ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី អង់សាន ស៊ូជី ​បើកកិច្ច​ប្រជុំ​ផ្សះផ្សា​ជាតិ​ជា​លើក​ដំបូង


រូបឯកសារ៖ លោក Shwe Mann (ឆ្វេង) អ្នក​តំណាង​រាស្ត្រ​របស់គណបក្ស​សហភាពសាមគ្គីភាព និង​អភវិឌ្ឍន៍ ស្វាគមន៍​លោក​ស្រី អង់សាន ស៊ូជី មេ​ដឹក​នាំគណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) មុន​កិច្ច​ប្រជុំ​សភាជាន់ទាប​នៅ​ទីក្រុងណៃពិដោរ កាល​ពី​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥។

លោក​ស្រី អង់​សាន ស៊ូជី ​មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​បាន​ឈ្នះ​លើស​លប់​ក្នុង​ការ​បោះឆ្នោត​ក្នុង​ខែ​នេះ​ បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ត្រូវ​ចេញ​ពី​អំណាច។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ស្រី អង់​សាន ស៊ូជី ​មេដឹកនាំ​គណបក្ស​ប្រឆាំង ​ដែល​បាន​ឈ្នះ​លើស​លប់​ក្នុង​ការ​បោះឆ្នោត​ក្នុង​ខែ​នេះ​ បាន​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ត្រូវ​ចេញ​ពី​អំណាច។​ កិច្ច​ប្រជុំ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើឲ្យ​អន្តរកាល​នៃ​ការ​ផ្ទេរ​អំណាច​នយោបាយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។​

មន្រ្តី​នានា​មិន​បាន​បញ្ជាក់​ព័ត៌មាន​ពិស្ដារ​អំពី​អ្វី​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទទ្វារ​នៅ​ក្នុង​ទីក្រុង​ណៃពិដោរ ​រវាង​និមិត្ត​រូប​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅភូមា​ និង​អ្នក​តំណាង​សភា​ជាន់​ទាប​គឺ​លោក​ Shwe Mann​ នោះ​ទេ។​

​នេះ​គឺ​ជា​កិច្ច​ប្រជុំ​ដំបូង​បង្អស់​ក្នុង​ចំណោម​កិច្ច​ប្រជុំ​ផ្សះផ្សា​ជាតិ​ទាំង​៣​ដែល​បាន​គ្រោង​ធ្វើ​ឡើង​រវាង​លោក​ស្រី ​អង់សាន ស៊ូជី​ និង​មន្រ្តី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​នោះ។ ​លោក​ប្រធានាធិបតី​ ថេន សេន ​និង​លោក​អគ្គ​មេ​បញ្ជាការ​ជាន់ខ្ពស់ ​Min Aung Hlaing ​បាន​ព្រមព្រៀង​ឲ្យ​មាន​កិច្ច​ប្រជុំ​នេះ​ដែរ។​

មន្រ្តី​រដ្ឋាភិបាល​ម្នាក់​បាន​ថ្លែង​ប្រាប់ ​VOA ​ភាសា​ភូមា​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា ​កិច្ច​ប្រជុំ​ទាំង​អស់​អាច​នឹង​ត្រូវ​ការ​ពេល​វេលា​ជាង​១​ខែ ​ក៏​ប៉ុន្តែ​មន្រ្តី​រូប​នោះ​បាន​ព្យាយាម​និយាយ​បន្ធូរបន្ថយ​ការ​ព្រួយ​បារម្ភ​ដែល​ថា​ ដំណាក់​កាល​អន្តរកាល​នោះ​ប្រព្រឹត្ត​ទៅ​យឺត​ពេក។​

រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន ​គឺ​លោក ​Ye Htut ​បាន​មាន​ប្រសាសន៍​ថា ​«លោក​មិន​ឃើញ​មានបញ្ហា​អ្វី​កើត​ឡើង​ក្នុង​ខណៈ​ពេល​នេះ​ទេ។ ​អ្វី​ដែល​លោក​ប្រធានាធិបតី ​ថេន សេន ​បាន​ថ្លែង​គ្រប់​ពេល​វេលា​នោះ​គឺ​ដើម្បី​រក្សា​ និង​គាំទ្រ​ស្ថិរភាព​ក្នុង​ដំណាក់​កាល​អន្តរកាល​នេះ»។​

