ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​ជាតិ Karen ថា ទាហាន​មីយ៉ាន់ម៉ា​វាយប្រហារ​តាម​ផ្លូវ​អាកាស​នៅ​ក្នុង​រដ្ឋ Karen


ពលរដ្ឋ​ស្វែង​រក​ជម្រក​នៅ​ទីតាំង​មួយ​ដែល​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​រដ្ឋ Karen ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
ពលរដ្ឋ​ស្វែង​រក​ជម្រក​នៅ​ទីតាំង​មួយ​ដែល​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​រដ្ឋ Karen ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

យន្ដហោះ​ចម្បាំង​របស់​យោធា​មីយ៉ាន់ម៉ា​បាន​វាយប្រហារ​តាម​ផ្លូវ​អាកាស​កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​លើ​ភូមិ​មួយ​នៅ​ក្បែរ​ព្រំប្រទល់​ប្រទេស​ថៃ នៅ​ក្នុង​ដែនដី​ដែល​ត្រួតត្រា​ដោយ​ក្រុម​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ភាគ​តិច​មួយ​ក្រុម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហភាព​ជាតិ Karen (Karen Natioanl Union)។

ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច​កើនឡើង​ថា​អាច​មាន​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា តាំងពី​ពេល​ដែល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ខែ​មុន​មក។

សហភាព​ជាតិ Karen ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​ជាតិ​សាសន៍​ភាគ​តិច ដែល​ត្រួតត្រា​តំបន់​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​ឲ្យ​ដឹង​ថា យន្ដហោះ​ចម្បាំង​មួយ​ចំនួន​បាន​វាយប្រហារ​តំបន់ Day Pu No ក្នុង​ស្រុក Papun ដែល​ជា​តំបន់​មួយ​គ្រប់គ្រង​ដោយ​កងកម្លាំង​កងពល​តូច​ទី៥ របស់​ខ្លួន នៅ​វេលា​ម៉ោង​ប្រមាណ ៨ យប់។ ការ​វាយប្រហារ​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​ភូមិ​ជម្លៀស​ខ្លួន​ចេញ។

អ្នក​នាំពាក្យ​របស់​អង្គការ​សង្គមស៊ីវិល​មួយ​ដែល​មាន​ឈ្មោះ​ថា​បណ្ដាញ​គ្រប់គ្រង​សន្ដិភាព Karen (Karen Peace Support Network) បាន​ថ្លែង​ថា៖ «ពួកគេ [យោធា] បាន​ទម្លាក់​គ្រាប់​បែក​នៅ​តំបន់​នោះ។ ...អ្នក​ភូមិ​នៅ​តំបន់​នោះ​បាន​និយាយ​ថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់ ហើយ​ពីរ​នាក់​ទៀត​រងរបួស»។

អ្នក​នាំពាក្យ​រូប​នោះ​បាន​ថ្លែង​ទៀត​ថា ការ​ទំនាក់ទំនង​នៅ​តំបន់​នោះ​មាន​ការ​លំបាក​ដោយសារ​តែ​តំបន់​នោះ​ជា​តំបន់​ដាច់ស្រយាល ហើយ​ថា អាច​នឹង​មាន​ជនរងគ្រោះ​ច្រើន​ជាង​នេះ​ទៀត។

អ្នក​នាំពាក្យ​របស់​យោធា​មីយ៉ាន់ម៉ា​មិន​បាន​លើក​ទូរស័ព្ទ​ដែល​ស្នើ​សុំ​យោបល់​ជុំវិញ​រឿង​នេះ​នោះ​ទេ។

ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ដែល​ត្រូវ​បាន​រាយការណ៍​នេះ គឺ​ជា​ការ​វាយប្រហារ​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​នេះ​ក្នុង​រយៈពេល​រាប់​ឆ្នាំ​កន្លង​មក​នេះ។

សហភាព​ជាតិ Karen បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់​ប្រយុទ្ធ​គ្នា​កាលពី​ឆ្នាំ ២០១៥ ប៉ុន្តែ​ភាព​តានតឹង​បាន​កើនឡើង បន្ទាប់ពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី Aung San Suu Kyi កាល​ពី​ថ្ងៃទី១ ខែកុម្ភៈ​មក។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ សហភាព​ជាតិ Karen បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​កងពល​តូច​ទី ៥ របស់​ខ្លួន បាន​វាយលុក​មូលដ្ឋាន​យោធា​មួយ​កន្លែង ដោយ​បាន​សម្លាប់​ទាហាន​ចំនួន ១០ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​វរសេនីយ៍ទោ​ម្នាក់​ផង​ដែរ នៅ​ពេល​ដែល​របប​យោធា​បាន​ប្រារព្ធ​ទិវា​កងកម្លាំង​យោធា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​មាន​ការ​ដើរ​ដង្ហែ​ក្បួន​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ។

សហភាព​ជាតិ Karen បាន​បញ្ជាក់​ថា ខ្លួន​បាន​ផ្ដល់​ទីជម្រក​ដល់​មនុស្ស​រាប់​រយ​នាក់ ដែល​បាន​រត់​ភៀសខ្លួន​ពី​តំបន់​ភាគ​កណ្ដាល​ប្រទេស​មីយ៉ាន់ម៉ា ស្រប​ពេល​ដែល​មាន​ការ​កើនឡើង​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។

កងកម្លាំង​យោធា​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​អស់​រាប់​សិប​នាក់​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​រួម​មាន​ទាំង​កុមារ​ផង​ដែរ ដែល​នេះ​គឺ​ជា​ថ្ងៃ​ដែល​មាន​ការ​សម្លាប់​បាតុករ​ច្រើន​បំផុត​មួយ​តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន និង​សាក្សី​នានា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG