅប្រទេសបង់ក្លាដេស ហើយត្រូវគេលក់ឲ្យអ្នកជួញដូរមនុស្ស។
លោក Ismail អាយុ៥៤ឆ្នាំ និយាយថា លោកបានទៅកំពង់ផែ Cox's Bazzar ដើម្បីស្វែងរកការងារក្នុងស្រុកធ្វើ។
លោកនិយាយថា៖ «ពេលដែលខ្ញុំទៅដល់ទីនោះ ឈ្មួញម្នាក់បានបញ្ឆោតឲ្យខ្ញុំធ្លាក់ក្នុងស្ថានភាពនេះ។ ខ្ញុំមិនចង់ទៅប្រទេសម៉ាឡេស៊ីនោះទេ»។
ដំបូង បុរសម្នាក់ក្នុងចំណោមអ្នកទាំងនោះ បានប្រាប់ថា ពួកគេត្រូវបានបង្ខំឲ្យឡើងទូក។ ប៉ុន្តែនៅពេលឆ្លើយនឹងសំណួរទី២ បុរសមួយភាគបីបាននិយាយថា ពួកគេបានព្យាយាមស្វែងរកការងារនៅបរទេស នៅពេលអនាគត។
ខណៈពេលដែលវីអូអេកំពុងសម្ភាសបុរសម្នាក់ មានមន្ត្រី៣នាក់ស្លៀកពាក់ស៊ីវិល ហើយមិនបង្ហាញអត្តសញ្ញាណ បានត្រួតពិនិត្យ និងបានថតសកម្មភាពនានាដោយប្រើទូរស័ព្ទដៃរបស់ពួកគេ។
បុរសទាំងនេះត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងអស់រយៈពេលជិតពីរសប្តាហ៍មកហើយចាប់តាំងពីពួកគេត្រូវបានគេសង្រ្គោះកាលពីថ្ងៃទី២១ ខែឧសភា បន្ទាប់ពីនៅតាមសមុទ្រអស់រយៈពេលបីខែរួចមក។ ពួកគេរៀបរាប់ពីស្ថានការណ៍ដ៏អាក្រក់នៅលើទូក ដែលពួកគេទទួលទានបាយពីរដងក្នុងមួយថ្ងៃ និងទឹកផឹកបន្តិចបន្តួច។ ពេលពួកគេសុំអាហារ និងទឹកបន្ថែម ពួកគេត្រូវគេវាយដំ។
អាជ្ញាធរមីយ៉ាន់ម៉ាបានប្រាប់វីអូអេថា មន្រ្តីមកពីស្ថានទូតបង់ក្លាដេសបានចុះទៅមើលជនភៀសខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា ហើយកំពុងធ្វើការបញ្ជាក់ការអះអាងសិទ្ធិជាពលរដ្ឋរបស់គេ។ ប្រសិនបើពួកគេត្រូវបានរកឃើញថា បាននិយាយការណ៍ពិត នោះអាជ្ញាធរនិយាយថា ពួកគេនឹងត្រូវបានបញ្ជូនត្រឡប់ទៅមាតុភូមិរបស់ពួកគេវិញ។
បុរសម្នាក់ឈ្មោះថា Mahmoud បានយំសោក នៅពេលដែលលោកបានសុំឲ្យបង់ក្លាដេសបញ្ជូនពួកគេទៅផ្ទះវិញ។
«ព្រោះតែជនទុច្ចរិតឬឈ្មួញទាំងនោះ បានជាពួកយើងរងគ្រោះអស់រយៈពេលបីខែ នៅឯសមុទ្រ ពុំមានអ្នកណាជួយ។ ប្រសិនបើកងទ័ពជើងទឹកប្រទេសមីយ៉ាន់ម៉ាមិនបានជួយសង្រ្គោះពួកយើងនោះទេ ពួកយើងស្លាប់ដោយសារការអត់អាហារ និងរសាត់តាមសមុទ្របាត់ទៅហើយ»។
ជនជាតិថៃម្នាក់ជនដែលត្រូវសង្ស័យថា ជាម្ចាស់ទូក និងកងនាវិកយ៉ាងតិច៩នាក់ត្រូវបានប្រទេសមីយ៉ាន់ម៉ាធ្វើការឃុំខ្លួនរងចាំលទ្ធផលនៃការស៊ើបអង្កេត។ ពួកគេមិនទាន់មានពេលប្រាប់ប្រព័ន្ធផ្សព្ធផ្សាយ ព័ត៌មានអំពីសាច់រឿងពីភាគីរបស់គេទេ។
អ្នកដែលហៅខ្លួនគេថា ជាជនជាតិ Rohingya ចំនួន៨នាក់មកពីប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានគេជួយសង្គ្រោះពីទូក ប៉ុន្តែវីអូអេមិនអាចធ្វើកិច្ចសន្ទនាជាមួយពួកគេបានទេ ព្រោះថា ពួកគេត្រូវបានឃុំខ្លួនដើម្បីធ្វើការស៊ើបអង្កេត ហើយអាជ្ញាធរនឹងមិនអនុញ្ញាតឲ្យប្រព័ន្ធផ្សព្ធផ្សាយចុះទៅជួបអ្នកទាំងនោះទេ។