លោក ​Ye Htut ​បាន​បន្ថែម​ថា៖​

«ក្នុង​ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ស្រី ​អង់សាន ស៊ូជី ​ក៏​បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រគណបក្ស​របស់​លោក​ស្រី​ទាំងអស់​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់។ ​ខ្ញុំ​គិត​ថា​ មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ច្រើន​នោះ​ទេ ​ពីព្រោះ​ថា​មនុស្ស​ភាគ​ច្រើន​ក៏​មាន​ជំនឿ​ដែរ​ថា​ ស្ថិរភាព​មាន​សារៈ​សំខាន់​ណាស់​នៅ​ខណៈ​ពេល​នេះ»។​

លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី៨ ​ខែ​វិច្ឆិកា​ បង្ហាញ​ថា ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ (NLD)​ របស់​លោកស្រី អង់សាន ស៊ូជី ​ឈ្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​លើ​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​សហភាព​សាមគ្គីភាព​ និង​អភិវឌ្ឍន៍។​

ប្រសិន​បើ​លទ្ធផល​បោះឆ្នោត​នេះ​នៅ​ដដែល ​វា​នឹង​អនុញ្ញាត​ឲ្យ​គណបក្ស ​NLD ​ជ្រើសរើស​ប្រធានាធិបតី​ និង​បង្កើត​រដ្ឋាភិបាល​ថ្មី។ ​គេ​រំពឹង​ថា​ គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​ភូមា​នឹង​ប្រកាស​លទ្ធផល​ឆ្នោត​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ក្រោយ​ការ​បោះឆ្នោត។​

រូបឯកសារ៖ លោក ថេន សេន ប្រធានាធិបតីប្រទេស​មីយ៉ាន់ម៉ា បាន​ចាក​ចេញ​ពី​មណ្ឌល់​បោះឆ្នោត​ក្រោយ​ពី​បាន​បោះ​ឆ្នោត​រួចនៅ​ទីក្រុងណៃពិដោរ ​កាល​ពី​ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក ថេន សេន ប្រធានាធិបតីប្រទេស​មីយ៉ាន់ម៉ា បាន​ចាក​ចេញ​ពី​មណ្ឌល់​បោះឆ្នោត​ក្រោយ​ពី​បាន​បោះ​ឆ្នោត​រួចនៅ​ទីក្រុងណៃពិដោរ ​កាល​ពី​ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ដំណាក់​កាល​អន្តរកាល​នេះ​នឹង​បន្ត​រហូត​ដល់​ខែ​មិនា ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ ថេន​ សេន ​ត្រូវ​បាន​កំណត់​កាល​បរិច្ឆេទ​ឲ្យ​ចុះ​ចេញ​ពី​តំណែង។​

រហូត​មក​ទល់​នឹង​ពេល​នេះ ​មន្រ្តី​ជាន់ខ្ពស់​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ពួកគេ​នឹង​គោរព​ទៅ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ហើយ​នឹង​មិន​ធ្វើការ​រារាំង​ដល់​ការ​ផ្ទេរ​អំណាច​នោះ​ទេ។ ​ក៏​ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ហេតុ​ផល​ភ័យ​ខ្លាច។​

កាល​ពី​ឆ្នាំ​១៩៩០ ​គណបក្ស​ NLD​ ក៏​បាន​ឈ្នះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី​ដែរ​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​លើក​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​ប្រទេស​នេះ។​ ក៏​ប៉ុន្តែ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​ទុក​ជា​មោឃៈ​ដោយ​រដ្ឋាភិបាល​យោធា​របស់​គណបក្ស​កាន់​អំណាច​ ហើយ​លោក​ស្រី អង់សាន ស៊ូជី ​ត្រូវ​បាន​ឃុំឃាំង​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ។​

