ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការសហប្រជាជាតិ​ប្រកាស​រក​ជំនួយ ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស


ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​រង់ចាំ​នៅ​ក្នុង​តំបន់​មួយ​បន្ទាប់​ពី​មាន​ការ​ក្រឡាប់​ទូក​មួយ​នៅ​ក្នុង​ស្រុក Teknaf កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់​ជំនួយ ចំនួន ៨៧៧ លាន​ដុល្លារ ដែល​​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​នានា​កំពុង​ស្នើ​សុំ នឹង​ត្រូវ​ផ្ដល់​​​ទៅ​លើ​សេវាកម្ម​សំខាន់ៗ​​រួម​មាន​ស្បៀង​អាហារ ទី​ជម្រក​ ទឹក​ស្អាត និង​អនាម័យ​ជា​ដើម។

ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន ​កំពុង​ស្នើ​សុំ​ជំនួយ​ជា​បន្ទាន់​ចំនួន​ ៨៧៧ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន ៨៥ម៉ឺន ៥ពាន់ នាក់ ដែល​ពួក​គេ​ភាគ​ច្រើន​រត់​គេច​ពី​អំពើ​ហិង្សា​ និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា កាល​ពី​បី​ឆ្នាំ​មុន ហើយ​ប្រជាជន​បង់ក្លាដែស​ដែល​ងាយ​រង​គ្រោះជាង ៤៤ម៉ឺន ៤​ពាន់​នាក់​ ជា​អ្នក​ផ្ដល់​ទី​ជម្រក​ដល់ជន​ភៀស​ខ្លួន​ទាំង​នោះ។

ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់​ជំនួយ ចំនួន ៨៧៧ លាន​ដុល្លារ ដែលទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​នានា​កំពុង​ស្នើ​សុំ នឹង​ត្រូវ​ផ្ដល់​ទៅ​លើ​សេវាកម្ម​សំខាន់ៗរួម​មាន​ស្បៀង​អាហារ ទី​ជម្រក​ ទឹក​ស្អាត និង​អនាម័យ​ជា​ដើម។ ហើយ​ទឹក​ប្រាក់​ដែល​នៅ​សល់​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ផ្នែក​សុខាភិបាល សន្តិសុខ អប់រំ ការ​គ្រប់​គ្រង​ ថាមពល និង​តម្រូវ​ការ​បរិស្ថាន។​

លោក Shahriar Alam នៃ​ក្រសួង​ការ​បរទេស​របស់​បង់ក្លាដែស​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ស្វាគមន៍​ជន​ភៀស​ខ្លួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​ពេល​ពួក​គេ​ត្រូវ​ការ​ជំនួយ​បំផុត។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថាវត្ត​មាន​របស់​ពួក​គេក៏​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើនផងដែរ ហើយ​ដំណោះ​ស្រាយ​នៃ​វិបត្តិ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា គឺ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ នៅ​ពេល​ដែល​អាចទៅ​រួច។

ទោះជាយ៉ាង​ណា​ក៏​ដោយ លោក​បាន​បន្ថែម​ថា ​ការណ៍​នេះ​ទំនង​ជា​មិនអាច​កើត​ឡើង​នោះ​ទេ បើ​សិន​ជា​គ្មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លាពី​សហគមន៍​អន្តរជាតិ។​

លោក ALAM បាន​ថ្លែង​ថា​៖

« យើង​រំពឹង​ថា​ បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​នឹង​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​ឲ្យបាន​ច្រើនជាងមុន ក៏​ដូច​ជា​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ឲ្យ​ទទួល​យក​ពល​រដ្ឋ​របស់​ពួក​គេ​ត្រឡប់​ទៅ​វិញ​ នៅ​ក្នុង​លក្ខខណ្ឌ​ជា​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ដែល​មាន​សុវត្ថិភាព ដោយ​ការ​ស្ម័គ្រ​ចិត្ត​ និង​សេចក្ដី​ថ្ងៃ​ថ្នូរ»។

លោក Filippo Grandi ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​យល់​ស្រប​ថា ប្រទេស​បង់ក្លាដែស​សម​នឹង​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ការ​ផ្ដល់​ជម្រក​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ជិត​មួយ​លាន​នាក់។ លោក​សោក​ស្ដាយ​ចំពោះ​ការ​យក​ចិត្ត​ទុក​លក្ខណៈ​អំពិលអំពែកពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សហគមន៍​អន្តរជាតិ ដែល​ផ្លាស់​ប្ដូរ​ចំណាប់​អារម្មណ៍​ពី​វិបត្តិ​មួយ​ ទៅ​វិបត្តិមួយ​ទៀត​លឿន​ពេក។

លោក​បាន​និយាយ​ថា ជា​លទ្ធផល វិបត្តិជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ត្រូវ​បាន​គេ​បំភ្លេច​ចោល​មួយ​ភាគ​ធំ។ លោក​ Grandi យល់​ស្រប​ជា​មួយ​រដ្ឋាភិបាល​បង់ក្លាដែស​ថា ដំណោះ​ស្រាយ​បញ្ហា​នេះ មាន​តែ​ប្រទេស​មីយ៉ាន់ម៉ា​ទេ ទើប​អាច​ដោះ​ស្រាយ​បាន។

លោក Grandi បាន​និយាយ​ថា៖ «បញ្ហា​គឺ​នៅ​ត្រង់​ថា រឿង​ដែល​ត្រូវ​ធ្វើ​នៅ​ទៅ​នោះ​ដើម្បី បង្កើត​លក្ខខណ្ឌ​សម្រាប់​ជន​ភៀស​ខ្លួនត្រឡប់​ពី​ប្រទេស​បង់ក្លាដែស​ មក​មីយ៉ាន់ម៉ា​វិញ ដូចជា​ការ​ផ្ដល់​សេរីភាព​ធ្វើដំណើរ និង​ការ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​វិល​ត្រឡប់​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​រដ្ឋ Rakhine​ វិញ មាន​ភាព​យឺត​យ៉ាវ​ខ្លាំង​ពេក ឬ​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ»។

លោក Grandi និយាយ​ថា អ្នក​ដែល​ត្រឡប់​មក​វិញ គួរ​តែ​មាន​សិទ្ធិ​ទទួល​បាន​ផ្ទះ​សម្បែង​ដី​ធ្លី និង​សិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ ក៏​ដូច​ជា​ទទួល​បាន​ការ​អប់​រំ និង​បណ្ដុះ​បណ្ដាល​ដែល​ពួក​គេ​ត្រូវ​ការ​ ដើម្បី​ទទួល​បាន​ការ​ងារ​ធ្វើ។ ប៉ុន្តែ​លោក​បន្ថែម​ថា ជំហាន​ដែល​មាន​សារៈសំខាន់​បំផុត​នោះ​គឺ ការ​បើកផ្លូវ​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ។

ពលរដ្ឋ​រ៉ូហ៊ីងយ៉ា ដែល​បាន​រស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ាច្រើន​ជំនាន់​មក​ហើយ ត្រូវ​បាន​គេ​ដក​ហូត​យក​សញ្ជាតិ​វិញ​កាល​ពី​ឆ្នាំ​ ១៩៨២៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG