ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​មីយ៉ាន់ម៉ា​ប្រហែល​ជា​ពន្យារ​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ​នេះ

  • Steve Herman

អ្នក​គាំទ្រ​ដែលកាន់​ទង់​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី អោង​ សានស៊ូជី ឈរ​នៅជិត​ក្រុមអ្នក​ចម្រៀង​ដែល​ច្រៀង​នៅ​លើ​ឡាន​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង​ Yangon ប្រទេស​ភូមា​ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​មីយ៉ាន់ម៉ាបាន​​បង្ខំ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ក្នុង​ប្រទេស ​យល់​ព្រម​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ ដោយ​សំអាង​ថា​មាន​គ្រោះ​ធម្មជាតិ។​

នៅ​ថ្ងៃ​អង្គារ​ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ប្រទេស​ភូមា បានបង្ខំ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ក្នុង​ប្រទេស ​យល់​ព្រម​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ នៅ​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា​ ដោយ​សំអាង​ថា​មាន​គ្រោះ​ធម្មជាតិ។​

យោង​តាម​សម្តី​របស់មន្រ្តីគណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី អោង​ សានស៊ូជី បាន​ឲ្យ​ដឹង​ថា ​គណបក្ស​របស់​ខ្លួន​គឺ​ជា​គណបក្ស​តែ​មួយ​គត់​ដែល​មាន​វត្តមាន​ ហើយ​ប្រឆាំង​នឹង​ការ​ស្នើ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ Naypyidaw។ ​

លោក Win Htein ដែល​ជា​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​ថ្នាក់​កណ្ដាល​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិតេយ្យ​បាន​និយាយបា្រប់​ VOA ​ថា៖

«ខ្ញុំ​បាន​ឆ្លើយតប​ទៅ​នឹង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថា ​ការ​បោះឆ្នោត​ប្រជាមតិ​ទៅ​លើ​រដ្ឋធម្មនុញ្ញកាល​ពី​ឆ្នាំ២០០៨ ​ត្រូវ​បាន​ធ្វើ​ឡើង​២​ឬ៣​ថ្ងៃ​ បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន Nargis ​បាន​សម្លាប់​មនុស្ស​ជាង​១សែន​នាក់។ គ្រោះ​ធម្មជាតិ​នា​ពេល​បច្ចុប្បន្ន​មិន​ខ្លាំង​ក្លា​នោះ​ទេ ​បើ​ប្រៀបធៀប​ទៅ​នឹង​ព្យុះ​ Nargis។ ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​យើង​ដាច់​ខាត​ប្រឆាំង​នឹង​ការ​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​នេះ»។

គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ បាន​សំអាង​លើ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០០នាក់​ ក្នុង​តំបន់ ​Harkar ​ក្នុង​រដ្ឋ ​Chin ​និង​ទីក្រុង​ ​Kawlin ​ក្នុង​តំបន់​ Sagaing​ ថា​ជា​មូលហេតុ​ដែល​បង្ខំ​ឲ្យធ្វើ​ការ​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​នេះ។

យោង​តាម​ទី​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ និង​ការិយាល័យ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការ​ទូទៅ​របស់​អង្គការ​សហប្រជាជាតិ​ មនុស្ស​ប្រហែល​១,៦លាន​នាក់ បាន​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ពី​គ្រោះ​ទឹក​ជំនន់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

គណបក្ស​សាមគ្គី​សហជីព គណបក្ស​អភិវឌ្ឍន៍​កសិករ និង​គណបក្ស​អភិវឌ្ឍន៍​ជាតិ គាំ​ទ្រ​សំណើ​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត ក្នុង​ការ​ពន្យារ​ពេល​លើ​ការ​បោះឆ្នោត។ អ្នក​សង្កេតការណ៍​និយាយ​ថា​ គណបក្ស​៣​ផ្សេង​ទៀត​បាន​និយាយ​ថា ពួកគេ​នឹង​ទុកឲ្យ​គណៈកម្មការរៀប​ចំ​ការ​បោះឆ្នោត​ជា​អ្នក​សម្រេច។ មាន​គណបក្ស​ជនជាតិ​ភាគ​តិច​៣​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួមក្នុង​កិច្ច​ប្រជុំ​បន្ទាន់​នេះ ប៉ុន្តែ​មិន​បាន​ទៅ​ចូល​រួម។

មុន​នេះ ​គណៈកម្មការរៀប​ចំ​ការ​បោះឆ្នោត​បាន​ប្រកាស​ថា ដំណើរ​ការបោះឆ្នោតនៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នឹង​មិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ចំនួន​រាប់​រយ ជា​ពិសេស​ក្នុង​តំបន់​ក្រុម​ជនជាតិ​ភាគ​តិច​ ​ក្នុង​រដ្ឋ​ Kachin និង​រដ្ឋ Shan ​ ដែល​នៅ​ទី​នោះ​ក្រុម​ប្រដាប់​អាវុធ​នៅ​តែ​បន្ត​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​រដ្ឋ។