ថ្វី​ដ្បិត​តែ​គណបក្ស​ NLD​ ទទួល​បាន​ជ័យ​ជំនះ​ក៏​ដោយ ​ក៏​យោធា​នៅ​តែ​មាន​អំណាច​ច្រើន​ដែរ​ទៅ​លើ​ប្រព័ន្ធ​រដ្ឋបាល​នៅ​ក្នុង​ប្រទេស​នេះ។​

លោក​ស្រី ​អង់សាន ស៊ូជី ​ក៏​មិន​អាច​ធ្វើ​ជា​ប្រធានាធិបតី​បាន​ដោយ​ខ្លួន​ឯង​ដែរ​ ដោយ​សារ​តែ​អតីត​ស្វាមី​ និង​កូន​ប្រុស​ទាំង​២​របស់​លោកស្រី​មាន​សញ្ជាតិ​អង់គ្លេស ​ហើយ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ឬភូមា​ បាន​កំណត់​ថា​ ​ជន​ណា​ដែល​មាន​ស្វាមី​ ឬ ​ភរិយា​ ឬ​កូន​ដែល​មាន​សញ្ជាតិ​បរទេស​ មិន​អាច​ធ្វើ​ជា​ប្រធានាធិបតី​បាន​ទេ។​

លោក​ស្រី ​អង់សាន ស៊ូជី ​បាន​ថ្លែង​នៅ​ពេល​ថ្មីៗ​នេះ​ថា​ លោកស្រី​នឹង​កាន់​តំណែង​មួយ​ដែល​ធំ​ជាង​ប្រធានាធិបតី​ទៅ​ទៀត។​

កិច្ច​ប្រជុំ​របស់​លោក​ស្រី ​អង់សាន ស៊ូជី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​មួយ​នឹង​លោក​ Shwe Mann ​មាន​សារៈសំខាន់​ណាស់ ​ពី​ព្រោះ​ថា​ ​គណបក្ស​ទាំង២​បាន​បង្កើត​នូវ​អ្វី​ដែល​ចាំបាច់​សម្រាប់​សម្ព័ន្ធ​មិត្ត​នយោបាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។​

អតីត​អគ្គ​មេ​បញ្ជាការ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​បុគ្គល​ដែល​មាន​អំណាច​ធំ​បំផុត​ទី​៣​ក្នុង​អតីត​រដ្ឋាភិបាល​យោធា​នៅ​ក្នុង​ប្រទេស​នេះ។ ​ក៏​ប៉ុន្តែ​ លោក​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​យោធា​របស់​គណបក្ស​សហភាព​សាមគ្គីភាព​ និង​អភិវឌ្ឍន៍​កាល​ពី​ដើម​ឆ្នាំ​នេះ ​បន្ទាប់​ពី​លោក​បាន​ព្យាយាម​រារាំង​ការ​ក្តោប​ក្តាប់​អំណាច​របស់​យោធា​ទៅ​លើ​សភា។​

លោក​ Shwe Mann ​គឺ​ជា​តំណាង​រាស្រ្ត​ម្នាក់​ក្នុង​ចំណោម​តំណាង​រាស្រ្ត​រាប់រយ​នាក់​ទៀត​របស់​គណបក្ស​សហភាព​សាមគ្គីភាព​ និង​អភិវឌ្ឍន៍​ដែល​នឹង​ត្រូវ​បាត់បង់​អាសនៈ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។​ ប៉ុន្តែ​តំណាង​រាស្រ្ត​នៃ​គណបក្ស​ចាញ់​ឆ្នោត​នេះ​នឹង​មិន​បាត់បង់​អាសនៈ​របស់​ខ្លួន​នោះ​ទេ​រហូត​ដល់​ចុង​ខែ​មករា ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ​ពួក​គេ​អាច​អនុម័ត​ច្បាប់​ដែល​អាច​ធ្វើ​ឲ្យ​គណបក្ស​ NLD​ មាន​ការ​លំបាក​ក្នុង​ការ​កាន់​អំណាច៕​

ប្រែ​សម្រួល​ដោយ​នាង ហុង ចិន្តា​

XS
SM
MD
LG