កងទ័ពមីយ៉ាន់ម៉ាបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានដកពាក្យបណ្តឹងព្រហ្មទណ្ឌរបស់ខ្លួនប្រឆាំងនឹងទីភ្នាក់ងារព័ត៌មាន Reuters បន្ទាប់ពីត្រូវបានស្នើសុំឲ្យធ្វើដូច្នេះដោយក្រុមប្រឹក្សាសារព័ត៌មានមីយ៉ាន់ម៉ាដើម្បីផលប្រយោជន៍នៃទំនាក់ទំនងល្អ ជាមួយបណ្តាញព័ត៌មាន ។
ប៉ូលិសបាននិយាយកាលពីសប្តាហ៍មុនថា ពួកយោធាបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងទីភ្នាក់ងារព័ត៌មាន Reuters និងអ្នកតាក់តែងច្បាប់ក្នុងមូលដ្ឋានម្នាក់ពីការបង្ខូចកេរ្តិ៍ឈ្មោះ ជាច្រើនសប្តាហ៍បន្ទាប់ពីជំទាស់ប្រឆាំងនឹងអត្ថបទព័ត៌មានអំពីស្រ្តីជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម២នាក់ដែលបានស្លាប់ដោយសារការបាញ់ផ្តក់នៅក្នុងរដ្ឋ Rakhine ។
លោក Zaw Min Tun អ្នកនាំពាក្យយោធា បាននិយាយតាមទូរស័ព្ទថា «យើង បានដកពាក្យបណ្តឹងនេះ ពីព្រោះតែ ការសម្រុះសម្រួលនិងការស្នើសុំពីក្រុមប្រឹក្សាបណ្តាញព័ត៌មានមីយ៉ាន់ម៉ា។យើង ទទួលស្គាល់ពីតួនាទីរបស់បណ្តាញព័ត៌មាននៅក្នុងប្រព័ន្ធប្រជាធិបតេយ្យតាបែបពហុបក្សនេះ» ។
ប៉ូលិសនៅក្នុងរដ្ឋ Rakhine ជាទីកន្លែងដែលរឿងក្តីនោះបានកើតឡើង មិនបានធ្វើការបញ្ជាក់ពីការដកពាក្យបណ្តឹងនេះទេ ។
ក្រុមប្រឹក្សាសារព័ត៌មានដែលវិនិច្ឆ័យជម្លោះរវាងពួកអាជ្ញាធរនិងបណ្តាញព័ត៌មាន បានប្រាប់ឲ្យដឹងថា កងទ័ពបានដកពាក្យបណ្តឹងប្រឆាំងនឹងទីភ្នាក់ងារព័ត៌មាន Reuters ដែលបានធ្វើកាលពីឆ្នាំទៅប្រឆាំងនឹងបណ្ណាធិការ Website ព័ត៌មានក្នុងស្រុកឈ្មោះថា Irrawaddy ។
ក្រុមប្រឹក្សារព័ត៌មាននោះ បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅថ្ងៃអនាគត ប្រសិនបើ មានបញ្ហាអ្វីដែលមិនពេញចិត្ត យើងស្នើឲ្យអង្គការនានាបញ្ជូនពាក្យបណ្តឹង របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសារព័ត៌មានសិន មុនធ្វើការប្តឹងផ្តល់»។
អ្នកនាំពាក្យទីភ្នាក់ងារព័ត៌មាន Reuters បានប្រាប់ឲ្យដឹងថា «យើងស្វាគមន៍សេចក្តីសម្រេចអំពីបញ្ហានេះតាមរយ:ក្រុមប្រឹក្សាសារព័ត៌មាន។ទីភ្នាក់ងារត័ត៌មាន Reuters នឹងបន្តរាយការណ៍ នឹងបន្តរាយការណ៍ពីប្រទេសមីយ៉ាន់ម៉ាក្នុងរបៀបត្រឹមត្រូវនិងប្រកបដោយការទទួលខុសត្រូវដូចដែលយើងបានធ្វើនៅជុំវិញពិភពលោក។
រឿងក្តីប្រឆាំងនឹងទីភ្នាក់ព័ត៌មាន Reuter កើតមានឡើងបន្ទាប់ពីទាហានបានប្តឹងផ្តល់អំពីអត្ថបទដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែមករាដែលអ្នកតុបតែងច្បាប់ម្នាក់ត្រូវបានទីភ្នាក់ងារព័ត៌មានដកស្រង់សម្តីយកមកចុះផ្សាយថា ការបាញ់ផ្តក់ដោយកាំភ្លើងធំរបស់ពួកយោធាបានបណ្តាលឲ្យស្លាប់ស្រ្តីជនជាតិភាគតិចរ៉ូហ៊ីយ៉ា២នាក់ ៕