កំណត់និពន្ធ៖ អត្ថបទនេះគឺជាការបកប្រែពីអត្ថបទដើមជាភាសាអង់គ្លេសដែលផ្សាយលើវេបសាយ Polygraph។ Polygraph គឺជាវេបសាយផ្ទៀងផ្ទាត់ការពិតដែលបង្កើតឡើងដោយ Voice of America (VOA)។ វេបសាយនេះត្រូវបានរៀបរៀងឡើងជាភាសាអង់គ្លេស (polygraph.info) ដើម្បីធ្វើជាប្រភពមួយសម្រាប់ផ្ទៀងផ្ទាត់ការពិតនៃខ្លឹមសារព័ត៌មានណា ដែលមានលក្ខណៈមិនពិត និងមិនត្រឹមត្រូវ។
អានអត្ថបទនេះជាភាសាអង់គ្លេស
កាលពីថ្ងៃទី ៧ ខែមករាកន្លងទៅនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ ដោយលោកបានជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់មេដឹកនាំបរទេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីពេលដែលយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក។
ដំណើរទស្សនកិច្ចនេះមានឥទ្ធិពលសំខាន់ ដោយសារតែកម្ពុជាបានបន្តវេនជាប្រធានសមាគមអាស៊ាន (ASEAN) កាលពីខែតុលា ឆ្នាំ ២០២១។ អាស៊ានបានដឹកនាំកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្រោយរដ្ឋប្រហារ។
កាលពីខែតុលា ឆ្នាំ ២០២១ មីយ៉ាន់ម៉ាមិនត្រូវបានអនុញ្ញាតឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដោយសារខកខានមិនបានអនុវត្តតាមចំណុចឯកភាពចំនួន ៥ ដែលជាផែនការរបស់អាស៊ានក្នុងការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាថាជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាស៊ានដើម្បីសន្តិភាព។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ចនេះបានបង្កឲ្យមានការតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រាប់បែកត្រូវបានបំផ្ទុះនៅក្បែរស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅក្នុងទីក្រុងរ៉ង់ហ្គូន (Yangon)។
ក្រុមអ្នករិះគន់បានចោទប្រកាន់លោក ហ៊ុន សែន ថាបានផ្តល់ការទទួលស្គាល់ជាផ្លូវការដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា តែលោក ហ៊ុន សែន បានច្រានចោលការចោទប្រកាន់នេះ។
សារព័ត៌មាន Fresh News ដែលមានទំនោរទៅរករដ្ឋាភិបាលកម្ពុជា បានរាយការណ៍ថា លោក ហ៊ុន សែន «មិនប្រកាន់ចំពោះ» ពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនដែលប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់លោកនៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះទេ និងថាបេសកកម្មរបស់លោកគឺដើម្បី «ជួយឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាចៀសផុតពីភ្លើងសង្គ្រាមស៊ីវិល»។
សារព័ត៌មាន Fresh News បានដកស្រង់សម្តីរបស់លោក ហ៊ុន សែន ដែលបាននិយាយថា៖ «ខ្ញុំមិនប្រកាន់ទោសអូសដំណើរជាមួយនឹងបងប្អូនមីយ៉ាន់ម៉ាទេ។ មានដុតរូបថតខ្ញុំ មានជាន់រូបថតខ្ញុំ មានគូសស្អីៗ។ ប៉ុន្តែ អ្នកត្រូវឃើញថា ជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាមដោយតួនាទីរបស់អាស៊ាន [ដែល] ក្នុងហ្នឹង [រួមមានទាំង] គំនិតផ្ដួចផ្ដើមក្នុងដំណើរទស្សនកិច្ចដែលខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា [ផងដែរ]»។
