ថ្មីៗនេះ នៅពេលដែលមេដឹកនាំកូរ៉េខាងជើងបានទាក់ទងជាមួយចិន រុស្ស៊ី និងកូរ៉េខាងត្បូងនោះ មានចម្ងល់ ថាតើប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះពិតជាស្វែងរកលទ្ធភាពដើម្បីបើកចំហប្រទេសរបស់ខ្លួនទៅកាន់ពិភពលោកមែន ឬយ៉ាងណា?
បើសិនជាប្រទេសកូរ៉េខាងជើងពិតជាស្វែងរកលទ្ធភាពដើម្បីបើកចំហប្រទេសរបស់ខ្លួនពិតមែននោះ នោះប្រទេសពីរគឺកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា អាចនឹងផ្តល់ជាគម្រូសម្រាប់កូរ៉េខាងជើង ដើម្បីបញ្ចប់ទំព័រភាពឯកោ បញ្ចប់ទណ្ឌកម្មខាងសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ហើយដើម្បីក្លាយជាប្រទេសដែលមានទីផ្សារសេដ្ឋកិច្ចសេរី។ ប្រទេសទាំងពីរនេះកំពុងតែពង្រឹងជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ ក្រោយពីបានបិទទ្វារអស់រយៈពេលដ៏យូរដោយសារតែសង្គ្រាមក្នុងស្រុក និងការគ្រប់គ្រងបែបផ្តាច់ការ។ បើទោះបីជាប្រទេសកូរ៉េខាងជើងមានស្ថានភាពខុសគ្នាពីប្រទេសទាំងពីរនេះក្តី ក៏អ្នកជំនាញខាងសន្តិសុខ និងអ្នកវិភាគនយោបាយ និងសេដ្ឋកិច្ចយល់ថា ប្រទេសមួយចំនួនអាចផ្តល់ជាមេរៀនគម្រូដល់ប្រទេសកូរ៉េខាងជើង។
លោក Joseph DeTrani គឺជានាយកអង្គការសម្ព័ន្ធសន្តិសុខជាតិ និងស៊ើបការណ៍ និងជាអតីតអ្នកតំណាងបេសកកម្មពិសេសសម្រាប់ការចរចា៦ភាគីជាមួយនឹងកូរ៉េខាងជើង បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ឬភូមា។
លោកយល់ថា ប្រទេសកម្ពុជាបានឆ្លងកាត់«ដំណាក់កាលដ៏ជូរចត់មួយ»នៃរបបកម្មុយនិស្តខ្មែរក្រហម និងសង្គ្រាមក្នុងប្រទេស។ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ កម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចប្រមាណ៧ភាគរយក្នុងមួយឆ្នាំ។ ចំណែកឯប្រទេសមីយ៉ាន់ម៉ាវិញក៏បានឆ្លងកាត់បទពិសោធន៍ស្រដៀងគ្នា ដែលប្រទេសនេះបានស្ថិតនៅក្រោមការគ្របគ្រងរបស់រដ្ឋាភិបាលយោធាផ្តាច់ការ។ ក៏ប៉ុន្តែរបបយោធានេះត្រូវបានរំលាយចោលកាលពីឆ្នាំ២០១០ ហើយការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនឹងកើតឡើងនៅខែវិច្ឆិកាខាងមុខនេះ។
«ខ្ញុំមើលទៅប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលដ៏អាក្រក់ ហើយឥឡូវនេះកំពុងតែទទួលបានជោគជ័យក្នុងការអភិវឌ្ឍ ហើយបានផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ហើយប្រទេសមីយ៉ាន់ម៉ាក៏ដូចគ្នា។ ការគ្រប់គ្រងដោយពួកយោធាត្រូវបានលុបបំបាត់ ហើយការបោះឆ្នោតនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។ ហើយប្រទេសនេះកំពុងបើកចំហដូចកម្ពុជាដែរ។ ដូច្នេះ ប្រទេសទាំងពីរនេះគឺជាគម្រូដ៏ល្អ»។
លោក DeTrani បានឲ្យដឹងបន្ថែមទៀតថា កូរ៉េខាងជើងបានទាក់ទងទៅចិនក្នុងមួយរយៈពេលកន្លងទៅនេះ តែទំនាក់ទំនងនេះនៅមានស្ថានភាពតានតឹងមួយកម្រិតដែរ។ ក៏ប៉ុន្តែ កម្ពុជា និងមីយ៉ាន់ម៉ាមានទំនាក់ទំនងវិជ្ជមាន និងល្អគួរសមជាមួយនឹងកូរ៉េខាងជើង។
«កូរ៉េខាងជើងមានទំនាក់ទំនងល្អជាមួយនឹងកម្ពុជា ហើយក៏កំពុងតែចាប់ផ្តើមកសាងទំនាក់ទំនងការទូតជាមួយនឹងប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះប្រទេសទាំងពីរនេះមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង»។
កម្ពុជាអាចជាគម្រូមួយដ៏ល្អក្នុងការសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងប្រទេស ក្រោមការគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យ ដែលអនុញ្ញាតឲ្យកម្ពុជាបើកចំហទៅកាន់ពិភពលោក។ នេះបើយោងតាមលោកចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យមួយនៅកម្ពុជា។
«ការបើកទូលាយសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចបែបទីផ្សារសេរីផង មានន័យថា យើងមានការអភិវឌ្ឍបានច្រើន»។
លោកចាន់ សុផលយល់ថា ការបើកចំហនេះបានអនុញ្ញាតឲ្យកម្ពុជាពង្រីកទីផ្សារសេដ្ឋកិច្ចរបស់ខ្លួនកាន់តែធំឡើង។
«ហើយយើងក៏បានធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលនាំឲ្យប្រទេសកម្ពុជាយើងមានច្រកទៅកាន់ទីផ្សារសម្រាប់ការនាំចេញនូវផលិតផលនៃក្រុមហ៊ុនវិនិយោគផលិត ក៏ដូចជាប្រជាពលរដ្ឋយើងផ្ទាល់ជាអ្នកផលិត»។
សម្រាប់ប្រទេសមីយ៉ាន់ម៉ាវិញ ក្រោយពីរបបយោធាផ្តាច់ការត្រូវបានរំលាយចោលកាលពីឆ្នាំ២០១១មក រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក Thein Sein បានធ្វើកំណែទម្រង់ប្រទេសមីយ៉ាន់ម៉ាទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
លោកស្រី Chaw Chaw Sein ប្រធានដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Yangon ឲ្យដឹងថា កូរ៉េខាងជើងអាចរៀនសូត្រពីប្រទេសមីយ៉ាន់ម៉ាក្នុងការបង្កើតសម្ព័ន្ធភាពជាមួយនឹងប្រទេសមហាអំណាច។
«កូរ៉េខាងជើងគួរតែរៀនសូត្រពីយើង ដែលយើងបានបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធ និងប្រាស្រ័យទាក់ទងជាប្រចាំជាមួយនឹងប្រទេសក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិ។ ហើយការផ្លាស់ប្តូរទៅគោរពលទ្ធិប្រជាធិបតេយ្យរបស់យើងគឺកើតចេញពីថ្នាក់លើ មិនមែនពីអំណាចប្រជាពលរដ្ឋទេ»។
ក៏ប៉ុន្តែ រាល់ការផ្លាស់ប្តូររបស់ប្រទេសនីមួយៗមិនអាចកើតឡើងបានទេ បើគ្មានឆន្ទៈនយោបាយពីមេដឹកនាំរបស់ប្រទេសនោះ។ នេះបើយោងតាមលោកឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យខាងការសិក្សាអំពីតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Leeds ចក្រភពអង់គ្លេស។
«តួនាទីរបស់សហគមន៍អន្តរជាតិគឺសំខាន់ ក៏ប៉ុន្តែវាផ្តើមចេញពីឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំដែរ។ បើលោក Thein Sein មិនមានឆន្ទៈនយោបាយក្នុងការបើកចំហ និងកំណែទម្រង់ ក៏វាមិនទៅរួចដែរ»។
ក៏ប៉ុន្តែ លោកយល់ថា ឆន្ទៈរបស់មេដឹកនាំកូរ៉េខាងជើងក្នុងការផ្លាស់ប្តូរ ដូចជានៅស្រពិចស្រពិលនៅឡើយ បើទោះបីជាមានសម្ពាធពីសហគមន៍អន្តរជាតិយ៉ាងណាក្តី។
«បើយើងក្រឡេកមើលបរិបទនៅកូរ៉េខាងជើងវិញ សូម្បីតែមានសម្ពាធពីបរទេស សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងប្រទេសនៅក្នុងតំបន់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែបើថ្នាក់ដឹកនាំមិនមានឆន្ទៈនយោបាយទេ នោះវាពិបាកនឹងទៅរួច»។
ចាប់តាំងពីឆ្នាំ២០០៥មក សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ចិន និងរុស្ស៊ីមិនចង់ឲ្យកូរ៉េខាងជើងផលិតអាវុធនុយក្លេអ៊ែរទេ ដោយបានបង្កើតកិច្ចចរចា៦ភាគីស្តីកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសកុម្មុយនិស្តនេះ។
ក៏ប៉ុន្តែ លោក DeTrani បានឲ្យដឹងថា ការចរចាជាបន្តបន្ទាប់មិនទទួលបានលទ្ធផលអ្វីទេ ចាប់តាំងពីឆ្នាំ២០០៨មក។ ទោះបីជាយ៉ាងណាក្តី សហរដ្ឋអាមេរិកនៅតែយកចិត្តទុកដាក់ក្នុងការចាប់ផ្តើមការចរចាសារជាថ្មីម្តងទៀតជាមួយនឹងកូរ៉េខាងជើង។ លោកយល់ថា កូរ៉េខាងត្បូងអាចដើរតួនាទីសំខាន់ក្នុងការផ្សះផ្សាជាមួយនឹងកូរ៉េខាងជើង។
«ខ្ញុំយល់ថា កូរ៉េខាងត្បូងចង់ផ្សះផ្សាជាមួយនឹងកូរ៉េខាងជើង ហើយប្រជាពលរដ្ឋកូរ៉េខាងត្បូងកំពុងរង់ចាំការចង់សម្ព័ន្ធភាពជាមួយនឹងប្រជាពលរដ្ឋរបស់កូរ៉េខាងជើង»។
ទាក់ទងនឹងការផ្សះផ្សារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនេះ លោកឈាង វណ្ណារិទ្ធ យល់ថា លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងបានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះ។
«យើងឃើញថា គោលនយោបាយរបស់លោកស្រី Pak Geun-hye គឺមានគោលនយោបាយដើម្បីបង្រួបបង្រួមឧបទ្វីបកូរ៉េ បើប្រៀបធៀបនឹងថ្នាក់ដឹកនាំមុនៗ»។
ក៏ប៉ុន្តែ បើប្រៀបធៀបឥទ្ធិពលចិន និងសហរដ្ឋអាមេរិកមកលើកូរ៉េខាងជើងវិញ លោកជឿថា កូរ៉េខាងជើងអាចទទួលយកការចរចាពីចិនជាជាងពីសហរដ្ឋអាមេរិក។
«ខ្ញុំគិតថា និយាយឲ្យចំទៅ បើអាមេរិកនិយាយទៅ កូរ៉េខាងជើងមិនស្តាប់ទេ ពីព្រោះវាមិនមានជំនឿទុកចិត្តគ្នា។ យើងឃើញថា ប្រទេសចិនក៏កំពុងដាក់សម្ពាធខ្លះៗ។ វាមិនច្រើនទេ គឺថា សម្ពាធនៅមានកម្រិតមួយ ទៅដល់កូរ៉េខាងជើងដែរ ដើម្បីកុំឲ្យកូរ៉េខាងជើងហ្នឹងមានអាវុធនុយក្លេអ៊ែរជាដើម»។
ថ្មីៗនេះ លោក Kim Jong Un មេដឹកនាំប្រទេសកូរ៉េខាងជើង បានទាក់ទងប្រទេសចិន រុស្ស៊ី អឺរ៉ុប និងសមាគមអាស៊ាន។ ហើយចាប់តាំងពីខែឧសភា ឆ្នាំ២០១៤មក រដ្ឋាភិបាលក្រុងព្យុងយាំងបានអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ដោយអនុញ្ញាតឲ្យកសិករមានសិទ្ធិរក្សាទុកទិន្នផលស្រូវរបស់ខ្លួន ហើយនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។
លោក DeTrani យល់ថា មេដឹកនាំកូរ៉េខាងជើងកំពុងស្វែងយល់ពីសារៈសំខាន់នៃការបើកចំហទីផ្សារសេដ្ឋកិច្ចរបស់ខ្លួន។
«លោក Kim Jong Un កំពុងតែធ្វើកំណែទម្រង់សេដ្ឋកិច្ច បង្កើតតំបន់សេដ្ឋកិច្ច ហើយក៏បានទាក់ទងទៅចិនជារឿយៗ និងទៅខាងអឺរ៉ុប និងអាស៊ានផងដែរ»។
បើទោះបីជាយ៉ាងណាក្តី ក៏កូរ៉េខាងជើងទំនងជានឹងមិនបោះបង់ចោលគម្រោងអាវុធនុយក្លេអ៊ែរបស់ខ្លួនទេ ហើយលោក DeTrani យល់ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុនមិនទទួលយកបានទេ ហើយចិន និងរុស្ស៊ីក៏ទំនងជាមិនអាចទទួលយកដែរ៕