កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្កោលទោសការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ដែលបានធ្វើឲ្យមនុស្សជាង ១០០ នាក់ស្លាប់ ដែលនេះគឺជាការស្លាប់នៅក្នុងថ្ងៃបង្ហូរឈាមដ៏ខ្លាំងបំផុតចាប់តាំងពីថ្ងៃរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈមក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Biden បានហៅការបង្ក្រាបនោះថា «ពិតជាហួសហេតុ»។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា មនុស្សយ៉ាងតិច ១០៧ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលរបបយោធា បានរៀបចំការបង្ហាញកម្លាំងដ៏ខ្លាំងក្លានៅទិវាកងទ័ពប្រចាំឆ្នាំ។
លោកប្រធានាធិបតី Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «វាពិតជាហួសហេតុ។ បើផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួល មនុស្សជាច្រើនត្រូវបានសម្លាប់»។
ចំនួនមនុស្សស្លាប់ដោយសារការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាតាំងពីថ្ងៃទី ១ ខែកុម្ភៈមក បានកើនឡើងដល់យ៉ាងតិច ៤៥៩ នាក់។ នេះបើយោងតាមទិន្នន័យរបស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners (AAPP))៕