ក្រុមហាម៉ាស់និងអ៊ីស្រាអែលបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំង«មួយចំនួន»ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនេះជាងមួយឆ្នាំ។ នេះបើយោងតាមក្រុមអ្នកសម្របសម្រួលនិងក្រុមមន្ត្រីអាមេរិកបានថ្លែងកាលពីថ្ងៃពុធ។
នៅរដ្ឋធានីវ៉ាស៊ីនតោន សមាជិកព្រឹទ្ធសភាលោក Jim Risch ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាបានប្រកាសព័ត៌មាននេះនៅក្នុងកណ្តាលសវនាការតែងតាំងសមាជិកព្រឹទ្ធសភាលោក Marco Rubio ដែលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ជ្រើសរើសជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោក Risch ដែលបានផ្តល់ដំណឹងនេះ ក៏ជំរុញឱ្យមានការប្រុងប្រយ័ត្នផងដែរ។
លោកបានថ្លែងថា៖ «ទោះជាយ៉ាងនេះក្តី មុននឹងយើងអបអរ យើងទាំងអស់គ្នាចង់ឃើញថាតើបទឈប់បាញ់នេះនឹងអនុវត្តដោយរបៀបណា»។
ដំណឹងនេះត្រូវបានសាទរដោយគណបក្សទាំងពីរ ដែលសមាជិកព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Connecticut លោក Chris Murphy បានឆ្លើយតបទៅកាន់លោក Risch ថា«នេះគឺជាដំណឹងល្អមួយ»។
មូលដ្ឋាននៃសំណើបទឈប់បាញ់នេះនឹងមានជាច្រើនដំណាក់កាល ហើយមន្ត្រីអាមេរិក៣នាក់បានបញ្ជាក់ទៅកាន់សារព័ត៌មាន the Associated Press ថា ចំណាប់ខ្មាំង«មួយចំនួន»នឹងត្រូវដោះលែងឱ្យមានសេរីភាព៕
វេទិកាបញ្ចេញមតិ