លោកបានបន្តថា៖ «មេដឹកនាំមីយ៉ាន់ម៉ាយល់ព្រមធ្វើរឿងនេះ [ប្រកាសបទឈប់បាញ់] មិនមែនជារឿងបញ្ហាធម្មតាពេកទេ»។
សារព័ត៌មាន Fresh News បានលើកឡើងបន្ថែមថា លោក ហ៊ុន សែន បានជំរុញ «គ្រប់ភាគីទាំងអស់» ឲ្យ «ប្រកាន់ការអត់ធ្មត់ជាអតិបរមា» ដើម្បីឲ្យប្រទេសមីយ៉ាន់ម៉ាអាចគេចផុតពីសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់។
យ៉ាងណាមិញ មានភស្តុតាងតិចតួចណាស់ដែលថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬ «បទឈប់បាញ់» របស់មីយ៉ាន់ម៉ា នឹងជំរុញឲ្យមានសន្តិភាពពិតប្រាកដនោះ។ វាក៏ជាការយល់ខុសផងដែរក្នុងការចាត់ទុកអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាថាជាសង្គ្រាមស៊ីវិលរវាងក្រុមពលរដ្ឋដែលប្រឆាំងគ្នា។
ផ្ទុយទៅវិញ ការតវ៉ារបស់ប្រជាពលរដ្ឋប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាគឺដោយសារការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត និងដោយសារឆន្ទៈរបស់យោធានៅក្នុងការប្រើកម្លាំងដើម្បីក្តោបក្តាប់អំណាចគ្រប់គ្រងរបស់ខ្លួនមិនតាមបែបប្រជាធិបតេយ្យ។
កាលពីខែកញ្ញា ឆ្នាំ ២០២១ យោធាមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់រយៈពេល ៥ ខែ ជាមួយបណ្តាញក្រុមប្រដាប់អាវុធជនជាតិភាគតិច (Ethnic Armed Organizations (EAOs))។ ក្នុងអំឡុងទស្សនកិច្ចរបស់លោក ហ៊ុន សែន យោធាមីយ៉ាន់ម៉ាបានប្រកាសពន្យារបទឈប់បាញ់នេះរហូតដល់ចុងឆ្នាំ ២០២២។
បណ្តាញក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលមានប្រភពចេញពីសហគមន៍ជនជាតិភាគតិចជាច្រើនក្រុមនៅមីយ៉ាន់ម៉ា គ្រប់គ្រងដែនដីមួយភាគបីនៃប្រទេសមីយ៉ាន់ម៉ា។ ជាទូទៅ ក្រុមនេះបានតស៊ូប្រឆាំងដើម្បីឯករាជ្យភាព ស្វ័យភាពធំជាងមុន ការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ដែនដីកំណើតរបស់បុព្វបុរសពួកគេ និងការមានតំណាងនិងសិទ្ធិប្រសើរជាងមុននៅក្នុងសង្គមនិងនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក៏ប៉ុន្តែ អ្នកវិភាគនានាជឿថា ការសម្រេចចិត្តនៅក្នុងការបន្តបទឈប់បាញ់ជាមួយបណ្តាញក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលក្រុមខ្លះតស៊ូដើម្បីឯករាជ្យភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ គឺដើម្បី «មិនដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី។
ក្រុមអ្នកវិភាគអះអាងថា ការធ្វើបែបនេះនឹងអនុញ្ញាតឲ្យយោធាមីយ៉ាន់ម៉ាលុបបំបាត់ក្រុមជីវពលនៃកងកម្លាំងការពារប្រជាជន (People's Defense Force (PDF)) ដែលជាយោធារបស់រដ្ឋាភិបាលឯកភាពជាតិ (National Unity Government)។ រដ្ឋាភិបាលឯកភាពជាតិដែលកំពុងនិរទេសខ្លួននេះ បានបង្កើតឡើងកាលពីខែមេសា ឆ្នាំ ២០២១ នៅក្រោយរដ្ឋប្រហារយោធា និងបានអះអាងខ្លួនឯងថាជារដ្ឋាភិបាលស្របច្បាប់របស់មីយ៉ាន់ម៉ា។
