ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តវ៉ា​នៅ​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​ដើម្បី​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ថៃ


បាតុករ​មីយ៉ាន់ម៉ា​លើក​បដា​ផ្សេងៗ ស្រប​ពេល​មាន​ការ​ស្រែក​ពាក្យ​ស្លោក​នានាន​អំឡុង​ពេល​មាន​ក្បួន​បាតុកម្ម​មួយ​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ថៃ​ប្រឆាំង​កម្មករ​ចំណាកស្រុក​មីយ៉ាន់ម៉ា​ពីរ​នាក់ នៅ​ក្រុង​យ៉ានហ្គន ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
បាតុករ​មីយ៉ាន់ម៉ា​លើក​បដា​ផ្សេងៗ ស្រប​ពេល​មាន​ការ​ស្រែក​ពាក្យ​ស្លោក​នានាន​អំឡុង​ពេល​មាន​ក្បួន​បាតុកម្ម​មួយ​ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​ថៃ​ប្រឆាំង​កម្មករ​ចំណាកស្រុក​មីយ៉ាន់ម៉ា​ពីរ​នាក់ នៅ​ក្រុង​យ៉ានហ្គន ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០១៥។

ពលរដ្ឋ​មីយ៉ាន់ម៉ា​កំពុង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ​ ដោះលែង​កម្មករ​ចំណាកស្រុក​មីយ៉ាន់ម៉ា​ពីរ​នាក់ ដែល​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​សប្តាហ៍​មុន ពី​បទ​សម្លាប់​អ្នក​ទេសចរ​អង់គ្លេស​ពីរ​នាក់ ​ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា។

បាតុករ​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​យ៉ានហ្គូន អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយ​រួម​ទាំង​ការ​ប្រមូល​ផ្តុំ​គ្នានៅ​ខាងក្រៅ​ស្ថានទូត​ថៃ ប្រចាំ​នៅ​មីយ៉ាន់ម៉ា​ផងដែរ។ បាតុករ​ជាច្រើន​នាក់ បាន​លើក​បដា ដែល​សរសេរ​ថា «ដោះលែង​ពលរដ្ឋ​របស់​យើង» ហើយ​សរសេរ​ទៀត​ថា «យើង​ត្រូវ​ការ​យុត្តិធម៌»។

ស្ថានទូត​ថៃ​នៅ​មីយ៉ាន់ម៉ា​បាន​បង្ខំ​ចិត្ត​បិទ​ផ្នែក​កុងស៊ុល​របស់​ខ្លួន​អស់​រយៈពេល​ពេញ​មួយ​សប្តាហ៍​មក​ហើយ ដោយសារ​តែ​អ្វី​មួយ​ដែល​ខ្លួន​បាន​ហៅ​ថា «ជា​ការ​តវ៉ា​ដែល​អូស​បន្លាយពេល​ដោយ​មិន​បាន​រំពឹង​ទុក​ជាមុន»។ បាតុករ​ខ្លះ​បាន​បិទ​ផ្លូវ​ចូល​ទៅ​ក្នុង​ស្ថានទូត​ដែរ។

បាតុកម្ម​តវ៉ា​នេះ​ក៏​បាន​ផ្ទុះ​ឡើង​នៅ​តាម​តំបន់​ព្រំដែន​ថៃ និង​មីយ៉ាន់ម៉ា​ផង​ដែរ ដោយ​បាន​ញ៉ាំង​ឲ្យ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​អនុវត្ត​ការ​រឹត​បន្តឹង​ដល់​ការ​ចេញ​ចូល​តាម​ព្រំដែន ដើម្បី​ការពារ​សុវត្ថិភាព​ទាំង​សងខាង។

កម្មករ​មីយ៉ាន់ម៉ា ទាំង​ពីរ​នាក់ ឈ្មោះ Zaw Htun និង Zaw Lin ​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​កាល​ពី​សប្តាហ៍​មុន ពី​បទ​សម្លាប់​ប្តី​ប្រពន្ធ​សញ្ជាតិ​អង់គ្លេស​វ័យក្មេង​មួយ​គូ ដែល​ទៅ​លេង​កម្សាន្ត​នៅ​លើ​កោះ​លំហែ​កាយ​មួយកាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។កម្មករ​ចំណាក​ស្រុក​ទាំង​ពី​រនាក់​នោះ​និយាយ​ថា ពួកគេត្រូវ​បាន​ធ្វើ​ទារុណកម្ម​ ដើម្បី​ឲ្យ​សារភាព។ ប៉ុន្តែ​ប៉ូលិស​ថៃ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

មេធាវី​ការពារ​ក្តី​ឲ្យ​កម្មករ​ទាំង​ពីរ​នាក់​នេះ​និយាយ​ថា ភស្តុតាង​ជា​សំណាក​ឈាម ឬគេ​ហៅ​ថា​ DNA ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភស្តុតាង​សំខាន់ ដែល​ឈាន​ទៅដល់​ការ​កាត់ទោស​នោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ។

កម្មករ​ទាំង​ពីរ​នាក់​និយាយ​ថា ពួកគេ​មាន​គម្រោង​ប្តឹង​សារទុក្ខ​ជំទាស់​នឹង​សាលក្រម​តុលាការ​ថៃ​នោះ។ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ប្តឹង​ឧទ្ធរណ៍​នេះ​មិន​បាន​ធ្វើ​ឲ្យ​បាតុករ​ជា​ច្រើន​ពេញចិត្ត​ទេ ដោយ​អ្នក​ខ្លះ​បាន​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ទំនិញ​ថៃ​ថែម​ទៀត​ផង។

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​រដ្ឋមន្ត្រី​ការបរទេស​ថៃ និង​មីយ៉ាន់ម៉ា​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ ហើយ​ក្រោយ​មក​ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​រៀងៗខ្លួន ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម​ដោយ​និយាយ​ថា ពួក​លោក​ទាំង​ពីរ​មិន​ចង់​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ រដ្ឋមន្ត្រីការបរទេស​ថៃ លោក Don Pramudwinai មាន​ប្រសាសន៍​ថា សម​ភាគី​មីយ៉ាន់ម៉ា​របស់​លោក​ គឺ​លោក Wunna Maung Lwin បាន​យល់​ថា សាលក្រម​នោះ​មិន​មែន​ជា​សាលក្រម​ចុងក្រោយ​ដែល​បិទ​ផ្លូវ​តវ៉ា​នោះ​ទេ ហើយ​ថា​ វា​អាច​មាន​ការ​ប្រែប្រួល។

ការ​សម្លាប់​ជនជាតិ​អង់គ្លេស​ដែល​ជា​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើរ​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ថៃ ដែល​មាន​លក្ខណៈ​ពិបាក​ស្រាប់​ទៅ​ហើយ បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ចុងក្រោយ​នៅ​ក្នុង​ប្រទេស​នោះ។ សំណុំ​រឿង​ក្តី​ទាក់​ទង​នឹង​កម្មករ​ជនជាតិ​មីយ៉ាន់ម៉ា​នេះ ក៏​បាន​គូស​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​ ដែល​មាន​ជា​យូរ​លង់​ណាស់​មក​ហើយ​អំពី​ការ​ប្រព្រឹត្ត​ទៅលើ​កម្មករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​នោះ ដែល​ជារឿយៗ កម្មករ​ចំណាក​ស្រុក​ទាំង​នោះ​ត្រូវ​បាន​ស្តី​បន្ទោស​ដោយ​ខុសឆ្គង​ ចំពោះ​ឧក្រិដ្ឋកម្ម​បែបនេះ៕

XS
SM
MD
LG