លោកស្រី Anne Richard នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅឯប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធថា៖ «នៅភាគខាងជើងនៃរដ្ឋ Rakhine គឺជាកន្លែងមួយដែលមានបរិយាកាសជិះជាន់ខ្លាំងបំផុត ក្នុងចំណោមកន្លែងដែលខ្ញុំធ្លាប់បានធ្វើដំណើរទៅដល់នោះ។ អ្នកពិតជាមានអារម្មណ៍ចម្លែកណាស់ នៅពេលអ្នកត្រូវឡោមព័ទ្ធដោយមនុស្សម្នារសម្លឹងមើលមកអ្នក ហើយពួកគេហាក់បីដូចជាមានការភ័យខ្លាច មិនហ៊ាននិយាយមកកាន់អ្នក។ ហើយជាពិសេសនោះគឺក្មេងៗ។ រឿងនេះមិនធម្មតានោះទេ»។
ចាប់តាំងពីមានការរកឃើញផ្នូរខ្មោចជាច្រើននៅក្នុងព្រៃនៅតាមព្រំប្រទល់ប្រទេសថៃ និងម៉ាឡេស៊ីកាលពីខែមុនកន្លងមកនេះ អាជ្ញាធរថៃដែលគ្រប់គ្រងដោយរដ្ឋាភិបាលយោធា Junta បានចាប់ឃុំខ្លួនមនុស្សចំនួន៥០នាក់។
សកម្មជនបាននិយាយថា ផ្លូវរត់ពន្ធមនុស្សនេះពុំអាចដំណើរការបានច្រើនឆ្នាំទេ ប្រសិនបើគ្មានការចូលដៃពីអាជ្ញាធរ ពិសេសក្នុងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ ប្រទេសទាំងពីរនេះសន្យាថា នឹងធ្វើការស៊ើបអង្កេតឲ្យបានពេញលេញ។
មន្រ្តីយោធាជាន់ខ្ពស់ថៃម្នាក់បានប្រគល់ខ្លួនឲ្យអាជ្ញាធរ ហើយលោកជាជនសង្ស័យកម្រិតខ្ពស់បំផុតជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។
មុននឹងប្រគល់ខ្លួនឲ្យប៉ូលិស លោកឧត្តមសេនីយ៍ Manus Kongpan ថ្លែងថា៖ «ខ្ញុំសុំតែយុត្តិធម៌ទេ។ ខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយមន្រ្តីនានាគ្រប់វិធានការ»។
យោងតាមនាយកគម្រោង Arakan គឺលោក Chris Lewa បានឲ្យដឹងថា ឥឡូវនេះ ជំរំអ្នករត់ពន្ធនៅតាមព្រំប្រទល់ប្រទេសថៃ និងម៉ាឡេស៊ី ត្រូវបានអាជ្ញាធររកឃើញ និងត្រូវបិទហើយ។ មានការរៀបចំ សម្រាប់អ្នកដែលចុះចតនៅក្បែរកន្លែងដើម ដែលជាប្រភពនៃការចេញធ្វើដំណើរដ៏ប្រថុយប្រថានរបស់ពួកគេ។
លោក Lewa បានប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃអង្គារនៅឯទីក្រុងបាងកកថា៖ «នៅមានទូកដឹកមនុស្សទៀតនៅឯសមុទ្រ។ ពួកយើងជឿថា ទូកទាំងនោះនៅឯឆកសមុទ្រ Bengal»។
កាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិបានធ្វើការប៉ាន់ស្មានថា មានជនចំណាកស្រុកប្រមាណ២០០០នាក់កំពុងស្ថិតនៅឯសមុទ្រនៅឡើយ ហើយពាក់កណ្តាលនៃអ្នកទាំងនោះនៅក្បែរឆ្នេរសមុទ្រនៃប្រទេសមីយ៉ាន់ម៉ា ឬឥណ្ឌូនេស៊ី ឯពាក់កណ្តាលទៀតនៅក្នុងសមុទ្រ Bengal។
លោក Matt Dillon តារាភាពយន្តជនជាតិអាមេរិក បានចុះទៅទស្សនកិច្ចឯជំរំនៅទីក្រុង Sittwe នៃប្រទេសភូមា ដែលមានជនជាតិ Rohingya រាប់ម៉ឺននាក់។ លោកបានបង្ហាញអំពីស្ថានភាពដ៏លំបាករបស់អ្នកទាំងនោះ ដោយនិយាយថា វាជារឿងដ៏គួរឲ្យសោកសៅ និង ក្រៀមក្រំ ដែលបណ្តាលមកពីមនុស្សលោក ប៉ុន្តែវាអាចដោះស្រាយបាន។
លោក Dillon និយាយកាលពីថ្ងៃអង្គារប្រាប់អ្នករាយការណ៍ព័ត៌មាន ដោយសង្ខេបនៅទីក្រុងបាងកកថា៖ «អ្នកទាំងនោះមិនមែនរស់នៅក្នុងជំរំ ព្រោះតែគ្រោះមហន្តរាយធម្មជាតិនោះទេ»។
ក្នុងការឆ្លើយសំណួររបស់វីអូអេ លោកនិយាយថា «នេះជាបញ្ហាមនុស្សជាតិដែលបង្កឡើងដោយការមិនចេះអត់ឱនឲ្យគ្នា ការបំភ័យ ការមិនចង់ឲ្យអ្នកដទៃនៅរស់រានមានជីវិត»។
តារាភាពយន្តរូបនេះបានពន្យល់ថា លោកបានសម្រេចចិត្តទៅជំរំនោះ បន្ទាប់ពីបានឮសេចក្តីអំពាវនាវដ៏គួរឲ្យសោកសៅ កាលពីខែមុនពីសកម្មជន Rohingya ម្នាក់។
កិច្ចប្រជុំចម្រុះជាតិសាសន៍បន្ទាន់មួយ ដែលរៀបចំឡើងដោយរដ្ឋាភិបាលយោធាថៃកាលពីថ្ងៃសុក្រសប្តាហ៍មុននោះ ពុំបានរកឃើញដំណោះស្រាយចំពោះវិបត្តិនេះទេ។ ប៉ុន្តែមានការរំពឹងទុកថា នឹងមានកិច្ចពិភាក្សារវាងប្រទេសនានាក្នុងសមាគមអាស៊ាន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ រួមមានកិច្ចសន្ទនាដែលមានគោលបំណងដោះស្រាយដើមហេតុនៃបញ្ហាចំណាកស្រុកនេះ។
ប្រទេសមីយ៉ាន់ម៉ាចាត់ទុកថា ខ្លួនរងសម្ពាធពីប្រទេសម៉ាឡេស៊ី តែបណ្តាប្រទេសក្នុងសមាគមអាស៊ានផ្សេងទៀតមានការស្ទាក់ស្ទើរក្នុងការផ្តល់យោបល់ដល់រដ្ឋដទៃក្នុងតំបន់នោះ។
លោកស្រី Lilian Fan អ្នកស្រាវជ្រាវម្នាក់នៃក្រុមនយោបាយមនុស្សជាតិគឺ Humanitarian Policy Group បាននិយាយថា៖ «មានសំណួរច្រើនឡើងៗពីសំណាក់មន្ត្រីជាន់ខ្ពស់ អ្នកមានឥទ្ធិពលក្នុងតំបន់ អតីតប្រមុខរដ្ឋ និងអតីតរដ្ឋមន្រ្តីការបរទេស ដែលបាននិយាយថា គោលការណ៍មិនចង់ឲ្យអ្នកដទៃចូលជ្រៀតជ្រែកនោះ មិនអាចដោះស្រាយជួយដោះស្រាយបញ្ហាបំពានសិទ្ធិមនុស្សដែលមានសភាពធ្ងន់ធ្ងរនេះបានទេ»។
កាលពីសប្តាហ៍មុន លោក Barack Obama ប្រធានាធិបតីអាមេរិក បានប្រាប់ឲ្យប្រទេសមីយ៉ាន់ម៉ា ឬភូមាបញ្ឈប់ការរើសអើងប្រឆាំងនឹងជនជាតិ Rohingya ដែលគ្មានរដ្ឋនោះ។ លោកប្រធានាធិបតីនិយាយថា បញ្ឈប់ការរើសអើងគឺជាការសំខាន់ណាស់សម្រាប់ជោគជ័យនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងចំណោមអ្នកនៅលើទូកជាមួយជនជាតិ Rohingya នោះ គឺមានអ្នកជនចំណាកស្រុកមកពីប្រទេសបង់ក្លាដេសជាងមួយភាគបី ដែលស្វែងរកឱកាសនៅក្នុងប្រទេសម៉ាឡេស៊ី និងកន្លែងផ្សេងទៀតដែលប្រសើរជាងប្រទេសខ្លួន។
លោក Richard និយាយថា៖ «ប្រទេសបង់ក្លាដេសត្រូវពង្រីក និងពង្រឹងប្រព័ន្ធទេសន្តរប្រវេសន៍ស្របច្បាប់ ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្នែកសេដ្ឋកិច្ចលើជនចំណាកស្រុក។ យើងគិតថា ចំណាកស្រុកអាចជារឿងវិជ្ជមាន មិនមែនជាពាក្យមិនល្អនោះទេ»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា