ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានហៅម្យ៉ាងទៀតថាភូមា បានបញ្ឈប់គម្រោងសាកល្បងថ្នាក់ជាតិរបស់ខ្លួនក្នុងការបញ្ជាក់សញ្ជាតិរបស់ក្រុមឥស្លាមភាគតិចនៅក្នុងខេត្ត Rakhine ភាគខាងលិច។
អភិបាលរដ្ឋ Rakhine លោក Maung Maung Ohn បានប្រាប់វីអូអេផ្នែកភាសាភូមាថា ចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមកាលពីឆ្នាំមុនមក មានតែជនឥស្លាម៤០នាក់គត់ត្រូវបានផ្តល់ជូនសញ្ជាតិ ហើយជនឥស្លាមជាងពីររយនាក់ផ្សេងទៀតត្រូវបានផ្តល់ត្រឹមតែសញ្ជាតិបណ្ណោះអាសន្នប៉ុណ្ណោះ ពីព្រោះមានតែអ្នកដែលបង្ហាញថាខ្លួនជាជន Bengali ប៉ុណ្ណោះដែលត្រូវគេទទួលយក។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពនៅខេត្ត Rakhine មានសភាពស្មុគស្មាញណាស់។ ដំណើរការបញ្ជាក់សញ្ជាតិមានការពិបាកពីព្រោះដោយសារតែអ្នកដាក់ពាក្យស្នើសុំបានប្រើប្រាស់អត្តសញ្ញាណដែលមិនមាននៅក្នុងប្រទេសនេះ»។
ជនឥស្លាមភាគច្រើននៅក្នុងខេត្តនេះ ចាត់ទុកខ្លួនឯងថាជាក្រុម Rohingya ជាឈ្មោះដែលរដ្ឋាភិបាលបានបដិសេធមិនទទួលយក ដោយយល់ថា ជន Rohingya គឺជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសបង់ក្លាដេស ហើយបានហៅពួកគេថាជាក្រុម Bengaliជំនួសវិញ។ ក្រុមមន្រ្តីបាននិយាយថា ដំណើរការបញ្ជាក់សញ្ជាតិត្រូវបានធ្វើឡើងដោយប្រើច្បាប់ដែលបានអនុម័តកាលពីឆ្នាំ១៩៨២ ដែលនៅក្នុងច្បាប់នោះ គេបានហាមប្រាមមិនឲ្យមានការចុះសញ្ជាតិជនដែលប្រើសញ្ជាតិ Rohingya ជំនួស Bengali។
លោក Shwe Maung សមាជិកសភាឥស្លាមមកពីភាគខាងលិចនៃខេត្ត Rakhine មានប្រសាសន៍ថា ប្រហែលជាមានដំណោះស្រាយជុំវិញបញ្ហានេះ។
លោកបានបន្តថា៖ «ខ្ញុំចង់ចង្អុលបង្ហាញថា យើងគួរតែសម្លឹងមើលជំនាន់មនុស្សដែលកាន់អត្តសញ្ញាណប័ណ្ណបណ្តោះអាសន្ន។ បញ្ហានេះអាចត្រូវបានដោះស្រាយតែក្នុងរយៈពេលខ្លីប៉ុណ្ណោះបើសិនជាអ្នកកាន់អត្តសញ្ញាណប័ណ្ណបណ្តោះអាសន្នហើយឪពុកម្តាយរបស់ពួកគេកាន់អត្តសញ្ញាណប័ណ្ណបណ្តោះអាសន្នដូចគ្នា ត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំសញ្ជាតិដោយគ្រាន់តែប្រើនីតិវិធីធម្មតា ជាជាងប្រើប្រាស់គម្រោងមួយជាក់លាក់»។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិបានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលដែលបដិសេធនសញ្ជាតិរបស់ក្រុម Rohingya ព្រមទាំងរឹតបណ្តឹងការធ្វើដំណើររបស់ពួកគេ។
អំពើហិង្សារវាងអ្នកកាន់សាសនាព្រះពុទ្ធភាគច្រើនជាមួយជនភាគតិចកាន់សាសនាឥស្លាម បានសម្លាប់មនុស្ស២៤០នាក់ ហើយបានបង្ខំមនុស្សប្រហែល១៤ម៉ឺននាក់ឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១២មក។ ភាគច្រើននៃអ្នកស្លាប់និងអ្នកបាត់បង់ទីជម្រក គឺជាជនមូស្លីម Rohingya នៅខេត្ត Rakhine ភាគខាងលិច៕
រាយការណ៍ដោយមានកិច្ចសហការជាមួយការផ្សាយនៃវីអូអេផ្នែកភាសាភូមា។
ប្រែសម្រួលដោយ នៀម ឆេង