នៅមីយ៉ាន់ម៉ា មានក្រុមជាច្រើននៃបណ្ដាញក្រុមប្រដាប់អាវុធជនជាតិភាគតិច ប៉ុន្តែ មានតែ ១០ ក្រុមប៉ុណ្ណោះដែលបានចុះហត្ថលេខាលើបទឈប់បាញ់នេះ។
បទឈប់បាញ់នេះត្រូវបានប្រកាសក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពីរដ្ឋាភិបាលឯកភាពជាតិបានអំពាវនាវឲ្យពលរដ្ឋក្រោកឈរប្រឆាំង។ ទោះបីជាមានបទឈប់បាញ់នេះក្ដី ក៏យោធាមីយ៉ាន់ម៉ានៅតែបន្តបង្កអំពើហិង្សាបន្ថែមទៀត។
កាលពីខែធ្នូ ឆ្នាំ ២០២១ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់ បានបង្ហាញសេចក្ដីតក់ស្លុតចំពោះព្រឹត្តិការណ៍វាយប្រហារថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ លើពលរដ្ឋនៅក្នុងរដ្ឋ Kayah (ដែលត្រូវបានស្គាល់ថាជារដ្ឋ Karen)។ ការវាយប្រហារនោះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៥ នាក់ស្លាប់ ដែលក្នុងនោះរួមមានទាំងកុមារនិងបុគ្គលិកមនុស្សធម៌ផងដែរ។
ស្របពេលនោះដែរ ការវាយប្រហារតាមអាកាសលើរដ្ឋ Kayah បានបង្ខំឲ្យមនុស្សរាប់រយនាក់រត់ភៀសខ្លួនទៅកាន់ប្រទេសថៃ ដែលជាប្រទេសជិតខាង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការវាយប្រហារទាំងនេះ និងការវាយប្រហារផ្សេងៗទៀត បានជំរុញឲ្យបេសកជនពិសេសរបស់អង្គការសហប្រជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បង្ហាញក្តីព្រួយបារម្ភជាខ្លាំងអំពីអំពើហិង្សាដែលរីករាលដាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមអង្គការសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់មីយ៉ាន់ម៉ា មនុស្ស ១.៤៦១ នាក់ត្រូវបានសម្លាប់ដោយយោធា ចាប់តាំងពីរដ្ឋប្រហារមក។ ការធ្វើទារុណកម្មដោយមានការគាំទ្រពីរដ្ឋាភិបាលយោធា ការបាត់ខ្លួន ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការសម្លាប់រង្គាលលើក្រុមដែលប្រឆាំងនឹងការដឹកនាំរបស់យោធា បានបន្តកើតឡើងឥតឈប់ឈរ។
ការស៊ើបអង្កេតមួយរបស់សារព័ត៌មាន Associated Press កាលពីខែធ្នូ ឆ្នាំ ២០២១ បានរកឃើញថា យោធាមីយ៉ាន់ម៉ាកំពុងពឹងផ្អែកលើយុទ្ធសាស្ត្រ «សម្លាប់រង្គាលនិងកម្ទេចធនធាន ដូចជាការដុតបំផ្លាញភូមិនានាទាំងស្រុងជាដើម» ដើម្បីគាបសង្កត់បែបហិង្សាលើក្រុមពលរដ្ឋប្រឆាំង។
ក្នុងនាមជាប្រធានអាស៊ាន លោក ហ៊ុន សែន បានចៀសពីចំណុចបង្អាក់ដ៏សំខាន់មួយ ដែលចំណុចនោះបានបណ្ដាលឲ្យមានការផាត់មីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំកំពូលអាស៊ានកាលពីខែតុលា។ ចំណុចបង្អាក់នោះគឺការបដិសេធរបស់របបយោធាមីយ៉ាន់ម៉ានៅក្នុងការមិនអនុញ្ញាតឲ្យក្រុមការងាររបស់បេសកជនពិសេសអាស៊ានជួបជាមួយ «ភាគីពាក់ព័ន្ធទាំងអស់» នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក ហ៊ុន សែន មិនបានស្នើសុំជួបជាមួយអ្នកស្រី Aung San Suu Kyi ដែលជាមេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ពីតំណែងនោះទេ។ កាលពីថ្ងៃទី ១០ ខែមករា អ្នកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ថែមទៀត គឺក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន។