មាន​ការ​ប៉ាន់​ស្មាន​ថា ការ​ពន្យារ​ពេល​នេះ​ប្រហែល​ជា​មាន​លក្ខណៈ​នយោបាយ។

គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ ដែល​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ប្រឆាំង​នឹងទាហាន​ដែល​ជា​ភ្នាក់ងារ​ដែល​មាន​អំណាច​រយៈពេល​យូរ​ក្នុង​ប្រទេស​ ​ត្រូវ​បាន​អ្នក​វិភាគ​នយោបាយជា​ច្រើន​ទស្សន៍ទាយ​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ​ នៅ​ក្នុង​ការបោះឆ្នោត​ដែល​នឹង​ឈាន​មក​ដល់​នេះ។

គេ​រំពឹង​ថា​ គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ នឹង​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​មួយក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដោយ​អ្នក​នយោបាយ​មួយ​ចំនួន​បាន​រំពឹង​ថា​ វា​នឹង​ជំរុញ​ការ​ពន្យារ​ពេល​នៃ​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យក៏​ដោយ។

ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព លោក​ស្រី ស៊ូ​ជី ដែល​បាន​និយាយ​ក្នុង​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃសៅរ៍ ​ក្បែរ​ទីក្រុង Yangonon ​បាន​ព្រមាន​អ្នក​គាំទ្រ​របស់​លោក​ស្រីឲ្យ​ប្រុងប្រយ័ត្ន​នៅ​ថ្ងៃ​បោះឆ្នោត ​ពីព្រោះ​ «ប្រហែល​ជា​អាច​មាន​មនុស្ស​ដែល​មាន​បំណង​បង្ក​អំពើ​ហិង្សា»។

គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ ទទួល​បាន​កៅអី​សភា​៨០ភាគរយ​ កាល​ពី​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩០​ ប៉ុន្តែ​លទ្ធផល​នោះ​ ត្រូវ​បាន​ពួក​ទាហាន​ទុក​ជា​មោឃៈ ​ដោយមិន​ព្រម​ប្រគល់​អំណាច​ និង​បាន​ឃុំឃាំង​លោក​ស្រី​ អោង សានស៊ូជីអស់​រយៈ​ជា​ច្រើន​ឆ្នាំ។

ការ​បោះ​ឆ្នោត​នេះ ​អាច​នឹងជា​ការ​បោះឆ្នោត​លើក​ដំបូង​បង្អស់​ ចាប់​តាំង​ពី​រដ្ឋាភិបាល​ស៊ីវិល​ ដែល​មាន​តែ​ឈ្មោះ​ ត្រូវ​បាន​បង្កើត​ឡើង ​កាល​ពី​ឆ្នាំ​២០១១។ ប៉ុន្តែ​ដោយ​ទាហាន​នៅ​តែ​បន្ត​គ្រប់​គ្រង​ដំណើរ​ការ​យ៉ាង​ណែន​ មាន​ភាព​មន្ទិល​សង្ស័យ​ជា​ច្រើន​ទៅ​លើ ​ថា​តើ​ការ​បោះឆ្នោត​អាច​មាន​លក្ខណៈ​សេរី ​និង​យុត្តិធម៌​ដែរ​ឬ​ទេ។

យោង​តាម​ច្បាប់​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ការ​បោះឆ្នោត​លើក​ក្រោយ​តម្រូវ​ឲ្យធ្វើ​ឡើង​នៅ​ចន្លោះ​ពី៣០​ទៅ៩០ថ្ងៃ ​មុន​ពេល​បើក​កិច្ច​ប្រជុំ​សភា​លើក​ក្រោយ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា។

មាន​មនុស្ស​ជាង​៦.០០០នាក់​ បាន​ដាក់​ពាក្យ ​ដើម្បី​ឈរ​ឈ្មោះប្រកួត​យក​តំណែង​ នៅ​ក្នុង​រដ្ឋសភា​ជាតិ​ និង​សភា​ថ្នាក់​តំបន់។ ប៉ុន្តែ ​យ៉ាង​ហោច​ណាស់​មាន​បេក្ខជន​ឯករាជ្យ​ឬ​បេក្ខជន​គណបក្ស​ប្រឆាំង​៧៥​នាក់​ ដែល​មិន​គ្រប់​លក្ខខណ្ឌ​ ដែល​ភាគ​ច្រើន​ គឺ​ដោយ​សារ​ស្ថានភាព​សញ្ជាតិ​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ។

ក្នុង​ចំណោម​ពួកគេ​ទាំង​អស់​ មាន​បេក្ខជន​ប្រហែល​១៥នាក់​ក្នុង​ចំណោម​១៨​នាក់​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ ដែល​ជា​គណបក្ស​មាន​អ្នក​កាន់​សាសនាឥស្លាម​ភាគ​ច្រើន​ ហើយមាន​បេក្ខជន​ព្យាយាមឈរ​ឈ្មោះ​ជា​តំណាងរាស្រ្តក្នុងរដ្ឋ​ Rakhine៕

ប្រែ​សម្រួល​ដោយ ហុង ចិន្តា

XS
SM
MD
LG