ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​យក​ព័ត៌មានReuters​ដែល​ជាប់​ពន្ធនាគារ​នៅ​ភូមា​ទទួល​បាន​មេដាយ​ចំពោះ​ភាព​ក្លាហាន


រូបឯកសារ៖ អ្នក​កាសែត​ Reuters លោក Wa Lone (កណ្ដាល ជួរមុខ) និង​លោក Kyaw Soe Oo (កណ្ដាល ជួរក្រោយ) ត្រូវ​បាន​នាំ​មក​សវនាការ​កាល​ពី​ថ្ងៃទី​២០​ មេសា ២០១៨ នៅ​តុលាការ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។ (រូបថត AP)
រូបឯកសារ៖ អ្នក​កាសែត​ Reuters លោក Wa Lone (កណ្ដាល ជួរមុខ) និង​លោក Kyaw Soe Oo (កណ្ដាល ជួរក្រោយ) ត្រូវ​បាន​នាំ​មក​សវនាការ​កាល​ពី​ថ្ងៃទី​២០​ មេសា ២០១៨ នៅ​តុលាការ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា។ (រូបថត AP)

អ្នក​កាសែត​ទាំង​ពីរ​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «‍មាន​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ដោយ​ខុសច្បាប់»។

អ្នក​យក​ព័ត៌មាន​ពីរ​នាក់​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ភូមា​ ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​មេដាយ Don Bolles ពី​អង្គការ​អ្នក​សារព័ត៌មាន​និង​បណ្ណាធិការ​ព័ត៌មាន​ស៊ើបអង្កេត (Investigative Reporters and Editors)។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​IRE នេះ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នក​យក​ព័ត៌មានReuters ទាំង​ពីរ​នាក់​នោះ គឺ​លោក Wa Lone និង​លោក Kyaw Soe Oo ដែល​បាន​ជាប់​ពន្ធនាគារ​ចាប់តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧​មក ដោយសារ​តែ​ការ​រាយការណ៍​ព័ត៌មាន​របស់​ពួកគេ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ភូមា។​

​អង្គការ ​IRE ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ ​Missouri សហរដ្ឋ​អាមេរិក​នេះ បាន​រៀបរាប់​ថា ​មេដាយ Don Bolles នេះ ទទួល​ស្គាល់​អ្នកសារព័ត៌មាន​ស៊ើបអង្កេត ដែល​បាន​បង្ហាញ​ភាព​ដ៏​អង់អាច​ក្លាហាន​ក្នុង​ការ​ប្រឆាំង​នឹង​ការ​សម្លុត​ឬ​ការ​ខិតខំ​ណាមួយ ដើម្បី​លាក់បាំង​ការ​ពិត​អំពី​បញ្ហា​នានា ដែល​មាន​សារៈសំខាន់​សម្រាប់​សាធារណជន។

អ្នក​យក​ព័ត៌មានReuters ទាំង​ពីរ​នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ពេល​ដែល​ពួកគេ​ទាំង​ពីរ កំពុង​ស៊ើបអង្កេត​ករណី​សម្លាប់​រង្គាល​បុរស​និង​ក្មេង​ប្រុស​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​រដ្ឋ Rakhine របស់​ភូមា កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧។ ការ​សម្លាប់​រង្គាល​នោះ កើតឡើង​ក្នុង​ពេល​មាន​ការ​បង្ក្រាប​មួយ​ដោយ​កងទ័ព​ភូមា ដោយ​បណ្ដាល​ឱ្យ​ប្រជាជន​៧​សែន​នាក់​ នាំ​គ្នា​ភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដេស។ នេះ​បើ​យោង​តាមអង្គការ​សហប្រជាជាតិ។​

អ្នក​កាសែត​ទាំង​ពីរ​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «‍មាន​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបាល​ដោយ​ខុសច្បាប់»។

ប្រធាន​អង្គការ​ IRE ​គឺ​លោកMatt Goldberg មាន​ប្រសាសន៍​ថា «‍អ្នក​កាសែត​ដែល​មាន​ការ​ប្តូរផ្តាច់​នឹង​វិជ្ជាជីវៈទាំង​ពីរ​នាក់​នេះ ចាប់អារម្មណ៍​ទៅលើ​កត្តា​តែ​ម្យ៉ាង​គត់ ​នោះ​គឺ​ការ​ពិត»។

មេដាយ Don Bolles នឹង​ត្រូវ​បាន​ទទួល​ជំនួស​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់ដោយ​អ្នក​តំណាង​ទីភ្នាក់ងារ​Reuters​នៅ​ឯ​សន្និសីទ​ជាតិ​ប្រចាំ​ឆ្នាំ​របស់​អង្គការ IRE ក្នុង​ទីក្រុង​Orlandoរដ្ឋ​ហ្វ្លរីដា សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១៦​ខែ​មិថុនា​នេះ៕​

XS
SM
MD
LG