ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ខួប​​នៃ​​ការ​ដណ្តើម​អំណាច​​ដោយ​យោធា​មីយ៉ាន់ម៉ា ​ត្រូវ​កត់​សម្គាល់​ដោយ​កូដកម្ម​និង​ការព្រួយ​កង្វល់​របស់​អន្តរជាតិ


សកម្មជន​ និង​ព្រះសង្ឃ​ចូលរួមធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា នៅទីក្រុង​ Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០២២។

ពួក​ប្រឆាំង​ការគ្រប់គ្រង​ពួក​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រារព្ធ​ខួប​នៃ​ការរឹបអូស​យក​អំណាច​របស់​ពួក​យោធា​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ឆ្នាំ​មុន​ ដោយ​ការធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេសនៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​បង្ហាញនូវ​កម្លាំង​និង​សាមគ្គីភាព​របស់​ខ្លួន​នៅ​ពេល​ដែល​មាន​ការព្រួយ​បារម្ភ​អំពី​អ្វី​ដែលបាន​ក្លាយ​ជា​ជម្លោះហិង្សាដើម្បី​ដណ្តើមអំណាច​កាន់​តែ​ខ្លាំង។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

«កូដកម្ម​ស្ងាត់ស្ងៀម» មួយ​បាន​ធ្វើ​ឲ្យ​គ្មាន​មនុស្ស​ដើរ​នៅ​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​និង​ទីប្រជុំជន​របស់​មីយ៉ាន់ម៉ា​ ដោយ​មនុស្ស​ស្ថិត​នៅ​ផ្ទះ​ហើយ​កន្លែង​ធ្វើ​អាជីវកម្ម​បិទ​ទ្វារ​ចាប់តាំង​ពី​ម៉ោង​១០​ព្រឹក​រហូត​ដល់​ម៉ោង៤​រសៀល។

នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​និង​ទីកន្លែង​ផ្សេង​ទៀត រូបថត​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម បាន​បង្ហាញ​ថា តាម​ផ្លូវ​ដែល​ជា​ធម្មតាមមាញឹក​ នៅ​ពេល​នេះ​ស្ទើរ​តែ​គ្មាន​មនុស្ស។

ខួប​នេះ​ក៏​បាន​ទាក់ទាញ​ការយក​ចិត្តទុកដាក់​ពី​អន្តរជាតិ ជាពិសេស​ពី​ប្រទេស​លោក​ខាង​លិច​ដូច​ជា​សហរដ្ឋ​អាមេរិក​ដែល​បាន​រិះគន់​ពី​ការ​ដណ្តើម​កាន់កាប់​អំណាច​របស់​យោធា។

នៅ​ក្នុង​សារ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អំពាវនាវ​ឲ្យ​ពួក​យោធា​ប្រែក្រឡាស់​ចំណាត់ការ​របស់​ខ្លួន ដោះលែង​មេដឹកនាំ​ស៊ីវិល​ដែល​បណ្តេញ​ចេញ​ពី​អំណាច​គឺ​លោក​ស្រី Aung San Suu Kyi ហើយ​នឹង​អ្នក​ទោស​ផ្សេងៗ​ទៀត​និង​ចូលរួម​នៅ​ក្នុង​ការ​សន្ទនា​ប្រកប​ដោយ​ខ្លឹមសារ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ឆ្ពោះ​ទៅកាន់​មាគ៌ា​ប្រជាធិបតេយ្យ​វិញ៕

XS
SM
MD
LG