កាលពីខែធ្នូ ឆ្នាំមុន អ្នកស្រី Suu Kyi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទញុះញង់និងបំពានវិធានការរឹតត្បិតក្នុងអំឡុងវិបត្តិកូវីដ១៩។ ក្រោយមក លោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា បានបន្ថយទោសនោះមកត្រឹម ២ ឆ្នាំវិញ។
លោក ហ៊ុន សែន បានចាត់ទុកការខកខានមិនបានជួបជាមួយនឹងក្រុមប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ថាជាវិធីសាស្ត្រមួយដើម្បីកុំឲ្យមានការដាក់លក្ខខណ្ឌជាមុន មុនពេលមានការចរចា។
អ្នកខ្លះបានអះអាងថា លោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក និងដែលបានប្រែក្លាយកម្ពុជាឲ្យក្លាយជារដ្ឋដែលស្ថិតក្រោមការដឹកនាំរបស់គណបក្សតែមួយនោះ កំពុងគាំទ្រសម្ព័ន្ធមិត្តផ្ដាច់ការរបស់លោក។
លោក Charles Santiago ប្រធានបណ្ដាញតំណាងរាស្ត្រអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights (APHR)) បានចោទលោក ហ៊ុន សែន ថាកំពុងប្រើយុទ្ធសាស្ត្រ «ការទូតបែបគឃ្លើន» និង «កំពុងបំផ្លាញ» គោលជំហររបស់អាស៊ាននៅក្នុងចំណុចឯកភាពចំនួន ៥។
លោក Santiago បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សេចក្តីថ្លែងការណ៍រួមគ្នាដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រីកម្ពុជា [លោក ហ៊ុន សែន] ជាមួយនឹងមេដឹកនាំរបបយោធាខុសច្បាប់លោក Min Aung Hlaing គឺជាការប៉ុនប៉ងក្នុងផ្លូវខុសនិងប្រកបដោយគ្រោះថ្នាក់ ដើម្បីបង្ហាញឲ្យឃើញបែបបំភាន់ភ្នែកអំពីដំណោះស្រាយមួយ ដែលតាមការពិត សកម្មភាពឯកតោភាគីរបស់លោក [ហ៊ុន សែន] បានធ្វើឲ្យអានុភាពរួមរបស់អាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ចុះខ្សោយកាន់តែខ្លាំង»។
លោក Santiago ថ្លែងបន្ថែមថា៖ «នេះគឺជាសកម្មភាពដ៏ឥតញញើតមួយរបស់មេដឹកនាំទាំងពីររូបនេះ ដោយមិនខ្វល់ពីអាស៊ាន ដើម្បីគោលបំណងបែបផ្តាច់ការរបស់ខ្លួន ដោយធ្វើឲ្យអន្តរាយដល់ការតស៊ូរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»។
លោក Santiago បានស្នើឲ្យប្រទេសសមាជិកអាស៊ានទាំង ៨ ផ្សេងទៀត «បញ្ជាក់ឲ្យបានច្បាស់អំពីគោលជំហររបស់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍មួយគាំទ្រការវិលត្រឡប់មកវិញនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា» ដើម្បីកុំឲ្យមានការសន្និដ្ឋានថា ពួកគេគប់គិត «ជាមួយនឹងគោលបំណងដែលមើលឃើញជាក់ស្ដែងរបស់លោក ហ៊ុន សែន នៅក្នុងការបំផ្លាញអានុភាពរបស់អាស៊ាន ជាមួយនឹងរបបយោធា [មីយ៉ាន់ម៉ា]»។
