ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បោះឆ្នោត​បង្ហាញ​ឥទ្ធិពល​ប្រជា​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់​ប្តូរ​ទំាង​នៅ​មីយ៉ាន់ម៉ា និង​កម្ពុជា


អ្នក​ជំនាញ​ខាង​ប្រទេស​មីយ៉ាន់ម៉ា​ពិភាក្សា​ពី​ទស្សនវិស័យ​របស់​ប្រទេស​នេះ ក្រោយ​ការ​បោះ​ឆ្នោតឆ្នាំ​២០១៥ដែល​​គណបក្ស​ប្រឆាំង​របស់​លោក​ស្រី Aung San Suu Kyi បាន​ទទួល​ជ័យ​ជំនះ​ភ្លូក​ទឹក​ភ្លូក​ដី នៅ​វិទ្យាស្ថាន Brookings នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សុក្រ ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ស៊ឹង សុផាត/VOA Khmer)

អ្នក​ជំនាញ​យល់​ថា ជ័យ​ជំនះ​លើ​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​នោះឆ្លុះ​បញ្ជាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ឥទ្ធិពល​ប្រជា​ពលរដ្ឋ​។

ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​តាម​ទ្រឹស្តី​មាន​ន័យ​ថា ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស។ ទាក់ទិន​នឹង​ទស្សនៈ​នេះ អ្នក​ជំនាញ​យល់​ថា ជ័យ​ជំនះ​លើ​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​នោះ ឆ្លុះ​បញ្ជាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ឥទ្ធិពល​ប្រជា​ពលរដ្ឋ​នេះ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​យោធា​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍។ មាន​មនុស្ស​ជា​ច្រើន​មាន​មន្ទិល​សង្ស័យ និង​ភ័យ​ខ្លាច ចំពោះ​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​លើក​ទី​មួយ​របស់​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ​២០១៥​នេះ បើ​ទោះបី​ជា​លោកស្រី Aung San Suu Kyi គឺជា​សញ្ញាណ​នៃ​សន្តិភាព និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​នេះ​ក្តី។

«‍ខ្ញុំ​បាន​ទស្សន៍ទាយ​ថា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​នេះ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នឹង​ឈ្នះ​បាន​កៅ​អី​នៅ​សភា​ខ្លះ តែ​មិន​ឈ្នះ​សំឡេង​ឆ្នោត​ច្រើន​ដើម្បី​បង្កើត​រដ្ឋាភិបាល​ទេ»។

លោក Aung Din ដែល​ជា​អតីត​អ្នក​ទោស​នយោបាយ​នៅ​មីយ៉ាន់ម៉ា​ពី​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០៣ និង​ជា​អ្នក​ប្រឹក្សា​ឲ្យ​ពហុ​សារព័ត៌មាន Moemaka នៅ​ទីក្រុង San Francisco បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង VOA។

និយាយ​ទៅ​កាន់​អ្នក​ស្តាប់​នៅ​វិទ្យាស្ថាន Brookings នៅ​រដ្ឋធានី​វ៉ាស៊ីនតោន អំពី​ប្រទេស​មីយ៉ាន់ម៉ា​ក្រោយ​ការ​បោះ​ឆ្នោត លោក Din ឲ្យ​ដឹង​ថា លោក​បាន​ភ្ញាក់​ផ្អើល​នឹង​ជ័យ​ជំនះ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស​ប្រឆាំង​ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី Aung San Suu Kyi។ លោក​ក៏​បាន​បញ្ជាក់​ថា ជ័យ​ជំនះ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​យោធា​បាន​សន្និដ្ឋាន​ខុស​ពី​ឥទ្ធិពល​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។

«‍ការ​ខឹង​សម្បា និង​មិន​ពេញ​ចិត្ត​របស់​ប្រជាជន​លើ​រដ្ឋាភិបាល​យោធា​មាន​ទំហំ​ធំ ហើយ​ដូច​ដែល​យើង​មើល​ឃើញ ការ​បោះឆ្នោត​នេះ​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ដោយ​ជោគជ័យ»។

ឥទ្ធិពល​របស់​ប្រជា​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្តូរ​នេះ​ក៏​កើត​មាន​ឡើង​ស្រដៀង​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៣​ផងដែរ។ នេះ​បើ​យោង​តាម​ការ​យល់​ឃើញ​របស់ លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សាកល​វិទ្យាល័យ Leeds នៅ​ចក្រភព​អង់គ្លេស។

«‍ចំណុច​របត់​សំខាន់​គឺ​នៅ​ឆ្នាំ​២០១៣ យើង​ឃើញ​ថា គណបក្ស​ប្រឆាំង​បាន​កើន​សំឡេង​ច្រើន​មែន​ទែន គឺ​កៀក​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ ក៏​ប៉ុន្តែ​សំឡេង​ប្រជាជន​នៅ​ប្រហាក់​ប្រហែល​គ្នា​ទេ តែ​បើ​គិត​ជា​ចំនួន​ពិត​ប្រាកដ វា​នៅ​តែ​ទាប​ជាង​គណបក្ស​កាន់​អំណាច»។

លោក ឈាង វណ្ណារិទ្ធ បាន​បន្ថែម​ថា សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​២០១៨​ខាង​មុខ​នេះ សំឡេង​ប្រជា​ពលរដ្ឋ​គាំ​ទ្រ​គណបក្ស​ទាំង​ពីរ​អាច​ឋិត​ក្នុង​រូបភាព​ដដែល​ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដែរ។