លោក Ong Keng Yong ដែលជាអ្នកការទូតសិង្ហបុរី និងជាអតីតអគ្គលេខាធិការអាស៊ាន ក៏យល់ថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នេះ មានគុណសម្បត្តិតិចតួចប៉ុណ្ណោះ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះថាជាការប៉ុនប៉ងដើម្បីផ្ដល់ការទទួលស្គាល់ជាផ្លូវការលើមេដឹកនាំយោធាមីយ៉ាន់ម៉ា។
លោកបានថ្លែងដូច្នេះថា៖ «សេចក្តីថ្លែងការណ៍ដែលពួកគេបានចេញផ្សាយគឺគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះ ប៉ុន្តែគ្មានអ្វីដែលមានប្រយោជន៍នៅក្នុងការដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ននៅមីយ៉ាន់ម៉ានោះទេ។ យុទ្ធសាស្ត្ររបស់កម្ពុជាតាមរយៈដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នេះ គឺជាទង្វើបិទបាំងមួយដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជាអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានតែប៉ុណ្ណោះ»។
សារព័ត៌មាន Fresh News បានរាយការណ៍ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន លោក Min Aung Hlaing បានសុំលោក ហ៊ុន សែន ធ្វើជា «បងប្រុសធម៌»។ នេះគឺជាការគូសបញ្ជាក់អំពីទស្សនៈដែលយល់ឃើញថា លោក ហ៊ុន សែន កំពុងធ្វើការដើម្បីគាំទ្រមេដឹកនាំយោធាមីយ៉ាន់ម៉ា។
លោក Zaw Tuseng ដែលជាស្ថាបនិកនិងជាប្រធានអង្គការផ្តួចផ្តើមគោលនយោបាយមីយ៉ាន់ម៉ា (Myanmar Policy Initiative (MPI)) បានបញ្ជាក់នៅក្នុងអត្ថបទបញ្ចេញមតិមួយនៃវេបសាយព័ត៌មាន Irrawaddy កាលពីខែសីហា ឆ្នាំ ២០២១ ថា ជម្លោះបច្ចុប្បន្ននៅមីយ៉ាន់ម៉ា មិនមែនជាសង្គ្រាមដោយផ្ទាល់ក្នុងសមរភូមិ សង្គ្រាមស៊ីវិល ឬការបះបោរនោះទេ ប៉ុន្តែជា «ការងើបតវ៉ាប្រឆាំងទូទាំងប្រទេស»។
លោកបានសរសេរដូច្នេះថា៖ «វាគឺជាការកម្រណាស់នៅក្នុងការឃើញប្រទេសមួយ ដែលប្រជាជនទូទៅមិនស្ទាក់ស្ទើរនៅក្នុងការប្រឆាំងនឹងស្ថាប័នមួយ។ ការគំរាមកំហែងដ៏ធំបំផុតដែលយោធា [មីយ៉ាន់ម៉ា] ប្រឈម គឺមិនមែនក្រុមយោធាមួយផ្សេងទៀតនោះទេ ប៉ុន្តែគឺប្រជាពលរដ្ឋដែលយល់ឃើញរួមគ្នាថា យោធាគឺជាបញ្ហា»។
ភស្តុតាងជាក់ស្ដែងដែលគាំទ្រការលើកឡើងដូចនេះ គឺជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy) របស់អ្នកស្រី Aung San Suu Kyi នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ ២០២០ លើគណបក្សសហភាពសាមគ្គីភាពនិងអភិវឌ្ឍន៍ (Union Solidarity and Development Party) ដែលជាសម្ព័ន្ធមិត្តរបស់យោធា។
យោធាមីយ៉ាន់ម៉ាបានបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ាទ្រង់ទ្រាយធំ ការធ្វើកូដកម្ម និងទម្រង់តវ៉ាប្រឆាំងផ្សេងៗទៀតរបស់ពលរដ្ឋ ដែលកើតមានឡើងដោយសាររដ្ឋប្រហាររបស់យោធា។ ករណីនេះបានបណ្ដាលឲ្យមានការតស៊ូប្រឆាំងបែបប្រដាប់អាវុធរបស់ពលរដ្ឋ៕