«‍ហើយ​បើ​យើង​មើល​ទៅ​និន្នាការ​ឆ្នាំ​២០១៨ ពិបាក​នឹង​ស្មាន ក៏​ប៉ុន្តែ បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ ប្រហែល​ជា​ប្រហាក់​ប្រហែល​គ្នា​ទេ​សម្រាប់​សន្ទុះ​ការ​គាំទ្រ​លើ​គណបក្ស​ទាំង​ពីរ»។

​យ៉ាង​ណា​មិញ ការ​វវត្តន៍​នៃ​អំណាច​ប្រជា​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​ខុស​គ្នា ហើយ​វា​អាស្រ័យ​ទាំង​ស្រុង​លើ​មេដឹកនាំ​នយោបាយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ការ​ផ្លាស់ប្តូរ​បែប​នេះ​កើត​មាន​ឡើង​នោះ។

លោក Din ឲ្យ​ដឹង​ថា៖ «‍ប្រជា​ពលរដ្ឋ​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ​លើ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់ ទាំង​ក្នុង​ប្រព័ន្ធ​កាន់​អំណាច ទាំង​សេដ្ឋកិច្ច និង​ទាំង​កិច្ចការ​សង្គម​នៃ​រដ្ឋាភិបាល​ចាស់ នៅ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ថ្មី​នៅ​ភូមា»។

ក៏​ប៉ុន្តែ​លោក Din មិន​ច្បាស់​ថា តើ​រដ្ឋាភិបាល​ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​ដោយ​គណបក្ស​របស់​លោក​ស្រី Aung San Suu Kyi អាច​នឹង​បំពេញ​ទៅ​តាម​«‍ការ​ទាមទារ​ដ៏​ធំ​នេះ»​របស់​ប្រជា​ពលរដ្ឋ​ដល់​កម្រិត​ណា​នោះ​ទេ។

នៅ​កម្ពុជា ការ​ផ្លាស់​ប្តូរ​អាច​មាន​លក្ខណៈ​ខុស​គ្នា​ពី​ប្រទេស​មីយ៉ាន់ម៉ា ត្រង់​ថា វា​មិន​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ការ​ទម្លាក់​រដ្ឋាភិបាល​ចាស់ ដើម្បី​រដ្ឋាភិបាល​ថ្មី​នោះ​ទេ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ប្រជា​ពលរដ្ឋ​ដ៏​វ័យ​ក្មេង​របស់​កម្ពុជា​ចង់​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន ជា​ពិសេស​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ជាដើម។

លោក ឈាង វណ្ណារិទ្ធ ថា៖ «‍បញ្ហា​ប្រឈម​នៅ​កម្ពុជា​យើង​គឺ​បញ្ហា​ពុក​រលួយ បញ្ហា​ទី​ពីរ​គឺ​បញ្ហា​ជម្លោះ​ដី​ធ្លី បញ្ហា​ទី​បី​គឺ​ការ​កាប់​ព្រៃឈើ​ធនធាន​ធម្មជាតិ។ អញ្ចឹង​ទេ​ខ្ញុំ​គិត​ថា បញ្ហា​ទាំង​បី​នេះ​គឺជា​បញ្ហា​ស្នូល ដែល​គណបក្ស​នយោបាយ​ត្រូវ​តែ​យក​មក​ដាក់​ជា​គោលការណ៍ ដើម្បី​ធ្វើការ​ដោះ​ស្រាយ និង​កំណែ​ទម្រង់»។

លោក វណ្ណារិទ្ធ បាន​បញ្ជាក់​ថា លទ្ធផល​នៃ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ពិសេស​ក្នុង​វិស័យ​អំពើ​ពុក​រលួយ​នៅ​មាន​កម្រិត​នៅ​ឡើយ។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​លើ​បញ្ហា​ទាំង​អស់​នេះ។

«‍កំណែ​ទម្រង់​រដ្ឋាភិបាល​សាធារណៈ កំណែ​ទម្រង់​ផ្នែក​តុលាការ និង​កំណែ​ទម្រង់​ផ្នែក​ស្ថាប័ន​មូលដ្ឋាន គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​គិត​ថា គណបក្ស​នយោបាយ​គួរ​តែ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​ត្រូវ​ធ្វើ​ឲ្យ​មាន​គោល​នយោបាយ​ច្បាស់​លាស់ ដើម្បី​ទទួល​នូវ​ការ​គាំទ្រ​ពី​ប្រជាជន»។

ខណៈ​ដែល​ភាព​តានតឹង​ខាង​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​កើន​ឡើង​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នោះ អ្នក​ជំនាញ​រូប​នេះ​បាន​រំលឹក​ថា វា​ដល់​ពេល​ហើយ ដែល​អ្នក​នយោបាយ​ត្រូវ​តែ​ផ្តល់​លទ្ធភាព​ខ្ពស់​លើ​ស្ថិរភាព​នយោបាយ ដើម្បី​សម្រួល​ដល់​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច ពីព្រោះ​ថា ភាព​តានតឹង​ខាង​នយោបាយ​មិន​មាន​អំណោយ​ផល​អ្វី​ទេ​ដល់​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ៕

XS
SM
MD
LG